ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១១ មិថុនា ចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងរឿងថៃ បញ្ជូនពលករខ្មែរចេញពីប្រទេសថៃ ចំនួន ២ករណី។
ចំពោះករណីទី១ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានបំភ្លឺថា ពាក្យចចាមអារ៉ាមថា មានទាហានថៃ ធ្វើសកម្មភាពដេញបាញ់ប្រជាពលរដ្ឋខ្មែរខុសច្បាប់នោះ ស្ថានទូតកម្ពុជា និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ បានធ្វើការស្រាវជ្រាវរួចហើយ និងបញ្ជាក់ថា មិនមានព័ត៌មានបែបនេះទេ។
ចំពោះករណីទី២ រឿងអាជ្ញាធរថៃ បញ្ជូនពលករខ្មែរខុសច្បាប់ជាច្រើនមកកម្ពុជា វិញនោះ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបញ្ជាក់ជាអាទិ៍ដូចតទៅ៖
១. អាជ្ញាធរយោធាថៃ បានដាក់កំហិតឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជនថៃ បញ្ឈប់ការប្រើប្រាស់ពលករខុសច្បាប់តទៅទៀត។ ដូច្នេះក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំងនោះ សម្រេចឲ្យពលករខុសច្បាប់វិលត្រឡប់ទៅប្រទេសខ្លួនវិញ រួមទាំងពលករខ្មែរខុសច្បាប់ផង។
២. ករណីអាជ្ញាធរថៃ បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជា វិញនោះ មិនមែនជាលើកទី១ ទេ។ កន្លងមក ទោះបីជាមុនប្រទេសថៃ គ្រប់គ្រងដោយអាជ្ញាធរយោធាក៏ដោយ ក៏អាជ្ញាធរថៃ បានធ្វើការបញ្ជូនពលករខ្មែរខុសច្បាប់រាប់រយនាក់មកកម្ពុជា វិញដែរ រៀងរាល់២ ទៅ ៣ថ្ងៃម្ដង។
៣. ក្នុងរយៈពេល ៩ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១ ដល់ទី ៩ មិថុនា អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរខុសច្បាប់ចំនួនជាង ៧.០០០នាក់ (៧.៥០៧) មកប្រទេសកម្ពុជាវិញ។
៤. នៅថ្ងៃទី១០ មិថុនា កន្លងទៅនេះ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុង ស៊ាន បានជួបជាមួយឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា អំពីស្ថានការណ៍បច្ចុប្បន្ននៅប្រទេសថៃ។ ក្នុងជំនួបនោះ លោក អ៊ុង ស៊ាន បានស្នើឲ្យភាគីថៃ អនុវត្តការបញ្ជូនពលករខ្មែរដែលចូលធ្វើការខុសច្បាប់នៅថៃ មកកម្ពុជាវិញ ឲ្យមានលក្ខណៈមនុស្សធម៌ ដោយមិនត្រូវដាក់ឲ្យឈរប្រជ្រៀតគ្នាក្នុងរថយន្តព័ទ្ធដោយសំណាញ់ដែក។
លោក កុយ គួង ឲ្យដឹងបន្ថែមថា ចំពោះព័ត៌មានដែលផ្សាយថា ទាហានថៃ យកលុយពលករខ្មែរនោះ គឺមានយកមែន ប៉ុន្តែយកត្រឹម ២០០ ទៅ ៣០០បាតលុយថៃ ប៉ុណ្ណោះ ជាសោហុយធ្វើដំណើរ មិនមែនយកពី ៣០០ បាតទៅ ៧០០បាតនោះទេ។
ទាក់ទងព័ត៌មានថា មានពលករខ្មែរលាក់ខ្លួនក្នុងព្រៃ គឺមានមែន ប្រហែល ១០០នាក់ នេះបើតាមការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ។ ការលាក់ខ្លួនក្នុងព្រៃនេះ គឺដោយសារថៅកែរោងចក្រ បានដឹកពួកគាត់មកលាក់ទុកក្នុងព្រៃ ដើម្បីគេចវេះពីការផាកពិន័យរបស់អាជ្ញាធរថៃ ដោយសារការប្រើប្រាស់ពលករខុសច្បាប់។ ឥឡូវនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានណែនាំអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ឲ្យនាំយកពួកគាត់ចេញពីព្រៃត្រឡប់មកកម្ពុជា វិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
