ព្រឹទ្ធសភា សម្រេចប្រជុំដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ នៅថ្ងៃទី១៧ សីហា ប៉ុន្តែការប្រជុំដកអភ័យឯកសិទ្ធិនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ពហិការមិនចូលរួមប្រជុំទេ។ ការសម្រេចប្រជុំដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង ដោយសំឡេង ៤៧ លើ ៤៧ នៃសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ហើយការសម្រេចនេះ ធ្វើឡើងតាមការស្នើសុំរបស់សមត្ថកិច្ច។
មន្ត្រីអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងប្រតិកម្មថា ការប្រជុំសម្រេចដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ថាខុសនឹងនីតិវិធី ហើយជារឿងនយោបាយ។
មន្ត្រីជាន់ខ្ពស់នៃអង្គការអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា អ្នកនយោបាយគួរពិចារណាឡើងវិញ ជុំវិញស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ ព្រោះអាចនឹងធ្វើឲ្យស្ថានភាពសង្គមមានភាពវឹកវរ ដោយសារតែការចាប់ចងនេះ។ ម្យ៉ាងវិញទៀត បើគិតតាមនីតិវិធី ការចាប់ខ្លួន គឺអាចធ្វើឡើងក្រោយពេលដកអភ័យឯកសិទ្ធិ មិនមែនចាប់ដាក់គុកហើយ ទើបប្រជុំដកអភ័យឯកសិទ្ធិបែបនេះទេ។ ម៉្លោះហើយ ការដកអភ័យឯកសិទ្ធិ និងការចាប់ខ្លួន លោក ហុង សុខហួរ នេះជារឿងនយោបាយសុទ្ធសាធ ហើយតុលាការគួរពិនិត្យមើលមាត្រា៧៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា
លោក នី ចរិយា៖ «ខ្ញុំគិតថា អភ័យឯកសិទ្ធិហ្នឹងវាលែងសំខាន់ហើយ កាលណាយើងរំលោភហើយរំលោភទៀតទៅលើអ្នកមានអភ័យឯកសិទ្ធិ អ៊ីចឹងអ្នកមានអភ័យឯកសិទ្ធិមិនចាំមានអភ័យឯកសិទ្ធិស្អីទេ ព្រោះវាអត់បានការអីចំពោះការមានអភ័យឯកសិទ្ធិហ្នឹង បើយើងអត់គោរពតាមច្បាប់អ្នកមានអភ័យឯកសិទ្ធិផង»។
មាត្រា៧៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា កាលបើជនជាប់ចោទរងទោសដាក់ពន្ធនាគារ ដែលមានអតិបរមាតិចជាង ឬស្នើនឹង ៣ឆ្នាំ តុលាការអាចប្រកាសស្នើបន្ទោស ប្រសិនបើមានគ្រប់លក្ខខណ្ឌទាំងបីដូចតទៅនេះ ភាពចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលបណ្ដាលមកពីបទល្មើសបានបញ្ចប់ ការខូចខាតត្រូវបានជួសជុលរួចហើយ និងជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលរួមទៅរួមរស់នៅក្នុងសង្គមវិញ។
លោកបន្ថែមថា គណបក្សទាំងពីរគួរប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីជជែកពិភាក្សាគ្នាដោយលើកឡើងនូវបញ្ហានានាដែលមានការខ្វែងគំនិត។ ការលើកឡើងនូវបញ្ហាផ្សេងៗដាក់លើតុ ដែលគណបក្សទាំងពីរប្រឈម គឺជាមធ្យោបាយល្អសម្រាប់មនុស្សជំនាន់ក្រោយ និងបង្ហាញថា គណបក្សជាប់ឆ្នោតទាំងពីរពិតជាមានមនសិការស្នេហាជាតិ។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១៥ សីហា នៅភូមិគ្រឹះមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ២ថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួនពីបទក្លែងឯកសារសាធារណៈ។
ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ អះអាងថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា អនុម័តដកអភ័យឯកសិទ្ធិនេះ គឺរំលោភច្បាប់កម្ពុជា ទាំងស្រុង។ លោកបន្តថា លោក ហុង សុខហួរ មិនបានបង្កភាពអសន្តិសុខក្នុងសង្គមដូចការចោទប្រកាន់របស់តុលាការ និងគណបក្សកាន់អំណាចនោះឡើយ៖ «ការចោទថាប្រើឯកសារក្លែងក្លាយគឺគាត់មិនប្រើផង។ គាត់សម្តែងយោបល់ទៅលើឯកសារ ហើយគាត់មិនបានថាក្លែង ឬមិនក្លែងផង ហើយចំពោះការញុះញង់បង្កអសន្តិសុខសង្គមអី គឺដូចអត់មានទេ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា ការប្រជុំដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺប្រព្រឹត្តទៅតាមបទល្មើសជាក់ស្តែង និងស្របតាមមាត្រា ១០៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្តថា លោកសោកស្ដាយចំពោះសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលធ្វើពហិការមិនចូលប្រជុំពេញអង្គព្រឹទ្ធសភា។ ការធ្វើបែបនេះ ឆ្លុះបញ្ចាំងថា សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងខ្លាចការពិត និងមិនសហការចូលរួមសន្ទនាដើម្បីរកចំណុចរួមមួយ៖ «បទល្មើស ជាក់ស្ដែងគឺត្រូវតែសមត្ថកិច្ចគេចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន ហើយបញ្ជូនឯកសារឱ្យព្រឹទ្ធសភា និងប្រធានព្រឹទ្ធសភា»។
លោកបញ្ជាក់ថា សមត្ថកិច្ច និងតុលាការ អាចបន្តការងាររបស់ខ្លួនបន្តទៀត ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
កាលពីថ្ងៃទី១៦ សីហា តុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ លោក ហុង សុខហួរ ចំនួន ៣ករណី គឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងបទញុះញង់បង្កឲ្យមានភាពចលាចលក្នុងសង្គម ហើយតុលាការសម្រេចបញ្ជូន លោក ហុង សុខហួរ ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។