តំណាងរាស្ដ្រគណបក្សប្រឆាំង លោក សុន ឆ័យ នៅតែបន្តអញ្ជើញរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ចូលបំភ្លឺនៅរដ្ឋសភា ពាក់ព័ន្ធនឹងកិច្ចសន្យាគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន៣ នៅកម្ពុជា និងបញ្ហាអវិជ្ជមានមួយចំនួនទៀត។ លោក សុន ឆ័យ ថាកិច្ចសន្យាគ្រប់គ្រងព្រលានយន្តហោះទាំងនេះ អាចធ្វើឲ្យកម្ពុជា ខាតបង់ប្រយោជន៍ជាច្រើន។
នេះ គឺជាលើកទីពីរហើយដែល លោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ឬគណៈកម្មការទី២ នៃរដ្ឋសភា គ្រោងផ្ញើលិខិតមួយទៀតអញ្ជើញ លោក សុខ អាន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីចូលបំភ្លឺនៅរដ្ឋសភា នៅសប្ដាហ៍ក្រោយនេះ។ លោក សុន ឆ័យ បញ្ជាក់ថា បញ្ហាដែលចង់ឲ្យ លោក សុខ អាន បំភ្លឺផ្ទាល់មាត់នៅរដ្ឋសភានោះ គឺទាក់ទងនឹងកុងត្រា ឬកិច្ចសន្យារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍បារាំង វ៉ាំងស៊ី អ៊ែរផត (Vinci Airport) ក្នុងការគ្រប់គ្រងព្រលានយន្តហោះចំនួនបី គឺនៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប និងមួយទៀតនៅខេត្តព្រះសីហនុ។
លោកក៏ចង់ឲ្យ លោក សុខ អាន ពន្យល់ដែរជុំវិញលិខិតណែនាំមិនឲ្យក្រសួងនានា ផ្តល់ឯកសារផ្សេងៗ ព្រមទាំងមិនឆ្លើយតបចំពោះលិខិតរបស់ស្ថាប័ននីតិប្បញ្ញតិ ជាដើម។ លោក សុន ឆ័យ សង្ស័យថា កិច្ចសន្យាគ្រប់គ្រងព្រលានយន្តហោះទាំងបីនេះ អាចធ្វើឲ្យកម្ពុជា ខាតបង់ប្រយោជន៍ជាច្រើន៖ «កិច្ចសន្យាគ្រប់គ្រងព្រលានយន្តហោះហ្នឹង គឺជារឿងមួយដែលធ្វើបាត់បង់ផលប្រយោជន៍ជាតិច្រើនណាស់ អ៊ីចឹងចង់ឲ្យគាត់បង្ហាញ ព្រោះយើងធ្វើលិខិតសុំឯកសារគាត់ គាត់អត់ឆ្លើយ ហើយមួយទៀតនោះ គឺចង់ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីទទួលខុសត្រូវជាមួយតំណាងរាស្ត្រអីហ្នឹង។ ជារួម មានករណីច្រើនណាស់ដែលគាត់អត់ឆ្លើយ ដែលរំលោភទៅលើរដ្ឋធម្មនុញ្ញ»។
លោក សុន ឆ័យ ឲ្យដឹងដែរថា គម្រោងផ្ញើលិខិតទី២ នេះ គឺនៅបន្ទាប់ពីលិខិតទីមួយនោះ ត្រូវបានខាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបថា ដោយសារ លោក សុខ អាន រវល់បំពេញបេសកកម្មនៅប្រទេសអាល្លឺម៉ង់ មិនអាចឆ្លើយបានតាមការដាក់ណាត់នៅថ្ងៃទី២ កក្កដា។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានទេនៅថ្ងៃទី៨ ខែកក្កដា។
ដោយឡែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកពុំអាចឆ្លើយរឿងនេះបានទ ព្រោះហួសពីដែនសមត្ថកិច្ចរបស់លោក៖ «ការឆ្លើយឆ្លងរវាងនីតិប្បញ្ញតិ និងនីតិប្រតិបត្តិ គឺជាការឆ្លើយឆ្លងមួយដែលឋិតនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ហើយនិងការទទួលខុសត្រូវខ្ពស់បំផុតរបស់សាមីជន ឬរាជរដ្ឋាភិបាល មិនមែនជាការផ្តល់ព័ត៌មាននោះទេ គឺជាការឆ្លើយបំភ្លឺ»។
កាលពីថ្ងៃទី១៦ មិថុនា លោក សុន ឆ័យ បានផ្ញើលិខិតជូន លោក សុខ អាន តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ម្តងរួចហើយ ដោយស្នើឲ្យបង្ហាញកុងត្រា ឬកិច្ចសន្យាដែលរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនអាកាសចរណ៍បារាំង វ៉ាំងស៊ី អ៊ែរផត ធ្វើការសាងសង់ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់កម្ពុជា ជាសាធារណៈ ដើម្បីឲ្យមហាជនបានដឹងថា វាធ្វើឲ្យកម្ពុជា ចំណេញ ឬក៏ខាតបង់ទៅវិញ។
ព្រលានយន្តហោះអន្តរជាតិចំនួន៣ របស់កម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបារាំង តាំងពីឆ្នាំ១៩៩៥ នោះ នឹងផុតកុងត្រា ឬកិច្ចសន្យានៅឆ្នាំ២០៤០ ឬ ២៥ឆ្នាំខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
