លោក ស៊ូប៊ែឌី ស្វាគមន៍​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កក្កដា បាន​ស្វាគមន៍​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី​ ដែល​បាន​ព្រះរាជទាន​លើកលែង​ទោស លោក សម រង្ស៊ី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ថា ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ​នេះ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ឆាក​នយោបាយ​នៅ​កម្ពុជា ឡើង​វិញ។ លោក សុរិយា ស៊ូប៊ែឌី ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា បាន​បោះ​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ជា​ជំហាន​សំខាន់​មួយ ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា រឹង​មាំ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​បាន​ស្វាគមន៍​ការ​លើកលែង​ទោស​នេះ​ដែរ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​សេរី។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា លោក សម រង្ស៊ី អាច​ចូល​រួម​ឃោសនា​បោះ​ឆ្នោត ប៉ុន្តែ​គ្មាន​សិទ្ធិ​ក្លាយ​ជា​បេក្ខជន​តំណាងរាស្ត្រ និង​សិទ្ធិ​បោះ​ឆ្នោត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។