សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២០ កក្កដា ចោទថា ស្ថាប័នរដ្ឋសភាបច្ចុប្បន្ន ដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះ មិនមែនជារដ្ឋសភាស្របច្បាប់ទេ។
សេចក្ដីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី មានខ្លឹមសារថា ការចោទប្រកាន់ និងចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលម្ដងថាស្ថិតក្នុងចំនួន ១២០រូប ដើម្បីឲ្យរដ្ឋសភាស្របច្បាប់ ម្ដងថា ស្ថិតក្រៅរដ្ឋសភា កាន់តែបញ្ជាក់ថា រដ្ឋសភាដែលមានតែក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តែមួយរហូតមកនេះ គឺមិនស្របច្បាប់សោះឡើយ។
សេចក្ដីថ្លែងការណ៍បានបន្តថា ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ទទូចឲ្យគណបក្សឈ្នះអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ បញ្ចប់ការខ្វែងគំនិតគ្នា ដើម្បីធ្វើឲ្យរដ្ឋសភាពហុបក្សដំណើរការត្រឹមត្រូវតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ពិតប្រាកដ និងឆាប់រហ័ស។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បដិសេធ និងបន្តមិនចូលរួមប្រជុំជាមួយសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២១ កក្កដា ដើម្បីពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការធានារ៉ាប់រងឡើយ។ ជាមួយនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី អំពាវនាវចំពោះព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែបដិសេធ កុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់បញ្ជូនមកដោយរដ្ឋសភាមិនស្របច្បាប់នោះ។
សេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ចុះហត្ថលេខាដោយលោក គង់ គាំ ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
