លោក សុន ឆ័យ ស្នើ​រដ្ឋសភា​ព្យួរ​ការងារ​អគ្គលេខាធិការ​រង​សភា​សង្ស័យ​ថា​ពុក​រលួយ

ដោយ វណ្ណ វិចារ
2014.10.22
សុន ឆ័យ ៦១០ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith

អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ស្នើ​ឲ្យ​អគ្គលេខាធិការ​រដ្ឋសភា ព្យួរ​ការងារ​អគ្គលេខាធិការ​រង​សភា​ម្នាក់ ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​មួយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ទៅ​កាន់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ដោយ​ស្នើ​ពិនិត្យ​បញ្ជី​បុគ្គលិក​សភា​ទាំងអស់ ព្រម​ទាំង​ពន្យល់​ពី​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ។

លិខិត​ផ្លូវ​ការ​របស់ លោក សុន ឆ័យ ផ្ញើ​ទៅ​កាន់ លោក ឡេង ប៉េងឡុង បាន​ចុច​ឈ្មោះ​ចំៗ​ទៅ​លើ​អគ្គលេខាធិការ​រង​រដ្ឋសភា​ឈ្មោះ មិត្ត ការ៉េន ដែល​មាន​សាច់ញាតិ​ជាច្រើន​នាក់​បំពេញ​ការងារ​នៅ​នាយកដ្ឋាន​ខ្លាញ់ៗ​នៃ​រដ្ឋសភា។

លោក មិត្ត ការ៉េន ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​កាន់​ការ​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​រដ្ឋសភា​អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ។ រយៈពេល​ដែល​លោក​កាន់​ការ​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​រដ្ឋសភា លោក​បាន​តែង​តាំង​កូនប្រសា​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ តែង​តាំង​កូនស្រី​ជា​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ តែង​តាំង​កូនប្រុស​បង្កើត​ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង តែង​តាំង​ក្មួយ​ស្រី​បង្កើត​ជា​ប្រធាន​ការិយាល័យ​សវនកម្ម មាន​ប្អូន​ថ្លៃ​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​មាន​កូនប្រសា​ជា​អនុប្រធាន​ការិយាល័យ​កាន់​ប្រាក់​បៀវត្ស​តំណាង​រាស្ត្រ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គ្រួសារ លោក មិត្ត ការ៉េន បាន​ក្តោប​ក្តាប់​ការ​ចាយ​វាយ និង​ត្រួត​ពិនិត្យ​ចំណាយ​ក្នុង​រដ្ឋសភា​ទាំង​មូល។ លោក​ថា នេះ​ជា​ប្រព័ន្ធ​ពុក​រលួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋសភា​កម្ពុជា រង​នូវ​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា លោក​កំពុង​រង់ចាំ​ចម្លើយ​តប​ពី​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ហើយ​លោក​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​សភា​ពេញ​អង្គ​ពេល​ប្រជុំ​អនុម័ត​ថវិកា​ជាតិ​នៅ​ឆ្នាំ​នេះ៖ «ទី​១​ខ្ញុំ​ស្នើ​ឲ្យ​មាន​វិធានការ ហើយ​អគ្គលេខាធិការ​គាត់​ធ្វើ​ការ បន្ទាប់​មក​ខ្ញុំ​ស្នើ​ទៅ​ប្រធាន​គណៈកម្មការ​ជំនាញ​ទៅ​កាន់​ប្រធាន​រដ្ឋសភា​ឲ្យ​ចាត់​ការ ឬ​មួយ​ចាត់​វិធានការ​ខ្លួន​គាត់ ខ្ញុំ​នឹង​សុំ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​ចាត់​ការ បើ​មិន​ចាត់​ការ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រាស្ត្រ​ដោយ​ខ្លួន​ឯង»

លោក​បន្ត​ថា ពន្លឺ​ស៊ើប​អង្កេត​ពី​អំពើ​បក្ខពួក​និយម​គ្រួសារ​និយម ដែល​សង្ស័យ​ថា​មាន​អំពើ​ពុក​រលួយ​បាន​មក​ដោយសារ​មន្ត្រី​ក្នុង​រដ្ឋសភា ស្នើ​ឲ្យ​លោក​ត្រួត​ពិនិត្យ​ពី​បញ្ហា​នេះ។ លោក​បន្ត​ថា មន្ត្រី​ជាច្រើន​នាក់​ខិតខំ​បំពេញ​ការងារ​អស់​ពី​កម្លាំង​កាយ​ចិត្ត បែរ​ជា​មិន​បាន​ទទួល​គុណ​សម្បត្តិ ហើយ​រង​នូវ​ការ​គាប​សង្កត់​ថែម​ទៀត។

មន្ត្រី​ការិយាល័យ​អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ។ ហើយ​លោក​ប្រាប់​ថា អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង មិន​នៅ​ក្នុង​ការិយាល័យ​ឡើយ។ ចំណែក​ឯ​អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន ដែល​រង​ការ​ចោទ​ប្រកាន់​វិញ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​ក្នុង​ស្រុក​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​ពិត​ទេ ព្រោះ​ថា ការ​តែង​តាំង​មន្ត្រី​រាជការ​នៅ​ទីនេះ គឺ​មាន​ការ​វាយ​តម្លៃ​ត្រឹមត្រូវ។ លោក​បន្ត​ថា អ្នក​ទាំង​នោះ គឺ​ត្រូវ​បាន​តែង​តាំង​ពី​សម័យ​សម្ដេច​ក្រុម​ព្រះ​ជា​ប្រធាន​រដ្ឋសភា​មក​ម្ល៉េះ។

ចំណែក លោក​មេធាវី សុក សំអឿន វិញ​លើក​ឡើង​ថា បើ​សិន​ជា​បញ្ហា​ពុក​រលួយ​កើត​មាន​ក្នុង​រដ្ឋសភា​មែន​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​សិទ្ធិ​ស៊ើប​អង្កេត​រឿង​នេះ។

បច្ចុប្បន្ន​នេះ រដ្ឋសភា​មាន​បុគ្គលិក​ក្របខ័ណ្ឌ​ចំនួន​ជាង ៦០០​នាក់ និង​មាន​កម្មករ​អណ្ដែត ព្រម​ទាំង​បុគ្គលិក​ជាប់​កិច្ច​សន្យា​ប្រមាណ​ជាង ៥០០​នាក់​ទៀត។ មន្ត្រី​រដ្ឋសភា​មួយ​ចំនួន​ឲ្យ​ដឹង​ថា អ្នក​ដែល​មក​បំពេញ​ការងារ​សព្វថ្ងៃ​នៅ​រដ្ឋសភា មាន​ប្រមាណ​ពី ២០០ ទៅ ៣០០​នាក់​ប៉ុណ្ណោះ។ រឿងរ៉ាវ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋសភា​នេះ ត្រូវ​បាន​ទម្លាយ​ដោយសារ​តែ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋសភា ដាក់​សំណើ​ទិញ​ម៉ាស៊ីន​ថត​ចម្លង ១​គ្រឿង​ថ្លៃ ៣​ម៉ឺន ៥​ពាន់​ដុល្លារ។

លោក សុន ឆ័យ បញ្ជាក់​ថា ទាល់​តែ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ស្រាវជ្រាវ​ពី​បញ្ហា​នេះ ទើប​អាច​បញ្ជាក់​ការ​ពិត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។