ក្រុម​អាវ​លឿង​ថៃ​អះអាង​ថា​ចាប់​បាន​ខ្មែរ​៥​នាក់

មេដឹកនាំ​ក្រុម​បាតុករ​អាវ​លឿង​ថៃ លោក ស៊ូថេប ថងស៊ូបាន (Suthep Thaugsuban) បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​លោក​ថា ក្រុម​របស់​លោក​បាន​ចាប់​ជនជាតិ​ខ្មែរ ៥​នាក់​ទៀត​កាល​ពី​យប់​ថ្ងៃ​ទី​៤ ធ្នូ ដែល​គេ​ចោទ​ថា បាន​ស៊ី​ឈ្នួល​គេ​ដើម្បី​ទៅ​បង្ក​ហេតុ​នៅ​ក្នុង​ព្រះរាជ​ពិធី​ខួប​កំណើត​ស្ដេច​ថៃ។

លោក ស៊ូថេប បាន​អះអាង​ថា មេ​ភូមិ​ប៉ាធុមថានី ជា​អ្នក​ផ្ដើម​គំនិត​ជួល​ជន​ជាតិ​ខ្មែរ​ទាំង ៥​នាក់​នោះ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​បំភ្លឺ​ពី​មន្ត្រី​រាជទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែ​ធ្នូ។

នេះ​ជា​ព័ត៌មាន​លើក​ទី​២​ហើយ​ដែល​ថា ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​ចាប់​ជន​ជាតិ​ខ្មែរ។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ទូរទស្សន៍​​ថៃ ប៉ុស្តិ៍​លេខ​៣ បាន​ចាក់​ផ្សាយ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​នោះ ដោយ​ចាប់​ដាក់​រថយន្ត​ចោទ​ថា ជនជាតិ​ខ្មែរ​ពីរ​នាក់​នោះ​បាន​ព្យាយាម​លួច​ជ្រៀត​ចូល​កន្លែង​ធ្វើ​បាតុកម្ម និង​ស្វែង​យល់​ពី​ស្ថានភាព​បាតុកម្ម​ជាក់​ស្ដែង ហើយ​មាន​បំណង​បំផ្លាញ​ពួក​បាតុករ​ថៃ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក អ្នកស្រី យូ អយ បាន​អះអាង​ថា ពុំ​មាន​ព័ត៌មាន​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​នេះ​ទេ។

អ្នកស្រី យូ អយ បាន​ផ្ញើ​សារ​អេឡិចត្រូនិក ដោយ​ភ្ជាប់​នូវ​លិខិត​បំភ្លឺ​ពី​មន្ត្រី​ជាន់​ខ្ពស់​ថៃ​ថា នគរបាល​ថៃ ពុំ​បាន​ចាប់​ខ្លួន​បុរស​ខ្មែរ​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី​២ ធ្នូ នោះ​ទេ ហើយ​នគរបាល​ថៃ នឹង​តាម​ដាន​អំពី​ព័ត៌មាន​នៃ​ការ​ចាប់​ខ្លួន​នេះ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕