ពលរដ្ឋ​មួយ​ចំនួន​នៅ​កំពង់ឆ្នាំង​មិន​ពេញ​ចិត្ត​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ឯក​បក្ស

សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​សម្ដែង​ការ​ខក​ចិត្ត និង​មិន​ឲ្យ​តម្លៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដោយសារ​តែ​ពួក​គាត់​យល់​ថា ការ​បើក​សម័យ​ប្រជុំ​សភា​ដំបូង ដំណើរ​ការ​សម័យ​ប្រជុំ​សភា​លើក​ទី១ និង​ការ​បោះ​ឆ្នោត​កញ្ចប់​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដោយ​ឯក​បក្ស​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

0:00 / 0:00

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន រស់​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​កញ្ញា ថា ស្ថានភាព​សិទ្ធិ​មនុស្ស សេដ្ឋកិច្ច និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា អាច​នឹង​មាន​ការ​រង្គោះរង្គើ​ខ្លាំង ប្រសិន​បើ​អ្នក​នយោបាយ​នៅ​តែ​មិន​ចុះ​សម្រុង​គ្នា ឬ​នៅ​តែ​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល ដោយ​ពុំ​មាន​ការ​ចូល​រួម​ពី​ខាង​គណបក្ស​ប្រឆាំង។

នាយិកា​សមាគម​សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ (AEC) អ្នកស្រី ស សាត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​អាច​នឹង​មាន​ការ​ងើប​ឡើង​តវ៉ា​ចំពោះ​ការ​បង្កើត​សភា និង​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​មិន​បាន​បម្រើ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពួក​គាត់។ អ្នកស្រី​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ ដូច​ជា​ប៉ូលិស ប៉េអិម និង​ទាហាន មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ឡើយ ប្រសិន​មាន​ការ​បញ្ចេញ​មតិ ឬ​ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ​របស់​ពួក​គាត់​នោះ៖ «សេដ្ឋកិច្ច​វិញ​កុំ​ថា​ឡើយ​ទៅ​មុខ​ទៀត គ្រាន់​តែ​បច្ចុប្បន្ន ឥឡូវ​ហ្នឹង​ក៏​ធ្លាក់​ចុះ​ហើយ​ដែរ ដោយសារ​អី? ដោយសារ​ជាប់​គាំង​ខាង​ផ្នែក​នយោបាយ ហើយ​រាស្ដ្រ​គាត់​ដឹង គាត់​ដឹង​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ ហើយ​មិន​ពេញ​ចិត្ត​របស់​គាត់ គឺ​គាត់​មិន​អាច​ទទួល​យក​បាន​ទេ»

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ចមុនី មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​កិច្ច​ប្រជុំ​សភា និង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ពុំ​មាន​វត្តមាន​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា ការ​អនុវត្ត​បែប​នេះ អាច​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល និង​អាច​មាន​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ទៀត​ផង៖ «ពេល​នោះ​ឯង មាន​អ្នក​ដែល​តវ៉ា​គាត់​តវ៉ា​ឡើង ហើយ​ដែល​បាន​ទទួល​ថា​គឺ​ជា​រដ្ឋាភិបាល ៥០ បូក ១ ហ្នឹង គាត់​អនុវត្ត​ច្បាប់​ទៅ​មាន​ការ​បង្ក្រាប​មាន​អី​ហ្នឹង វា​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​រំលោភ​សិទ្ធិ​មនុស្ស»

លោក​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​ដែល​មាន​ការ​ជាប់​គាំង ឬ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ខាង​ផ្នែក​នយោបាយ អ្នក​នយោបាយ​ខ្មែរ​គួរ​តែ​ងាក​មក​ជជែក​គ្នា​រឿង​នយោបាយ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​សិន មុន​នឹង​អនុវត្ត​ច្បាប់ ដើម្បី​បង្កើត​រដ្ឋសភា ឬ​រដ្ឋាភិបាល​អាណត្តិ​ថ្មី។

ចំណែក​ឯ​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​កំពង់ឆ្នាំង លោក ជួន ថាច មាន​ប្រសាសន៍​ថា លោក​មិន​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ចំពោះ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​ឯក​បក្ស​នោះ​ទេ។ ដូច្នេះ លោក​ស្នើ​សុំ​ដល់​អ្នក​នយោបាយ​ទាំងអស់ ងាក​មក​ចរចា​គ្នា​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច និង​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង៖ «លុះ​ណា​តែ​អ្វីៗ​វា​ស្រប​នឹង​ច្បាប់ អា​ហ្នឹង​បាន​ខ្ញុំ​ទទួល​ស្គាល់។ សហគមន៍​អន្តរជាតិ​នឹង​ដាក់​គំនាប​សេដ្ឋកិច្ច ការ​ផ្ដាច់​ជំនួយ​មក​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ហើយ​និង​ការ​កម្ចី​ប្រាក់​ពី​បរទេស​អី គឺ​យើង​មិន​អាច​ឲ្យ​យើង​ខ្ចី​បុល​ត​ទៅ​ទៀត​ទេ។ សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​ខ្លាំង​មែន​មែន​ទែន ដើរ​ថយ​ក្រោយ​មហិមា​ហើយ»

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​មាន​ការ​ងើប​ឡើង​តវ៉ា ក៏ប៉ុន្តែ​ប្រសិន​បើ​ពុំ​មាន​ការ​គាំទ្រ ឬ​ធ្វើ​ឲ្យ​មាន​ចរន្ត​នយោបាយ​ពី​អ្នក​នយោបាយ​ខាង​លើ​ទេ​នោះ ប្រជាពលរដ្ឋ​ខិតខំ​យ៉ាង​ណា​ក៏​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ៖ «ច្រក​ល្អ​ស្ថាប័ន​សភា​ឲ្យ​នៅ​ក្នុង​ដៃ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ច្រើន​បន្តិច​ទៅ ដើម្បី​ឲ្យ​ត្រួត​ពិនិត្យ​នៅ​ក្នុង​ស្ថាប័ន​អង្គ​នីតិ​ប្រតិបត្តិ»

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចំនួន ៦៨​រូប បាន​ចូល​ប្រជុំ​សភា​លើក​ដំបូង​ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​ពុំ​មាន​វត្តមាន​របស់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥​រូប ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។

តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា ដោយ​យល់​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ទោះ​ជា​យ៉ាង​ណា សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨​រូប នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នៅ​តែ​ជម្នះ​បើក​ប្រជុំ​សភា និង​បាន​បោះ​ឆ្នោត​កញ្ចប់​ជ្រើស​តាំង លោក ហេង សំរិន ជា​ប្រធាន​សភា និង​ជ្រើស​តាំង លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៥ នេះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។