លោក សុខ ទូច ស្នើ​សុំ​ផែនទី​ពី​លោក អ៊ុំ សំអាន មក​ផ្ទៀងផ្ទាត់

ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច កាល​ពី​ថ្ងៃ​ទី​២៧ សីហា ផ្ញើ​លិខិត​ជូន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ខ្ចី​ផែនទី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​ក្រុម​ស្រាវជ្រាវ​ទទួល​បាន​ពី​ភាគី​នានា។

ការ​ស្នើ​សុំ​របស់​លោក​បណ្ឌិត សុខ ទូច ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោក អ៊ុំ សំអាន បាន​សរសេរ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ពី​សហរដ្ឋអាមេរិក​ថា លោក​បាន​រក​ឃើញ​ផែនទី​បោន (Bonnes) ខ្នាត ១/១០០.០០០ ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី ឌីជីថល (Digital) និង​ផែនទី​ក្រដាសពី​បណ្ណាល័យ​សភា​សហរដ្ឋ​អាមេរិក។

​លោក អ៊ុំ សំអាន បញ្ជាក់​ដែរ​ថា គឺ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ចំនួន ២៦​ផ្ទាំង​នេះ​ហើយ ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​កាល​ពី​ឆ្នាំ​១៩៦៤ ព្រះអង្គ​បាន​យក​ទៅ​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក និង​អន្តរជាតិ​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​ប្រទេស​កម្ពុជា។ លោក អ៊ុំ សំអាន បញ្ជាក់​បន្ថែម​ថា ផែនទី​ដែល​លោក​រក​ឃើញ​នោះ គឺ​មិន​មាន​ត្រា និង​ហត្ថលេខា​ពីលើ​ដូច​ផែនទី​របស់​រដ្ឋាភិបាល​ឡើយ។

​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្លួន​ទទួល​បាន​ពី​ភាគី​នានា​រួច​ហើយ ក្នុង​នោះ​រួមមាន​ផែនទី​របស់​រដ្ឋាភិបាល​ចំនួន ២៦​ផ្ទាំង ផែនទី​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៤​ផ្ទាំង ផែនទី​ពី​បណ្ណាល័យ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចំនួន ២៦​ផ្ទាំង ផែនទី​ពី​អង្គការសហប្រជាជាតិ ចំនួន ១៨​ផ្ទាំង និង​ផែនទី​ពី​បណ្ណាល័យ​វិទ្យាស្ថាន​ភូមិសាស្ត្រ​ជាតិ​បារាំង ចំនួន ២៦​ផ្ទាំង។ ក្រោយ​ការ​ផ្ទៀងផ្ទាត់​ក្រុម​ស្រាវជ្រាវ​អះអាង​ថា ផែនទី​ទាំង​អស់​គឺ​សុទ្ធតែ​ដូចគ្នា​ទៅ​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។