អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានសាទរចំពោះគណបក្សនយោបាយនៅកម្ពុជា ដែលបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះលើចំណុចមួយចំនួន ជុំវិញកំណែទម្រង់ការបោះឆ្នោត។ លោក ស៊ូប៊ែឌី ក៏បានស្វាគមន៍ចំពោះការដកចេញវិញនូវបម្រាមមិនឲ្យជួបជុំ តែលោកក៏បានជំរុញឲ្យមានការគោរពសិទ្ធិសេរីភាពសម្ដែងមតិ និងការជួបជុំនេះដែរ។
លោក សុរិយា ស៊ូប៊ែឌី បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៦ មីនា ថា លោកស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចដោយគណៈកម្មការចម្រុះរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើចំណុចពាក់ព័ន្ធនឹងកំណែទម្រង់ការបោះឆ្នោត មានដូចជា ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងការរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ។
លោកក៏បានសម្ដែងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា គណបក្សនយោបាយទាំងពីរនឹងអាចដោះស្រាយបាននូវបញ្ហាសេសសល់មួយចំនួនទៀតក្នុងពេលដ៏ខ្លីខាងមុខ។ ហើយលោកថា បញ្ហាទាំងនោះ គឺពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដូចជាបញ្ហាសិទ្ធិសម្ដែងមតិ ទោះតាមរយៈការធ្វើបាតុកម្មក្តី ការដង្ហែក្បួនក្តី ឬតាមមធ្យោបាយនានាទៀតក្តី។
លោក ស៊ូប៊ែឌី ក៏បានសម្ដែងក្តីរីករាយចំពោះការដកបម្រាមហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើបាតុកម្ម ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ លោកក៏បានថ្លែងដែរថា លោកបានជំរុញឲ្យរដ្ឋាភិបាលលើកបម្រាមនេះចេញតាំងពីដើមម៉េ្លះ ព្រោះបើតាមលោក បម្រាមនេះវាផ្ទុយទៅនឹងកាតព្វកិច្ចរបស់កម្ពុជា ក្នុងការគោរពនូវកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងមិនស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិ រូបនេះ បារម្ភថា បាតុកម្មមួយចំនួនបន្តត្រូវបានរារាំង ហើយពលរដ្ឋនៅតែត្រូវបានចាប់ឃុំខ្លួន ដោយសារការចែកខិត្តប័ណ្ណឲ្យកម្មករឲ្យចូលរួមធ្វើកូដកម្ម។ លោក ស៊ូប៊ែឌី រំពឹងថា បម្រាមដែលបានលើកចេញនេះ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យពលរដ្ឋអាចសម្ដែងមតិ និងធ្វើការជួបជុំដោយសន្តិវិធីជាថ្មីឡើងវិញ។
ការបារម្ភរបស់ លោក ស៊ូប៊ែឌី ធ្វើឡើងស្របពេលដែលអាជ្ញាធររដ្ឋាភិបាលនៅតែបន្តរារាំងមិនឲ្យពលរដ្ឋ កម្មករ សហព័ន្ធសហជីព ជួបជុំគ្នាសម្ដែងមតិ បើទោះជាមានសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ។ ថ្មីៗនេះ អតីតអ្នកបុរីកីឡា ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារការតវ៉ារឿងសំណងបន្ថែម ខណៈដែលអ្នកសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល ត្រូវបានអាជ្ញាធររដ្ឋាភិបាល រារាំងមិនឲ្យធ្វើដំណើរទៅបួងសួងនៅមុខតុលាការកំពូល ដើម្បីសុំឲ្យដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ នៅពន្ធនាគារត្រពាំងផ្លុង។ លើសពីនេះ សាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យសហភាពសហព័ន្ធ សហជីព និងសមាគមទាំង១៨ រៀបចំវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែមីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ លោក ស៊ូប៊ែឌី បានអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គោរពតាមតម្រូវការនៃនីតិរដ្ឋ ពិសេសគឺសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ និងការជួបជុំដោយសន្តិវិធី ដែលបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាអាចនឹងមានបាតុកម្មប្រឆាំងគ្នាក្នុងពេលតែមួយ និងនៅកន្លែងតែមួយ ប្រសិនបើគណបក្សប្រឆាំងរៀបចំធ្វើបាតុកម្មនាពេលខាងមុខនោះ លោក ស៊ូប៊ែឌី កត់សម្គាល់ថា តាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី អាជ្ញាធរត្រូវផ្តល់ការអនុញ្ញាតឲ្យក្រុមដែលបានផ្តល់សេចក្តីជូនដំណឹងមុន ហើយអនុញ្ញាតឲ្យក្រុមមួយទៀតធ្វើបាតុកម្ម តែត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ក៏ ៥០០ម៉ែត្រដែរ។ ទោះយ៉ាងណា លោកថា រដ្ឋជាអ្នកទទួលខុសត្រូវក្នុងការធានានូវសន្តិសុខ ក្នុងពេលធ្វើបាតុកម្មនានា។
កាលពីពេលថ្មីៗនេះដែរ សមាជិកព្រឹទ្ធសភាអូស្ត្រាលី អ្នកស្រី គ្រីស្ទីន មីលន៍ (Christine Milne) ក៏បានសួរដេញដោលមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ជុំវិញវិធានការរបស់ពួកគេចំពោះស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត អំពីអំពើហិង្សា និងការបង្ក្រាបលើក្រុមបាតុករ និងកម្មករ ជាដើម។
ពីមុនមក អ្នកស្រី គ្រីស្ទីន ក៏ធ្លាប់បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី ជំរុញឲ្យកម្ពុជា បើកការស៊ើបអង្កេតឯករាជ្យពីភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយថា ប្រទេសអូស្ត្រាលី គួរយកតួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ ដើម្បីគាំទ្រឲ្យមានការស៊ើបអង្កេតឯករាជ្យមួយនេះ។
ដោយឡែក អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ក៏បានរិះគន់យ៉ាងចាស់ដៃដែរទៅលើទង្វើរបស់រដ្ឋាភិបាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកក៏បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានក្ដោបក្ដាប់អំណាចគ្រប់បែបយ៉ាងទាំងអស់ជារបៀបជនផ្តាច់ការ ដោយស្ទើរតែមិនយកចិត្តទុកដាក់ទាល់តែសោះដល់សិទ្ធិសម្ដែងមតិ សិទ្ធិជួបប្រជុំ ហើយដាក់ការបង្ក្រាបដោយហិង្សា ដើម្បីការពារអំណាចលោក និងបក្ខពួករបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
