តំណាង​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចរចា​គ្នា​ជៀស​វាង​ប្រើ​ហិង្សា

តំណាង​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចរចា​គ្នា​ឡើង​វិញ ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ។

លោក​បន្ត​ថា កម្ពុជា ត្រូវ​ការ​យន្តការ​ដ៏​ជាក់​លាក់​មួយ ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក​នេះ ហើយ​វា​ជា​យន្តការ​មួយ​ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ភាគី​អន្តរជាតិ មាន​សេចក្តី​រីករាយ ដោយ​ឃើញ​ពលរដ្ឋ​កម្ពុជា កាន់​តែ​ច្រើន​ឡើង អាច​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ ហើយ​នេះ​ជា​សញ្ញា​លូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ លោក សុរិយា ក៏​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ឲ្យ​បន្ត​ការ​អត់ធ្មត់​ចំពោះ​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម។ ហើយ​ក្រុម​បាតុករ និង​កម្មករ​រោងចក្រ ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែរ។ ក្រៅ​ពី​បញ្ហា​នយោបាយ លោក​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិភាក្សា​គ្នា​ជា​ថ្មី​ពី​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។