ប្រតិកម្មរបស់លោក សុខ ទូច នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបើកសម្ពោធភូមិកុមារ អេស.អូ.អេស (SOS) កាលពីថ្ងៃទី១៨ ខែមករា នៅខេត្តក្រចេះ ថា កម្ពុជានៅមិនទាន់ដល់ពេលពឹងពាក់បរទេសជួយធ្វើជាអាជ្ញាកណ្ដាលដោះស្រាយជម្លោះនយោបាយទេ។
លោក សុខ ទូច បញ្ជាក់ហេតុផលថា ដោយសារប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញត្រឹមត្រូវ មិនដូចសភាពការណ៍កាលពីឆ្នាំ១៩៩១ អាស្រ័យហេតុនេះ កម្ពុជានៅពុំទាន់ត្រូវការកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិនៅឡើយទេ៖ «ស្ដេចលោកអត់មានសិទ្ធិដោះស្រាយទេ ព្រះអង្គជាអាជ្ញាកណ្ដាលដើម្បីឲ្យកូនចៅដោះស្រាយទំនាស់ ចំណុចទី១។ ចំណុចទី២ សូមឲ្យអ្នកនយោបាយប្រើប្រាស់រដ្ឋធម្មនុញ្ញជាគោល ដើម្បីដោះស្រាយជម្លោះនោះវាចប់ទៅហើយ ព្រោះបើសិនជាស្រុកខ្មែរមិនមានរដ្ឋធម្មនុញ្ញទេ យើងប្រើប្រាស់បរទេសដូចកាលពីឆ្នាំ១៩៩១។ ប៉ុន្តែបើសិនជាអ្នកនយោបាយអស់លទ្ធភាព បាត់បង់ជំនឿលើគ្នាហើយ ហ្នឹងយើងប្រើប្រាស់តួនាទីអង្គការសហប្រជាជាតិ តែដំណាក់កាលនេះ នៅទេ នេះតាមការគិតរបស់ខ្ញុំទេ»។
បញ្ហាជាប់គាំងនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតជាតិអាណត្តិទី៥ កាលពីចុងខែកក្កដា ឆ្នាំ២០១៣ បានអូសបន្លាយរហូតមកដល់ពេលនេះ ដោយសារគណបក្សសង្គ្រោះជាតិ ទាមទារឲ្យបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងរៀបចំការបោះឆ្នោតឡើងវិញ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មិនព្រមជាដាច់ខាត។
មេដឹកនាំគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏បានជួបចរចាគ្នាជាច្រើនលើកច្រើនសារួចមកហើយ តែនៅពុំទាន់រកដំណោះស្រាយចេញ។ គណបក្សសង្គ្រោះជាតិ ក៏បានធ្វើមហាបាតុកម្មទាមទារជាបន្តបន្ទាប់ រហូតដល់មានការបង្ក្រាប និងបំបែកពីសំណាក់អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាល កាលពីដើមខែមករា ឆ្នាំ២០១៤ កន្លងមកនេះ។
ចំពោះសំណួរដែលថា តើបញ្ហាមិនចុះសម្រុងគ្នារវាងគណបក្សទាំងពីរនេះ កម្ពុជាគួរសុំកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ជាពិសេស គឺអង្គការសហប្រជាជាតិ ឲ្យជួយដោះស្រាយបញ្ហាជាប់គាំងនយោបាយដែរឬទេ?
លោកបណ្ឌិត សុខ ទូច បានអះអាងថា មេដឹកនាំគណបក្សទាំងពីរត្រូវប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការជួបចរចាគ្នាឡើងវិញស្វែងរកដំណោះស្រាយ ហើយបើដោះស្រាយមិនចេញទេ ជម្រើសចុងក្រោយគឺស្នើសុំទៅអង្គការសហប្រជាជាតិ៖ «យើងពិបាកណាស់ឥឡូវនេះ ខ្ញុំគ្រាន់តែជម្រាបជូនទេ បើត្រូវការអង្គការសហប្រជាជាតិវិញ ខ្ញុំបានឲ្យចំណុចមួយ ថាជម្រើសចុងក្រោយ បើគ្មានលទ្ធភាពទេ ទាល់បញ្ញា យើងអញ្ជើញអង្គការសហប្រជាជាតិ ដោយមានការស្នើសុំពីគណបក្សទាំងពីរ។ វាពិបាកអ៊ីចេះ ពិបាកត្រង់ថា អ្នកជំងឺចង់ជា តែពុំព្រមលេបថ្នាំ ហើយក៏មិនរកថ្នាំដែរ។ អ៊ីចឹងយើងព្យាបាលយ៉ាងម៉េច បើអ្នកជំងឺមិនត្រូវការថ្នាំ ហ្នឹងហើយជាបញ្ហាធំ...»។
ស្ថានការណ៍នយោបាយតានតឹងបច្ចុប្បន្ននៅកម្ពុជា ទាំងមន្ត្រីសង្គមស៊ីវិល អ្នកនយោបាយ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករជាដើម ចង់ឲ្យមានកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។ ប៉ុន្តែរហូតមកដល់ពេលនេះ ព្រះអង្គនៅពុំទាន់ធ្វើព្រះរាជអន្តរាគមន៍នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
