គ្រូបង្រៀន​នៅ​ពោធិ៍សាត់​ចោទ​ប្រធាន​មន្ទីរ​អប់រំ​ថា​រើសអើង​និន្នាការ​នយោបាយ

ដោយ ជិន ជេដ្ឋា
2015.04.16
សមាគម​គ្រូ​បង្រៀន ពោធិ៍សាត់ ៦១០ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ពោធិ៍សាត់។ រូបថត​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៤
RFA/Chin Chetha

គ្រូបង្រៀន និង​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ចោទ​ប្រធាន​មន្ទីរ និង​ប្រធាន​ការិយាល័យ​បុគ្គលិក​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​នេះ ថា​មាន​ចេតនា​ធ្វើ​បាប​គ្រូបង្រៀន និង​មាន​ការ​រើសអើង​និន្នាការ​នយោបាយ។

ការ​ចោទ​នេះ គឺ​បន្ទាប់​ពី​គ្រូបង្រៀន​ម្នាក់​ទាមទារ​បើក​ប្រាក់​ខែ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ដែល​មន្ទីរ​បាន​បង្កក​ចំនួន​ពីរ​ខែ។

រឿងរ៉ាវ​បង្កក​ប្រាក់​បៀវត្សរ៍​ខែ​កុម្ភៈ និង​ខែ​មីនា ឆ្នាំ​២០១៥ របស់ លោក សោម សារាវុត ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។ លោកគ្រូ​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ លោក​បាន​ទៅ​សួរ​រក​បើក​ប្រាក់​ខែ​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ ប៉ុន្តែ​ប្រធាន​មន្ទីរ និង​បក្ខពួក​បាន​គាប​សង្កត់ និង​និយាយ​រឿង​នយោបាយ​ច្រើន​ជាង​រឿង​បើក​ប្រាក់​ខែ​ទៅ​វិញ។

លោក សោម សារាវុត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ថា ករណី​បង្កក​ប្រាក់​ខែ​លោក គឺ​ជា​រឿង​អយុត្តិធម៌​នៅ​ក្នុង​ស្ថាប័ន​អប់រំ ដោយ​ថ្នាក់​ដឹក​នាំ​មន្ទីរ ឬ​ការិយាល័យ​អប់រំ មិន​បាន​គិតគូរ​ស្រាវជ្រាវ​រក​ហេតុផល​ពិត​ប្រាកដ ដែល​លោក​ជាប់​ពន្ធនាគារ គឺ​រង់ចាំ​តែ​បង្កក​ប្រាក់​ខែ​កូន​ចៅ​ក្រោម​ឱវាទ​របស់​ខ្លួន។ លោក​ថា នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ លោក​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​មួយ​តាម​រយៈ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទៅ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ឲ្យ​ស៊ើប​អង្កេត​ករណី​លោក​ជាប់​ពន្ធនាគារ និង​បង្កក​ប្រាក់​ខែ​ដោយ​អយុត្តិធម៌​កាល​ពី​ពេល​កន្លង​ទៅ​នេះ៖ «គាត់​ហៅ​អនុ​ប្រធាន​គ្នា​គាត់​មក​ចោមរោម​ខ្ញុំ​ច្រើន​ណាស់ ដើម្បី​ដាក់​សម្ពាធ! ប៉ុន្តែ​ចំណុច​ដែល​ខ្ញុំ​ចាំ គឺ​គាត់​សួរ​ថា លោកគ្រូ​នៅ​គណបក្ស​ណា? ហើយ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា នៅ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​រឿង​ចំណុច​មួយ​ទៀត​គិត​ថា​ជា​រឿង​រង្កៀស​នោះ សម្រាប់ លោក ម៉ែន សំអាត ប្រធាន​ការិយាល័យ​បុគ្គលិក​ថា ប្រាក់​ខែ​ដែល​គាត់​បង្កក​នេះ​មិន​ដឹង​ថា​ក្រសួង​បើក​ឲ្យ ឬ​អត់»

មន្ទីរ​អប់រំ បាន​ស្នើសុំ​បង្កក​ប្រាក់​ខែ លោក សោម សារាវុត ចំនួន​ពីរ​ខែ បន្ទាប់​ពី​តុលាការ​ចោទ​ប្រកាន់ និង​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ក្រោម​បទ​ចោទ​ឆបោក​ទាក់ទង​នឹង​រឿង​ទិញ​លក់​ដីធ្លី​មួយ​កន្លែង កាល​ពី​ឆ្នាំ​២០០៨។ រយៈពេល​ជិត​ពីរ​ខែ​នៅ​ក្នុង​ពន្ធនាគារ ធ្វើ​ឲ្យ​លោក​ខាន​បាន​ទៅ​បង្រៀន​សិស្ស​ជិត​ពីរ​ខែ​ដែរ។ ក្រោយ​ចេញ​ពី​ពន្ធនាគារ​ភ្លាមៗ​លោក​ប្រកាស​ថា ការ​ចាប់​ខ្លួន​លោក​ដាក់​គុក ហើយ​បង្កក​ប្រាក់​ខែ គឺ​ចេតនា​ធ្វើ​បាប​របស់​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ និង​អាជ្ញាធរ​មូលដ្ឋាន​មក​លើ​រូប​លោក ដោយសារ​កន្លង​ទៅ​រូប​លោក​មាន​ភាព​សកម្ម​ក្នុង​ការ​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់ លោក សួង សុភី បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ឬ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៥ ក្រោយ​បុណ្យ​ចូល​ឆ្នាំ មន្ទីរ​នឹង​ធ្វើ​សំណើ​ទៅ​ក្រសួង ដើម្បី​បើក​ប្រាក់​ខែ​ដែល​បង្កក​នោះ​ឲ្យ​លោកគ្រូ​វិញ ពីព្រោះ​នៅ​ពេល​តុលាការ​ចាប់​ខ្លួន លោក សោម សារាវុត នោះ មន្ទីរ​បាន​រាយការណ៍​ទៅ​ក្រសួង​សុំ​ឲ្យ​បង្កក​ប្រាក់​ខែ។ លោក​ថា ការ​សម្រេច​បង្កក​ប្រាក់​ខែ ឬ​មិន​បង្កក មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ គឺ​ជា​នីតិវិធី​របស់​តុលាការ ហើយ​ស្ថាប័ន​អប់រំ​រង់ចាំ​តែ​បង្កក ឬ​ចាត់​ចែង​រឿង​ប្រាក់​ខែ​នោះ​យ៉ាង​ណា​ទៅ​តាម​តុលាការ​ស្នើ​មក​ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​មាន​និយាយ​រឿង​គណបក្ស​អី​ទេ ខ្ញុំ​និយាយ​គាត់​ជា​បុគ្គលិក​របស់ ពេល​ដែល​គាត់​មាន​រឿងរ៉ាវ​អី​យើង​អនុវត្ត​តាម​គោលការណ៍​របស់​តុលាការ។ រឿង​គេ​ចាប់​គាត់​ជា​រឿង​ឯកជន​របស់​គាត់​តើ មិន​មែន​រឿង​គណបក្ស​ណា»

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម តារានី យល់​ថា ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ​មាន​ចេតនា​ធ្វើ​បាប និង​ក្រោយ​មក​ចង់​អូស​ទាញ លោក សោម សារាវុត ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​លោក​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហើយ​ជា​គ្រូបង្រៀន​ម្នាក់​សកម្ម​នឹង​ការងារ​បង្រៀន​សិស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។