ក្នុងករណីឆេះតូបនេះ អាជីវករម្ចាស់តូបបានលើកឡើងថា កន្លងមកប្ដីរបស់អ្នកស្រីធ្លាប់ជាមនុស្សសកម្មរបស់គណបក្ស សម រង្សី ប្រចាំខេត្តកណ្ដាល ប៉ុន្តែប្ដីរបស់គាត់បានស្លាប់ដោយជំងឺប្រចាំកាយកាលពីជាង ៣ឆ្នាំមុនទៅហើយ។ អ្នកស្រីបន្តថា បើទោះណាប្ដីបានស្លាប់ចោលខ្លួនច្រើនឆ្នាំទៅហើយក៏ដោយ ប៉ុន្តែសមាជិកគាំទ្រគណបក្សប្រជាជនក្នុងភូមិរបស់អ្នកស្រីនៅតែបន្តការចោទប្រកាន់រើសអើងអ្នកស្រី ថាជាមនុស្សរបស់គណបក្សប្រឆាំងដដែល។ ជាងនេះទៅទៀត អ្នកស្រីថា កន្លងមកសកម្មជនបក្សប្រជាជនធ្លាប់បានអូសទាញអ្នកស្រីឲ្យចុះចូលជាមួយគណបក្សប្រជាជនជាច្រើនលើកច្រើនសារួចមកហើយតែមិនបានសម្រេច។
ម្ចាស់តូបលក់សំលៀកបំពាក់ គឺអ្នកស្រី ប៉ិច ស៊ីថា វ័យ ៥៦ឆ្នាំ រស់នៅភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ អ្នកស្រីបានថ្លែងទាំងអួលដើមកនៅថ្ងៃទី១៨ សីហា ថា ក្រោយពីការបរាជ័យក្នុងការអូសទាញអ្នកស្រីមិនបានសម្រេចមក អ្នកស្រីថា ថ្មីៗនេះមានមនុស្សមួយក្រុមបានដើរមកនិយាយឌឺដងមិនឲ្យអ្នកស្រីបើកស្ដាប់វិទ្យុឯករាជ្យបរទេសផ្សាយជាខេមរៈភាសាក្នុងតូបលក់ខោអាវរបស់ខ្លួននោះឡើយ។
អ្នកស្រីថា ការស្ដាប់ព័ត៌មានជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចនេះអ្នកស្រីក៏នៅតែបន្តបើកវិទ្យុស្ដាប់ក្នុងតូបរបស់ខ្លួនជារាងរហូត៖ «ព្រោះអីពីល្ងាចមិញហ្នឹង ម៉ោង៦ ខ្ញុំនៅតូបខ្ញុំនៅឡើយទេ ដូចជារសាប់រសល់ទីបញ្ចប់ម៉ោង ៧កន្លះ ខ្ញុំចេញពីតូបខ្ញុំម៉ោង ៦ មកដល់ផ្ទះខ្ញុំមុជទឹកផ្លាស់ខោអាវហើយអស់ ខ្ញុំលេងពីរនាក់ម៉ែនិងកូនហ្នឹង។ ខ្ញុំចូលសម្រាន្ត មិនទាន់បានសម្រាន្តផង ស្រាប់តែគេទូរស័ព្ទថា តូបខ្ញុំត្រូវគេដុតឆេះអស់ហើយ ហើយពេលហ្នឹងខ្ញុំត្រឡប់ទៅពីនាក់ម៉ែនិងកូនឃើញមុខគេកំពុងតែច្រូងច្រាងជួយខ្ញុំ។ អត់មានទេពូ! បើមិនជឿដើរសួរគេអ្នកស្រុកអ្នកភូមិហ្នឹងខ្ញុំដើរជួយអ្នកក្រីក្រច្រើនណាស់ ខ្ញុំមិនដែលមានបញ្ហាអីរឿងគំនុំគំកួនអីទេ ហើយខ្ញុំមកលក់កន្លែងហ្នឹង ៧-៨ឆ្នាំហើយមិនដែលមានបញ្ហាអីទេ»។
អ្នកស្រីអះអាងថា ការឆេះតូបរបស់គាត់គឺជាបញ្ហារើសអើងផ្នែកនយោបាយរបស់អ្នកគាំទ្រគណបក្សកាន់អំណាចមកលើរូបអ្នកស្រី ដែលឃើញខ្លួនជាស្ត្រីមេម៉ាយនោះ។ អ្នកស្រីថា ការលើឡើងដូចនេះ ព្រោះហេតុថាខ្លួនជាមនុស្សមានធម៌អាថ៌រក្សាសីល និងជួយជនក្រីក្រ ហើយពុំដែលមានទំនាស់ជាមួយជនណាម្នាក់ឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ អធិការរងស្រុកលើកដែក លោក ទឹម សារិន បង្ហាញថា បញ្ហាឆេះតូបនេះពុំមានការពាក់ព័ន្ធទៅនឹងការរើសអើងផ្នែកនយោបាយឡើយ។ លោកថា អ្នកស្រីម្ចាស់តូបពុំដែលបានចូលរួមជាមួយគណបក្សនយោបាយណានោះទេ ប៉ុន្តែលោកថា អ្នកស្រីម្ចាស់តូបកន្លងមកធ្លាប់មានបញ្ហាពាក់ព័ន្ធការឌឺដងពីអតិថិជនក្នុងផ្សាមិនឲ្យបើកវិទ្យុបរទេសផ្សាយជាខេមរៈភាសាស្ដាប់ក្នុងតូបរបស់អ្នកស្រីខ្លះមែន តែកត្តាទាំងនេះពុំមានអ្វីចោទជាបញ្ហាធំដុំនោះឡើយ។
លោក ទឹម សារិន៖ «ផ្អែកតាមការពិនិត្យរបស់យើង របស់សមត្ថកិច្ចយើងហ្នឹង យើងអាចសន្និដ្ឋានថា វាអាចកើតឡើងដោយសាតែការធ្វេសប្រហែស ឬមួយក៏គាត់មានការភ្លេចភ្លាំងក្នុងការដុតភ្លើងធូប ឬភ្លើងទៀងអី ហើយអាចដាក់នៅលើទូ...។ ជួនកាលដាល់លើទូហ្នឹងទៅហ្នឹងជួនកាលអាខ្នោះអាវជួនកាលវាមកប៉ះ អាហ្នឹងប៉ះយូរៗទៅវាអាចបង្កើតឡើងជាអគ្គីភ័យ ហើយវាឋិតក្នុងរយៈពេលយូរបានជាមានអណ្ដាតឡើង។ អ៊ីចឹងករណីហ្នឹងយើងជាលក្ខណៈសន្និដ្ឋានទេ។ ផ្អែកតាមការពិនិត្យហេតុរបស់យើងក្រោយចប់សព្វគ្រប់ទៅវាអត់មានឃើញអីប្លែកដែលអាចពិនិត្យឃើញថា ឲ្យវាមានពិរុទ្ធភាពក្នុងអគ្គីភ័យហ្នឹងកើតឡើង»។
លោកបន្តថា ចំពោះទ្រព្យសម្បត្តិវិញ គឺមានការខូចខាតប្រមាណជា ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែអាជីវករម្ចាស់តូបបានអះអាងថា តូបរបស់គាត់ឆេះខូចខាតពុំអាចយកមកប្រើការវិញបានទេ ហើយចំនួនដែលបានខូចខាតទាំងនោះគិតជាទឹកប្រាក់ប្រមាណអស់ជា ១០លានរៀង។
អ្នកស្រីអាជីវករបន្តថា ជនមិនស្គាល់មុនទំនងមានគោលបំណងដុតបំផ្លាញតូបលក់អង្ករជាប់នឹងតូបរបស់អ្នកស្រីមុន តែដោយការប្រញាប់របស់មិនស្គាល់មុខផង គេក៏បានបែរទិសដៅដុតតូបរបស់អ្នកស្រីវិញ ព្រោះមានការងាយស្រួលជាង។ អ្នកស្រីថា ម្ចាស់តូបលក់អង្ករ ក៏ជាសកម្មជនលេចធ្លោ មួយរូបរបស់គណបក្សសង្គ្រោះជាតិដែរ ហើយតូបនេះត្រូវបានគេគាស់បំផ្លាញខ្លះដែរ តែតូបនេះពុំមានការខូចខាតការអ្វីធំដុំឡើយ។
តូបត្រូវបានជនមិនស្គាល់មុខលួចដុតបំផ្លាញនៅវេលាម៉ោងជិត ៨យប់ ថ្ងៃទី១៧ សីហា ហើយម្ចាស់តូបទាមទារឲ្យអាជ្ញាធរដែលពាក់ព័ន្ធនឹងបញ្ហាឆេះតូបនេះពន្លឿនការស៊ើបអង្កេតដើម្បីចាប់ជនបង្កមកផ្ដន្ទាទោសឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
