លោក ម៉ម សូណង់ដូ មានគម្រោងធ្វើបាតុកម្មនៅខាងមុខក្រសួងព័ត៌មាន ទាមទារឲ្យស្ថាប័នរដ្ឋមួយនេះ ដំឡើងកម្លាំងវិទ្យុផ្សាយបន្តពីស្ថានីយផ្សាយរាជធានីភ្នំពេញ ទៅតាមគោលដៅមួយចំនួនទៀត និងអនុញ្ញាតច្បាប់បង្កើតទូរទស្សន៍ផ្ទាល់ខ្លួន។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ថា លោក ម៉ម សូណង់ដូ ដែលជាប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានសម្រេចផ្អាកធ្វើបាតុកម្មភ្លាមៗ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ។ ការសម្រេចផ្អាកធ្វើបាតុកម្មដូចការគ្រោងទុកនេះ ព្រោះលោក ម៉ម សូណង់ដូ ពុំមានច្បាប់អនុញ្ញាតធ្វើបាតុកម្មត្រឹមត្រូវ។ លោកបន្តថា លោក ម៉ម សូណង់ដូ អាចនឹងត្រូវអនុញ្ញាតច្បាប់ឲ្យធ្វើបាតុកម្មឡើងវិញ ប្រសិនបើលោកបានបំពេញបែបបទតាមច្បាប់នៃការធ្វើបាតុកម្មដោយសន្តិវិធីឲ្យបានត្រឹមត្រូវ។
លោក ម៉ម សូណង់ដូ ដែលធ្លាប់ឆ្លងកាត់ជីវិតជាប់ក្នុងពន្ធនាគារព្រៃសជាច្រើនដង បញ្ជាក់កាលពីថ្ងៃទី២៨ ខែធ្នូ នៅទីលានប្រជាធិបតេយ្យ ខណៈលោកចូលរួមបង្ហាញវត្តមានជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយអះអាងថា ការធ្វើបាតុកម្មនៅខាងមុខក្រសួងព័ត៌មាន គឺបំណងដើម្បីទាមទារឲ្យស្ថាប័នរដ្ឋមួយនេះ ផ្ដល់ការផ្សាយបន្តនៅតាមស្ថានីយមួយចំនួនទៀតតាមខេត្ត ជាពិសេស គឺស្នើសុំឲ្យក្រសួងព័ត៌មាន ផ្ដល់អាជ្ញាប័ណ្ណដើម្បីអាចឲ្យលោកបង្កើតទូរទស្សន៍សំបុកឃ្មុំមួយទៀត ក្រៅពីវិទ្យុដែលកំពុងដំណើរការសព្វថ្ងៃនេះ។
តាមគម្រោងក្រុមបាតុករនឹងលើកគ្នាទៅតវ៉ានៅមុខក្រសួងព័ត៌មាន ដើម្បីទាមទារឱ្យអនុញ្ញាតច្បាប់ដល់វិទ្យុសំបុកឃ្មុំ បង្កើតទូរទស្សន៍ផ្ទាល់ខ្លួន និងផ្តល់អាជ្ញាបណ្ណផ្សាយបន្តទៅកាន់តំបន់ឆ្ងាយពីរាជធានីភ្នំពេញ ដូចជាខេត្តបាត់ដំបង រតនគិរី ខេត្តមណ្ឌលគិរី ជាដើម ដែលពលរដ្ឋមិនអាចស្តាប់វិទ្យុនោះ បានឮពេញលេញ។ ប៉ុន្តែសាលារាជធានីភ្នំពេញ បានអញ្ជើញលោក ម៉ម សូណង់ដូ ទៅប្រាប់ថា លោកពុំបានដាក់ច្បាប់សុំធ្វើបាតុកម្មនេះត្រឹមត្រូវ។ ប្រជាពលរដ្ឋ ដែលបានកាត់ពីខេត្តនានា មកចូលរួមគាំទ្រ បានសំដែងការសោកស្តាយជាខ្លាំងចំពោះការខកខានគម្រោងបាតុកម្មនេះ។
សូមអញ្ជើញស្តាប់សេចក្តីរាយការណ៍ អ្នកស្រី អ៊ុក សាវបូរី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
