អាជ្ញាធរខេត្តកណ្ដាល នៅតែមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ លើកអង់តែនទូរទស្សន៍ព្រះអាទិត្យ (SUN TV) នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ តាមការស្នើសុំរបស់បក្សប្រឆាំងនៅឡើយ ក្រោមហេតុផលថា មានការតវ៉ាពីប្រជាពលរដ្ឋ ២១នាក់។ នេះបើតាមការអះអាងរបស់អភិបាលក្រុងតាខ្មៅ។ ចំណែកមន្ត្រីគណបក្សប្រឆាំងចាត់ទុកថា ការបដិសេធនេះ គឺជារឿងនយោបាយច្រើនជាង។
ការផ្តល់ចម្លើយអវិជ្ជមានដល់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ត្រូវបានអភិបាលក្រុងតាខ្មៅ លោក ហេង ធាម ពន្យល់ថា មិនជាប់ពាក់ព័ន្ធជាមួយបញ្ហានយោបាយឡើយ។ ផ្ទុយទៅវិញ គឺដោយសារមានប្រជាពលរដ្ឋ ២១នាក់ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បានផ្ដិតមេដៃតវ៉ាមិនអនុញ្ញាតឲ្យមានការសាងសង់អង់តែនទូរទស្សន៍នៅទីនោះទេ ខ្លាចសាយភាយវិទ្យុសកម្មនាំឲ្យប៉ះពាល់សុខភាពពួកគាត់។
អភិបាលក្រុងតាខ្មៅ បញ្ជាក់ថា សាលាខេត្តកណ្ដាល បានជូនដំណឹងឲ្យគណបក្សសង្គ្រោះជាតិ ស្វែងរកទីតាំងថ្មីដែលនៅឆ្ងាយពីទីតាំងរស់នៅរបស់ប្រជាពលរដ្ឋ៖ «ករណីនេះយើងក៏បានចុះសិក្សា យើងក៏បានចុះត្រួតពិនិត្យ ឃើញថា បងប្អូនពិតជាបានសម្ដែងនូវឆន្ទៈតវ៉ា។ ឥឡូវនេះរដ្ឋបាលខេត្តបានចេញលិខិតថា ប្រសិនបើមានការតវ៉ាពីប្រជាពលរដ្ឋ សុំផ្អាកមិនអោយមានការសាងសង់ទេ»។
ប្រជាពលរដ្ឋចំនួន ២១នាក់ ជំទាស់ការលើកអង់តែននេះ។ លោក យឹម សុវណ្ណ ធ្លាប់បានអះអាងថា គណបក្សសង្គ្រោះជាតិ បានស្វែងរកអ្នកប្ដឹងជំទាស់ តែមិនឃើញអ្នកប្ដឹងទាំងនោះទេ។
គណបក្សសង្គ្រោះជាតិ គ្រោងចាប់ផ្ដើមដំណើរការទូរទស្សន៍ព្រះអាទិត្យ នៅដើមឆ្នាំ២០១៦ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ក៏ប៉ុន្តែគម្រោងនេះ ត្រូវបានពន្យារពេលជិតកន្លះឆ្នាំ ខណៈដំណើរការស្នើសុំសាងសង់អង់តែនទូរទស្សន៍កំពុងជាប់គាំង។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្ដាល លោក ភូ សុខា ឲ្យដឹងថា លោកនៅមិនទាន់ទទួលបានលិខិតជាក់លាក់ពីអាជ្ញាធរនៅឡើយទេ។ លោកនៅតែសង្ស័យថា ការតវ៉ារបស់ប្រជាពលរដ្ឋនេះ កើតឡើងដោយសារការញុះញង់ពីសំណាក់អាជ្ញាធរមូលដ្ឋាន៖ «បងមួយនោះ គាត់មកប្រាប់ខ្ញុំ គាត់នៅក្រោមការគ្រប់គ្រងតំណាងភូមិ ដូច្នេះគេអោយផ្ដិត គាត់ក៏ផ្ដិតអោយគេទៅ។ ភាគច្រើនអ្នកដែលផ្ដិតនោះ គឺអ្នកដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយភាគច្រើនផ្ដិតតែ៤ ទៅ ៥ផ្ទះទៅ ក៏គ្រប់ចំនួន ២១នាក់ទៅ»។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្ដាល បញ្ជាក់ថា មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ មានថវិកាគ្រប់គ្រាន់ហើយ ដើម្បីទិញអង់តែន និងដំណើរការសាងសង់ស្ថានីយទូរទស្សន៍ព្រះអាទិត្យ តែសំខាន់នោះ គឺរង់ចាំតែចម្លើយបើកផ្លូវច្បាប់ពីអាជ្ញាធរខេត្តកណ្ដាល។ លោកថា ប្រសិនបើទទួលបានលិខិតមិនអនុញ្ញាតច្បាប់ឲ្យសាងសង់នោះ គណបក្សសង្គ្រោះជាតិ នឹងស្វែងរកទីតាំងថ្មី៖ «ប្រសិន បើគេលាយលក្ខណ៍អក្សរមកថា មិនបានដាច់ណាត់ទេ គឺយើងនឹងត្រៀមរកកន្លែងណាដែលថ្មី កន្លែងណាដែលសមរម្យ ហើយអត់ប៉ះពាល់។ ចាំមើលទៅសាងសង់កន្លែងអត់មានផ្ទះប្រជាពលរដ្ឋ អ៊ីចឹងគឺអត់មានលេសប្ដឹងផ្ដល់ទៀតទេ»។
ការកសាងស្ថានីយទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ ដែលមិនធ្លាប់មាន គឺកើតចេញពីកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ កិច្ចព្រមព្រៀងនេះ ជាថ្នូរនឹងការយល់ព្រមរបស់គណបក្សសង្គ្រោះជាតិ ដែលចូលសភាជាមួយគណបក្សប្រជាជនកម្ពុជា។
គម្រោងបង្កើតស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ត្រូវប្រើថវិកាប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ មកទល់ពេលនេះ ថវិកាដែលទទួលបានពីការបរិច្ចាគរបស់សាធារណជន មានចំនួនជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
