លោក សុន ឆ័យ ស្នើសុំ​ឯកសារ​សម្អិត​ស្ដីពី​ចំណូល​ចំណាយ​រដ្ឋបាល​ពី​ក្រសួង​សេដ្ឋកិច្ច

ដោយ អាន ស៊ីថាវ
2014.11.04
សុន ឆ័យ ៦១០ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith

គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា បាន​ស្នើសុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ និង​ភស្តុតាង​នានា​អំពី​ចំណូល​ចំណាយ​របស់​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​យក​ជា​មូលដ្ឋាន​យក​ទៅ​វាយ​តម្លៃ និង​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ នា​ពេល​ខាង​មុខ។

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ជា​សមាជិក​សភា និង​អនុប្រធាន​ក្នុង​គណៈកម្មការ​ជំនាញ ទារ​រក​ឯកសារ​នានា​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​រឿង​ថ្មី​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក។

បន្ទាប់​ពី​ទទួល​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ មិន​ដល់​មួយ​សប្ដាហ៍​ផង លោក សុន ឆ័យ អនុប្រធាន​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា បាន​សរសេរ​លិខិត​ជា​ផ្លូវ​ការ​មួយ​នា​ថ្ងៃ​ទី​៣ វិច្ឆិកា ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើសុំ​នូវ​ឯកសារ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​របាយការណ៍​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ ឯកសារ​លម្អិត​នៃ​ការ​រក​ចំណូល និង​ចំណាយ​តាម​ក្រសួង​មន្ទីរ សហគ្រាស​សាធារណៈ​របស់​រដ្ឋ ជាដើម។

ក្រៅ​ពី​របាយការណ៍​ទាំងអស់​នេះ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា បង្ហាញ​អំពី​កំណត់​ត្រា​ចំណូល និង​ចំណាយ​របស់​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០១៤។

តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថា យោង​តាម​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ រដ្ឋសភា​មិន​ទាន់​បាន​ទទួល​នូវ​ឯកសារ​ចាំបាច់​ដែល​តម្រូវ​ដោយ​ច្បាប់ ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ មាន​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ក្នុង​រយៈពេល ៩​ខែ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​ត្រួត​ពិនិត្យ និង​អនុវត្ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥។ លោក​បញ្ជាក់​ទៀត​ថា រយៈពេល​កន្លង​ទៅ គណៈកម្មការ​ជំនាញ​របស់​សភា​មិន​បាន​ទទួល​របាយការណ៍​លម្អិត​ស្ដីពី​ហិរញ្ញវត្ថុ​សាធារណៈ​ឡើយ៖ «សំឡេង»។

លោក សុន ឆ័យ បាន​អះអាង​ថា ច្បាប់​ថវិកា​ជាតិ​ដែល​បាន​រៀបចំ​កន្លង​ទៅ គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​ទៅ​ប្រើប្រាស់​មិន​មាន​គោលដៅ​ច្បាស់​លាស់ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ មិន​ដូច​ឆ្នាំ​មុនៗ​ឡើយ។

បន្ថែម​លើ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​បង្ហាញ​ឯកសារ​ចំណូល​ចំណាយ​ជាតិ គឺ​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​ប្រើប្រាស់​ថវិកា​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​កំណែ​ទម្រង់​លើ​វិស័យ​អាទិភាព​សំខាន់ៗ​នៅ​កម្ពុជា និង​ជំរុញ​អភិបាល​កិច្ច​ល្អ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​ឯកសារ​លម្អិត​ដូច​ដែល​រដ្ឋសភា​បាន​ធ្វើ​ឡើង​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ៖ «សំឡេង»។

លោក ព្រាប កុល មាន​ប្រសាសន៍​បន្ថែម​ថា ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ ត្រូវ​តែ​បង្កើន​លើ​វិស័យ​អប់រំ និង​សុខាភិបាល ដែល​ជា​វិស័យ​អាទិភាព​សំខាន់​ពីរ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ដោយ​កាត់​បន្ថយ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ។

ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ របស់​កម្ពុជា រដ្ឋសភា​គ្រោង​នឹង​អនុម័ត​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។