អ្នក​នយោបាយ​មួយ​ចំនួន​យល់​ព្រម​បង្ហាញ​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​តាម​អ៊ីនធឺណិត

ដោយ ប្រាជ្ញ ចេវ
2017.03.29
សួន សេរីរដ្ឋា សិក្ខាសាលា ៨៥៥ អ្នក​នយោបាយ​សិក្ខាសាលា​ស្ដីពី​ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​មួយ ធ្វើ​សិក្ខាសាលា​ជំរុញ​ឲ្យ​អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។ សិក្ខាសាលា​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៥០​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ក៏​មាន​អ្នក​នយោបាយ ៥​រូប មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ស្ម័គ្រ​ចិត្ត​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ផង​ដែរ។

អ្នក​នយោបាយ​ដែល​បាន​បង្ហាញ​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត រួម​មាន សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា អតីត​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ម៉ែន ឆេង និង​យុវជន​សកម្ម​កិច្ចការ​នយោបាយ​ដែល​និយាយ​ខ្លួន​ឯង​ថា ជា​អនាគត​នាយករដ្ឋមន្ត្រី​លោក ប៊ិន យ៉ាន។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា និយាយ​នៅ​ក្នុង​សិក្ខាសាលា​នោះ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​សម្អាត​ពី​ថ្នាក់​លើ​មក​ក្រោម។ ក្នុង​ពេល​នោះ​ដែរ លោក​ក៏​ថ្លែង​រិះគន់​ស្ថាប័ន​កាកបាទ​ក្រហម​ដែល​គ្រប់គ្រង​ដោយ​ភរិយា​របស់​លោក ហ៊ុន សែន៖ «គឺ​ក្រុម​ជំទាវៗ​នៅ​ក្នុង​កាកបាទ​ក្រហម​កម្ពុជា តែម្ដង អ៊ីចឹង​បាន​ខ្ញុំ​ថា បើ​គណបក្ស​អំណាច​ខ្មែរ​ឈ្នះ​ឆ្នោត​នឹង​រំលាយ​កាកបាទក្រហម​ចោល ព្រោះ​កាកបាទ​ក្រហម​នេះ គឺ​ក្រុម​ដែល​ដឹកនាំ​ដោយ​ជំទាវ គ្រាន់តែ​រៀបចំ​កម្មវិធី​មើល​សម្លៀក​បំពាក់ មើល​គ្រឿង​អលង្ការ​ចុះ ហើយ​បើ​ម្នាក់ៗ​ចំណាយ​បែប​ហ្នឹង​ទៅ​ធ្វើ​កាកបាទក្រហម​ម៉េច​បាន​បង​ប្អូន»

ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​ចុះ​ឈ្មោះ​បង្ហាញ​ទ្រព្យសម្បត្តិ​ជា​សាធារណៈ សមាជិក​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា លើក​ឡើង​ថា អ្នក​នយោបាយ​បើ​មិន​ហ៊ាន​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​មិន​គួរ​ធ្វើ​នយោបាយ​ទេ។ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ឡើយ​ទេ។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលរុណ មិន​ទាន់​ឆ្លើយ​បំភ្លឺ​ករណី​បង្ហាញ​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បែរ​ចោទ​សួរ​ថា តើ​អង្គការ​សង្គម​ស៊ីវិល​នេះ ទទួល​បាន​ថវិកា​មក​ពី​ណា​ដើម្បី​ធ្វើ​សកម្មភាព​ការងារ៖ «មាន​ភាព​ក្លាហាន​ហ៊ាន​បង្ហាញ​លុយ​ខ្លួន​ឯង​មក​ពី​ប្រទេស​ណា​ឲ្យ​ទេ»

តាម​របាយការណ៍​របស់​អង្គការ​គណនេយ្យភាព​កម្ពុជា មាន​អ្នក​នយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជាង ៤០​រូប បាន​ប្រកាស​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

​ប្រធាន​អង្គការ​គណនេយ្យភាព​កម្ពុជា លោក គុយ មាសសំណាង មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​សង្គម​ស្អាតស្អំ អ្នក​ធ្វើ​ការងារ​សង្គម សិស្ស​និស្សិត រហូត​ដល់​អ្នក​នយោបាយ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឲ្យ​សាធារណជន​បាន​ដឹង។ លោក​ឲ្យ​ដឹង​ថា អ្នក​ដែល​ចង់​ប្រកាស​ទ្រព្យសម្បត្តិ​អាច​ធ្វើ​បាន​តាម​ពីរ​ទម្រង់ គឺ​អ្នក​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​ឯកសារ​នោះ​យក​ទៅ​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត និង​ការ​បំពេញ​បែបបទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មាន​អាសយដ្ឋាន www.accountabilityinternational.org.au«ខ្ញុំ​ចាប់​ផ្ដើម​ពី​ក្រោម​ទៅ​វិញ ពី​ប្រធាន​អង្គការ សិស្ស និស្សិត អ្នក​នយោបាយ​តូចៗ ដែល​គាត់​គិត​ថា ចង់​ឲ្យ​សង្គម​យើង​ផ្លាស់ប្ដូរ​ស្អាតស្អំ»

របាយការណ៍​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​សម្រាប់​ឆ្នាំ​២០១៦ ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៧ របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​នៅ​លើ​ពិភពលោក។ របាយការណ៍​ដដែល​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥៦ ក្នុង​ចំណោម​ប្រទេស​១៧៦។ កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ នេះ រយៈពេល ៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ យ៉ាង​ណា​ក៏ដោយ​ចុះ របាយការណ៍​ដែល​បង្ហាញ​ពី​អំពើ​ពុករលួយ​នេះ មិន​ទទួល​បាន​ការ​ស្វាគមន៍ ឬ​ទទួល​ស្គាល់​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ម្ដង​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។