បក្ស​ប្រជាជន​កំពុង​ពិនិត្យ​សំណើ​បក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ

មន្ត្រី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូល​រួម​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​ពេល​បោះ​ឆ្នោត លោក ជាម យៀប បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១០ សីហា ថា​ខាង​គណបក្ស​លោក​សូម​ពេល​បន្តិច ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​សមាសភាព​គណៈកម្មការ​ចម្រុះ​នេះ ហើយ​ក្រុម​ការងារ​របស់​លោក​បាន​ដាក់​លិខិត​ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា រួច​រាល់​ហើយ។

ចំពោះ​ចម្លើយ​តប​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​នោះ លោក​បញ្ជាក់​ថា នឹង​ផ្តល់​នៅ​មុន​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

លោក​បន្ត​ថា ក្នុង​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី៩ សីហា កន្លង​មក​នេះ ដើម្បី​បង្កើត​គណៈកម្មការ​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​ពេល​បោះ​ឆ្នោត គឺ​មាន​ចំណុច​មិន​ឯកភាព​គ្នា​ត្រង់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ឱ្យ​មាន​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ចូល​រួម ប៉ុន្តែ​លោក​បញ្ជាក់​ថា វា​មិន​មាន​ច្បាប់​ណា​ចែង​ចំពោះ​សមាសភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ចូល​រួម​នោះ​ទេ ពីព្រោះ​វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ចំពោះ​សំណើ​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​មាន​សមាសភាព​របស់ គ.ជ.ប ចូល​រួម​ក្នុង​គណៈកម្មការ​ចម្រុះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ។

លោក ជាម យៀប៖ «វាង គ.ជ.ប ធ្វើ​ម៉េច​នឹង​កើត គេ​សមត្ថកិច្ច​ដែល​ច្បាប់​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​និង​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត គឺ​ថា គ.ជ.ប ទទួល​ផ្តាច់​មុខ​ក្នុង​ការ​រៀប​ចំ​នូវ​លក្ខខណ្ឌ ឬ​ក៏​ការ​ប្រព្រឹត្ត​ទៅ ឬ​ក៏​គ្រប់គ្រង​រាល់​ការងារ​បោះ​ឆ្នោត​ទាំង​សកល និង​អសកល​នៅ​ទូទាំង​ប្រទេស។ អា​ហ្នឹង​មាន​តែ គ.ជ.ប មួយ​ទេ មិន​អាច​ឃ្លាត​ឆ្ងាយ​ពី គ.ជ.ប បាន​ទេ។ អ្នក​ឯ​ទៀត​គ្មាន​សមត្ថភាព​គ្មាន​ប្រជា​មតិ​ឯណា​ជាង គ.ជ.ប ដែល​គេ​ធ្វើ ៤​អាណត្តិ​មក​ហើយៗ​ពេញ​ឆ្នាំ​ហើយ។ ហើយ​រៀង​រាល់​ឆ្នាំ នៅ​រវាង​ខែ​១០ គ.ជ.ប តែង​តែ​ធ្វើ​ការ​អាប់ដេត (Update = ធ្វើ​បច្ចុប្បន្ន​ភាព) គឺ​ថា បច្ចុប្បន្ន​ភាព​ដើម្បី​ចុះ​ឈ្មោះ​សម្រាប់​អ្នក​ដែល​ដល់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បោះ​អី គេ​ធ្វើ​រៀង​រាល់​ឆ្នាំ​របស់​គេ»

ចំពោះ​បញ្ហា​នេះ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ឱ្យ​ដឹង​ដែរ​ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​ឱ្យ​មាន​សមាសភាព​ចូល​រួម​ក្នុង​គណៈកម្មការ​ចម្រុះ​នោះ គឺ​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​ក្នុង​រឿង​បោះ​ឆ្នោត ដូច​ជា​អង្គការ​អន្តរជាតិ និង​ខាង​សង្គម​ស៊ីវិល​ជាដើម។

លោក​បន្ត​ថា គ.ជ.ប វិញ មិន​គួរ​ស្ថិត​នៅ​ក្នុង​សមាសភាព​គណៈកម្មការ​ចម្រុះ​នោះ​ទេ ពីព្រោះ គ.ជ.ប ជា​អ្នក​បង្ក​បញ្ហា ហើយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រង់ចាំ​តែ​ចម្លើយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី៩ សីហា មាន​កិច្ច​ប្រជុំ​អស់​រយៈពេល​ជិត ២​ម៉ោង នៅ​វិមាន​រដ្ឋសភា រវាង​មន្ត្រី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ បាន​លើក​ឡើង​ជុំវិញ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ កក្កដា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។