កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងក្រុមគ្រួសារ ជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជួយអន្តរាគមន៍ដោះលែងឪពុករបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ។
ក្នុងលិខិតមួយរបស់កញ្ញា មាជ សុជាតា ផ្ញើទៅកាន់លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី១៣ ខែមករា សរសេរថា ការកាត់ទោសឪពុករបស់នាងឲ្យជាប់ឃុំឃាំងរយៈពេល ២០ឆ្នាំ ជាអំពើអយុត្តិធម៌ ដោយសារតែប្រព័ន្ធតុលាការរបស់ខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
វិទ្យុអាស៊ីសេរី មិនអាចសុំចម្លើយបន្ថែមពីកញ្ញា មាជ សុជាតា បានទេ ដោយសារកញ្ញាកំពុងស្ថិតក្នុងសាលារៀនកាលពីម្សិលមិញ។
អ្នកស្រី ជេមី មាជ (Jamie Meach) ភរិយារបស់លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា ការដែលកូនស្រីរបស់អ្នកស្រីសរសេរលិខិតទៅកាន់លោក បារ៉ាក់ អូបាម៉ា នេះ គឺដោយសារលោក ហ៊ុន សែន គ្រោងនឹងចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននៅរដ្ឋកាលីហ្វ័រញ៉ា (California) នៅពាក់កណ្ដាលខែកុម្ភៈ៖ «...ខ្លួនគាត់បែកបាក់ឪពុកម្ដាយ ហើយឪពុកជាប់ពន្ធនាគារដោយភាពអយុត្តិធម៌ ដោយគ្រាន់តែលោកនិយាយរកសិទ្ធិសេរីភាពឲ្យពលរដ្ឋខ្មែរសោះបែរជាជាប់គុកដល់ ២០ឆ្នាំ»។
ក្នុងលិខិតដដែលនោះ កញ្ញា មាជ សុជាតា រៀបរាប់ទៀតថា លោក ហ៊ុន សែន ដឹកនាំកម្ពុជា បែបផ្ដាច់ការជាង ៣០ឆ្នាំ តាមរយៈការរំលោភសិទ្ធិមនុស្ស ហើយជាអ្នកនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍ហិង្សាវ៉ៃប្រហារទៅលើអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
