ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន អះអាងស្រដៀងគ្នាថា មានភាពមិនប្រក្រតីក្នុងបញ្ជីបច្ចុប្បន្នភាព ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជូនមកឲ្យបិទផ្សាយនៅខេត្តតាកែវ។
ជំទប់ទី១ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោក ហេង អេងឡុង ឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ថា គាត់ស្រង់ឈ្មោះពីបញ្ជីបច្ចុប្បន្នភាពនៅការិយាល័យបោះឆ្នោតលេខ ០០៤៨ រកឃើញថា ឈ្មោះក្នុងបញ្ជីនោះមិនមានលុបចេញនូវឈ្មោះអ្នកបានស្លាប់យូរឆ្នាំ អ្នកចំណាកស្រុក និងឈ្មោះស្ទួនទេ។
ប្រជាពលរដ្ឋឈ្មោះ ណុប សេង ឲ្យដឹងថា ឈ្មោះបាត់ពីបញ្ជីបច្ចុប្បន្នភាព តែអ្នកនៅរស់ ដូចជា កូនប្រសាគាត់ឈ្មោះ ឃឹម គា ពីមុននៅភូមិត្រពាំងក្រញូង ហើយបានរៀបការជាមួយកូនស្រីគាត់។ លោកថា ឈ្មោះ ឃឹម គា ជាកូនប្រសាគាត់ មិនបានសុំផ្ទេរឈ្មោះបោះឆ្នោតពីឃុំចាស់ទេ តែបានប្ដូរកន្លែងរស់នៅមកនៅជាមួយគាត់ក្នុងឃុំនេះមែន។ ប៉ុន្តែ នៅពេលទៅមើលឈ្មោះ បានបាត់ឈ្មោះពីបញ្ជីបោះឆ្នោតបច្ចុប្បន្នភាព ទាំងនៅឃុំចាស់ និងនៅឃុំថ្មីនេះ។
ជំទប់ទី២ ឃុំចំបក់ លោក ឃុត គួន ថ្លែងថា បញ្ជីបច្ចុប្បន្នភាពបិទផ្សាយនៅការិយាល័យបោះឆ្នោតនានាក្នុងឃុំនោះ នៅមានឈ្មោះអ្នកស្លាប់យូរឆ្នាំ ៦២នាក់ អ្នកចំណាកស្រុកទៅក្រៅប្រទេស និងក្នុងប្រទេសមាន ៥១នាក់ និងឈ្មោះស្ទួន ២៤នាក់ ដែលមិនទាន់លុបពីបញ្ជីឈ្មោះបច្ចុប្បន្នភាព។
មេឃុំចំបក់ លោក ចាន់ យ៉ែម ថ្លែងថា ការលុបឈ្មោះពីបញ្ជី កាលពីឆ្នាំ២០១២ គឺលុបតែអ្នកស្លាប់ អ្នកចំណាកស្រុក និងឈ្មោះស្ទួន។ ប៉ុន្តែ អាជ្ញាធរមានសិទ្ធិលុបបាន លុះត្រាតែជនចំណាកស្រុកមកសុំប្ដូរលំនៅ។ ឯអ្នកស្លាប់ ទាល់តែមានក្រដាសមរណភាព។ ចំណែកឈ្មោះស្ទួនវិញ ទាល់តែមានការសម្រេចគ្រប់គ្នា ថាត្រូវលុប ទើបហ៊ានលុប ព្រោះខ្លាចប៉ះពាល់ឈ្មោះស្រដៀងគ្នា តែភេទខុសគ្នាជាដើម។
អនុប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តតាកែវ លោក គឹម ប៊ុនណាង ឲ្យដឹងថា ក្នុងខេត្តតាកែវ ឈ្មោះលុបពីបញ្ជីបោះឆ្នោតចាស់មាន ២៩.២២១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
