ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តពោធិ៍សាត់ បារម្ភថា ការសិក្សា និងផ្លូវចិត្តរបស់សិស្សកម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យអាចប៉ះពាល់ដោយសារការជ្រៀតជ្រែកផ្នែកនយោបាយរបស់គណបក្សកាន់អំណាចលើស្ថាប័នអប់រំ។ ការបារម្ភនេះ កើតមានក្រោយពីថ្នាក់ដឹកនាំវិទ្យាល័យពោធិ៍សាត់ ចែកអាវយឺតគណបក្សប្រជាជនកម្ពុជា ឲ្យសិស្សក្នុងម៉ោងសិក្សា។
មន្ត្រីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រិះគន់ថា សេចក្ដីណែនាំ ឬបទបញ្ជារបស់ក្រសួងអប់រំយុវជន និងកីឡា គឺមានប្រសិទ្ធភាពតែចំពោះគ្រូបង្រៀនដែលពុំមាននិន្នាការទៅកាន់គណបក្សអំណាច ប៉ុន្តែនឹងពុំមានប្រសិទ្ធភាពឡើយចំពោះថ្នាក់ដឹកនាំ ឬគ្រូបង្រៀនណាដែលមាននិន្នាការទៅរកគណបក្សប្រជាជន។
លោកស្រី គឹម តារានី ដែលជាប្រធានសមាគមប្រចាំខេត្តពោធិ៍សាត់ ថ្លែងនៅថ្ងៃទី៣០ ខែមិថុនា ថា សកម្មភាពរបស់ថ្នាក់ដឹកនាំ និងគ្រូបង្រៀនខ្លះនៅវិទ្យាល័យពោធិ៍សាត់ ដែលចែកអាវយឺតពណ៌ផ្កាឈូកនៅផ្នែកខាងមុខ មានស្លាកគណបក្សប្រជាជនកម្ពុជា និងនៅខាងក្រោយមានដាក់ពាក្យថា "ខ្ញុំស្រឡាញ់គណបក្សប្រជាជនកម្ពុជា" ដល់សិស្សកាលពីថ្ងៃទី២៥ ខែមិថុនា នោះ គឺបង្ហាញពីបក្សនិយម និងការរំលោភច្បាប់។
លោកស្រីថា បានទទួលដំណឹង និងទៅទាន់នៅនាទីចុងក្រោយ ឃើញសិស្សកាន់អាវគណបក្សនៅក្នុងសាលា បន្ទាប់ពីថ្នាក់ដឹកនាំសាលាចែកឲ្យសិស្សនៅម៉ោងប្រមាណ ៩ព្រឹក រួចឲ្យចេញទៅផ្ទះ៖ «សិស្សស្រីហ្នឹងគ្រាន់តែប្រាប់ថា គេចែកឲ្យសម្រាប់ពាក់ទៅចូលរួមប្រជុំនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ប្រជុំនៅអូរចំបក់ គឺនៅទីស្នាក់ការគណបក្សប្រជាជន។ សេចក្ដីប្រកាសហាមហើយហាមទៀត មានចែកក្រដាសជូនគ្រូទៀត ប៉ុន្ដែគាត់នៅតែប្រព្រឹត្ដ ហើយខ្ញុំជឿថា ថ្នាក់ដឹកនាំសាលាមិនប្រព្រឹត្ដចិត្ដឯងទេ ច្បាស់ជាមានបញ្ជាពីថ្នាក់លើហើយ ព្រោះគាត់អត់មានអាវអស់ហ្នឹងទេ អ៊ីចឹងវាស្ដែងចេញនូវបក្សនិយម បើនិយាយពីបក្សផ្សេងអត់បាន តែដល់គណបក្សកាន់អំណាច គឺត្រូវគាង គរសិស្សឲ្យគាំទ្រ ឬគាងគរឲ្យពាក់អាវសម្ដែងចេញ»។
ទាក់ទងបញ្ហានេះ ទាំងប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តពោធិ៍សាត់ លោក លី សុគន្ធី និងនាយកវិទ្យាល័យពោធិ៍សាត់ បដិសេធមិនអត្ថាធិប្បាយអ្វីឡើយ ដោយលោកទាំងពីរប្រាប់ថាកំពុងជាប់រវល់។ ប៉ុន្តែបើតាមព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លោក លី សុគន្ធី បានច្រានចោលការចោទប្រកាន់នេះ ហើយថា សិស្សបានអាវនោះមកពីកន្លែងផ្សេងក្រៅពីសាលា។
បន្ថែមលើសេចក្ដីណែនាំលេខ៣៨ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានចេញលិខិតថ្មីមួយទៀតជម្រាបទៅថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសឲ្យទប់ស្កាត់ការធ្វើសកម្មភាពនយោបាយ ឬឃោសនានយោបាយនៅក្នុងស្ថាប័នអប់រំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដោយយោងលើច្បាប់ពីការអប់រំ ឆ្នាំ២០០៧។
ខ្លឹមសារនៃលិខិតក្រើនរំលឹកនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាឲ្យថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាទាំងអស់ចាត់វិធានការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តខ្លឹមសារមាត្រា៣៤ នៃច្បាប់ស្ដីពីការអប់រំ មាត្រា៣៧ នៃច្បាប់ពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងសេចក្ដីណែនាំលេខ៣៨ ឲ្យមានប្រសិទ្ធភាព។
ការពង្រឹងនេះ គឺដើម្បីឆ្លើយតបស្ថានការណ៍បច្ចុប្បន្ន និងពេលខាងមុខដែលគណបក្សនយោបាយនានាដែលត្រូវការឃោសនា ផ្សព្វផ្សាយនូវកម្មវិធីនយោបាយ និងពង្រឹងរបៀបឈ្នះរៀងៗខ្លួន តាមរយៈការរៀបចំវេទិកា ចែកចាយសម្ភារៈ សំលៀកបំពាក់ ឬវត្ថុផ្សេងទៀតដែលបម្រើឲ្យសកម្មភាព ឬឃោសនានយោបាយ ដោយជ្រៀតចូលក្នុងគ្រឹះស្ថានសិក្សា ឬអង្គភាពនានា ដែលផ្ទុយនឹងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
