កងកម្លាំងចម្រុះដែលប្រដាប់ដោយខែល និងដំបងឆក់ ត្រូវបានគេដាក់ពង្រាយនៅតាមដងវិថីសំខាន់ៗមួយចំនួន ជាពិសេសមហាវិថីព្រះនរោត្ដម។ មហាវិថីព្រះនរោត្ដម ត្រូវបានបិទ និងច្រកផ្លូវតូចៗដែលឆ្លងកាត់មហាវិថីព្រះនរោត្ដម ក៏ត្រូវបានហាមឃាត់មិនពលរដ្ឋធ្វើដំណើរឆ្លងកាត់ដែរ។
ស្ថានការណ៍ច្រកចូលរាជធានីភ្នំពេញ ចាប់តាំងពីព្រឹកព្រលឹមនៃថ្ងៃទី១៥ ខែកញ្ញា កម្លាំងអាជ្ញាធរនគរបាលចម្រុះដែលចូលរួមដោយកម្លាំងប្រជាការពាររាជធានីផង បានដាក់របាំងស្ទាក់ផ្លូវ ដើម្បីឆែកឆេរគ្រប់ច្រកចូលតាមផ្លូវជាតិធំៗ ដូចជាខាងច្រកផ្លូវជាតិលេខ១ មកពីខេត្តព្រៃវែង ស្វាយរៀង ផ្លូវជាតិលេខលេខ២ មកពីខេត្តកណ្ដាល តាកែវ រហូតដល់ផ្លូវជាតិលេខ៦ មកពីទិសខាងខេត្តកំពង់ចាម។
អាជ្ញាធរនៅកន្លែងឆែកឆេរមិនបានឃាត់អ្នកមកពីតាមខេត្តមិនឱ្យចូលរួមធ្វើបាតុកម្មនៅកណ្ដាលក្រុងភ្នំពេញទេ ក៏ប៉ុន្តែនគរបាលឆែកគ្រប់រថយន្តដឹកអ្នកដំណើរច្រើនៗ ដោយសួររកកាតគ្រី និងប័ណ្ណត្រួតពិនិត្យបច្ចេកទេសរថយន្ត ដែលហៅថា ឈៀក។
ស្ថានភាពឆែកឆេរខ្លាំង មានជាអាទិ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល គឺជាចំណុចតឹងតែងមួយ កាលពីពេលព្រឹក ដែលមានពលរដ្ឋជិត ១ពាន់នាក់ មកពីខេត្តកំពង់ស្ពឺ ត្រូវកកស្ទះ ដោយសារតែរថយន្តរបស់ពួកគាត់ខ្លះពុំមានដាក់លិខិតបញ្ជាក់មកជាមួយតាមការចង់បានរបស់នគរបាល។ ប៉ុន្តែការតឹងតែងនោះ បានធូរស្បើយវិញនៅម៉ោង ៨ និង ៣០នាទី ដោយសារតែក្រុមរថយន្តបាតុករនាំគ្នាសម្រុកចូលមកក្រុង។ នៅផ្លូវជាតិលេខ ៣ ក៏មានសេចក្ដីរាយការណ៍មកថា មានការរាំងស្ទះខ្លាំងនៅចំណុចវត្តស្លែងដែរ។
ដោយឡែក ផ្លូវជាតិលេខ៥ នៅចំណុចផ្សារត្រាច ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ក៏ត្រូវស្ទះផ្លូវដែរ ដោយសារតែការរបាំងឆែកឆេររថយន្តអ្នកមកចូលរួមធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញ។
ផ្លូវជាតិលេខ ៦ ចំណុចផ្លូវបំបែកឡើងមកស្ពានព្រែកព្នៅ ដែលជួនកាលយើងឃើញនគរបាល ឱ្យអ្នកដំណើរចុះដើរមួយរយៈ។ ផ្លូវជាតិ២ គឺមានរារាំងខ្លាំងនៅច្រកចូលតាមផ្លូវជើងឯកចូលមកតាមសង្កាត់ស្ទឹងមានជ័យ។ ផ្លូវជាតិលេខ ១ ក៏មានការរាំងស្ទះដែរ។
តាមការសង្កេតជាទូទៅ ការរាំងស្ទះនៅចំណុចឆែកឆេរ កើតមានតែនៅពេលព្រឹកព្រលឹម ហើយចាប់តាំងពីម៉ោង ៩ មក មិនសូវមានជាបញ្ហាទេ។
មិនត្រឹមតែផ្លូវគោកទេ ផ្លូវទឹកក៏មានបញ្ហាដែរ ជាពិសេស ទូកដរចម្លងអ្នកដំណើរសំខាន់មួយ ពីភ្នំពេញ ទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នៅត្រើយខាងកើយទន្លេមេគង្គ ក៏ត្រូវផ្អាកដំណើរការដែរ នៅថ្ងៃទី១៥ កញ្ញា។ បញ្ញានេះ ធ្វើអ្នកដំណើរដែលចង់ឆ្លងភ្នំពេញ ត្រូវអាក់ខាន ទាំងអ្នកចង់មកចូលរួមបាតុកម្ម និងទាំងអ្នកដឹកទំនិញកសិផលយកមកលក់នៅភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
