មន្ត្រី​ទូត​ថៃ​បដិសេធ​ថា​អាជ្ញាធរ​មិន​បាន​ប្រើ​ហិង្សា​ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ បដិសេធ​ថា មិន​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដ៏​ច្រើន​សន្ធឹកសន្ធាប់​វិល​មក​កម្ពុជា ទាំង​បង្ខំ ឬ​ប្រើ​ហិង្សា​លើ​រាង​កាយ​ដូច​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ទេ។ បញ្ហា​នេះ មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ថ្លែង​ថា កំពុង​ពិនិត្យ​លើ​បញ្ហា​បញ្ជូន​ពលករ​ខ្មែរ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ថៃ ជា​ធម្មតា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក សេក វណ្ណមេធី បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដោយ​ច្រាន​ចោល​រាល់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​ថា ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដោយ​ហិង្សា ឬ​បំផ្លាញ​ឯកសារ​ធ្វើ​ដំណើរ​របស់​ពលករ​ខ្មែរ ចូល​ទៅ​ប្រទេស​ថៃ ទាំង​ស្រប និង​ខុស​ច្បាប់។

អ្នក​នាំ​ពាក្យ​រូប​នេះ​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ មក​កម្ពុជា ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​ធ្វើ​ដោយ​ការ​ស្ម័គ្រ​ចិត្ត ព្រោះ​ពលករ​ខុស​ច្បាប់​ទាំង​នោះ បាន​ស្ម័គ្រ​ចិត្ត​រាយការណ៍​ដល់​អាជ្ញាធរ​ថៃ ហើយ​ការិយាល័យ​អន្តោប្រវេសន៍​ថៃ ខេត្ត​ស្រះកែវ បាន​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ជួយ​សម្រួល​លើ​ផ្នែក​ដឹក​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ចាប់​បង្ខំ​ពលករ​កម្ពុជា ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ថ្លែង​ថា មាន​ព្រភព​ខុស​គ្នា​ជុំវិញ​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ពេល​នេះ។ លោក​ថា សម្រាប់​ភាគី​ថៃ បាន​អះអាង​ថា នៅ​បន្ត​ទំនាក់ទំនង​ជាមួយ​កម្ពុជា ជា​ធម្មតា ហើយ​បដិសេធ​ថា មិន​បាន​រំលោភ​ដល់​សិទ្ធិ​ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំង​នោះ​ទេ៖ «មួយ​ទៀត​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ ក៏​គេ​បាន​បញ្ជាក់​ដែរ​ថា ចំណុច​ខ្លះ​ដោយសារ​ពលករ​ខ្លួន​ឯង​មាន​ការ​ភ័យ​ខ្លាច ដោយសារ​តែ​ព័ត៌មាន​ចចាមអារ៉ាម​ត​ទៅ​មាត់​មួយ​ទៅ​មាត់​មួយ​ហ្នឹង ពលករ​មួយ​ចំនួន​ក៏​ស្ម័គ្រ​ចិត្ត​ទៅ​ស្ថានីយ​ប៉ូលិស ដើម្បី​ឲ្យ​សមត្ថកិច្ច​ថៃ ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​គេ​ត្រឡប់​មក​ប្រទេស​ខ្មែរ​យើង​វិញ។ អា​ហ្នឹង​តាម​ការ​បញ្ជាក់​ខាង​ភាគី​ថៃ នោះ​បាទ»

បញ្ហា​នេះ លោក កុយ គួង បញ្ជាក់​ថា មន្ត្រី​ការទូត​កម្ពុជា និង​ថៃ បាន​បន្ត​ធ្វើ​ការងារ​ជាមួយ​គ្នា​ជា​ធម្មតា ហើយ​ថា ការ​បញ្ជូន​ពលករ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ មិន​មែន​មាន​តែ​ពលករ​ខុស​ច្បាប់​កម្ពុជា ទេ គឺ​មាន​ពលករ​ខុស​ច្បាប់​ប្រទេស​ផ្សេងៗ​ទៀត ក៏​ត្រូវ​អនុវត្ត​ដូច​គ្នា​ដែរ៖ «មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​យើង​វិល​ត្រឡប់​មក​ច្រើន​នោះ គឺ​អាជ្ញាធរ​យោធា​ថៃ ហ្នឹង​គេ​មិន​បាន​បណ្ដេញ​ទេ ក៏ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​ក្រុមហ៊ុន សហគ្រាស រោងចក្រ​ឯកជន​ថៃ ហ្នឹង ​បញ្ឈប់​ការ​ប្រើប្រាស់​ពលករ​ខុស​ច្បាប់។ ដូច្នេះ​ហើយ សហគ្រាស​ឯកជន សហគ្រាស​រោងចក្រ និង​ក្រុមហ៊ុន​ទាំងអស់​នោះ គឺ​ដើម្បី​ជៀសវាង​ផ្ដន្ទាទោស​ដោយ​តុលាការ​យោធា​ថៃ គេ​បាន​ប្រាប់​ដល់​ពលករ​មិន​ស្រប​ច្បាប់​ផ្សេងៗ​ហ្នឹង​ត្រឡប់​មក​ស្រុក​វិញ ហើយ​ក្នុង​ហ្នឹង​ក៏​មាន​ពលករ​ខ្មែរ​យើង​ដែរ។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា អា​រឿង​បញ្ជូន​ពលករ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ មិន​មែន​ប្រាប់​តែ​ពលករ​ខ្មែរ​ខុស​ច្បាប់​ទេ គឺ​ប្រាប់​ដល់​ពលករ​ខ្មែរ​ខុស​ច្បាប់​ទូទៅ ក្នុង​ហ្នឹង​មាន​ពលករ​ខុស​ច្បាប់​ភូមា ឬ​មីយ៉ាន់ម៉ា និង​ពលករ​ខុស​ច្បាប់​ឡាវ ផង​ដែរ»

ត្រង់​ចំណុច​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក សេក វណ្ណមេធី ក៏​បាន​បញ្ជាក់​ក្នុង​លិខិត​ថា អាជ្ញាធរ​ថៃ បាន​យល់​ច្បាស់​ពី​សារសំខាន់​របស់​ពលករ​ប្រទេស​ជិត​ខាង ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ថៃ ទើប​ត្រូវ​រៀបចំ​ការ​គ្រប់គ្រង​ឲ្យ​មាន​ជា​ប្រព័ន្ធ និង​ឯកភាព​គ្នា ព្រម​ទាំង​កម្ចាត់​ការ​ស្វែងរក​ផល​ប្រយោជន៍​ពី​ការ​នាំ​ចូល​ពលករ​កម្ពុជា ចូល​ប្រទេស​ថៃ ខុស​ច្បាប់ ដើម្បី​ការពារ​បញ្ហា​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​ជួញ​ដូរ​មនុស្ស។ ជាង​នេះ បើ​សិន​ជា​នៅ​ថ្ងៃ​អនាគត ពលករ​កម្ពុជា ដែល​វិល​ត្រឡប់​មក​កម្ពុជា មាន​បំណង​វិល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ វិញ ក្រសួង​ការ​បរទេស​ថៃ ណែនាំ​អោយ​ពលករ​កម្ពុជា ទាំងអស់ ត្រូវ​បង្ហាញ​បំណង​តាម​រយៈ​បែបបទ​ការ​ជួល​ពលករ និង​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​ថៃ ឲ្យ​បាន​ត្រឹមត្រូវ និង​ស្រប​ច្បាប់។

បញ្ហា​នេះ​ដែរ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស ច្រាក់ (CHRAC) ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​២១ បាន​ថ្កោលទោស​រដ្ឋាភិបាល​យោធា​ថៃ ដែល​បណ្ដេញ​ពលករ​ចំណាក​ស្រុក​កម្ពុជា ដ៏​សម្បើម និង​ស្នើ​ឲ្យ​ភាគី​ថៃ ត្រូវ​គិត​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា បាន​អំពាវនាវ​ចំពោះ​រដ្ឋាភិបាល​ថៃ ត្រូវ​ប្រព្រឹត្ត​មក​លើ​ពលករ​ចំណាក​ស្រុក​កម្ពុជា ប្រកប​ដោយ​មនុស្សធម៌ ព្រម​ទាំង​គោរព​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួក​គេ។ សេចក្តី​ថ្លែងការណ៍​ដដែល​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា មក មាន​ពលករ​កម្ពុជា ប្រហែល ៤​ម៉ឺន​នាក់ បាន​ចាក​ចេញ​ដោយ​ខ្លួន​ឯង ឬ​ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​ប្រទេស​ថៃ ដោយ​រដ្ឋាភិបាល​យោធា​ថៃ។

ជាង​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​សាក្សី​ដែល​គួរ​ជឿ​បាន​ថា មាន​ពលករ​ចំណាក​ស្រុក ៩​នាក់ ត្រូវ​ថៃ បាញ់​សម្លាប់ ឬ​វាយ​ដំ​ពី​កម្លាំង​ប្រដាប់​អាវុធ​យោធា​ថៃ ថែម​ទៀត។

បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍ លោក សួន ប៊ុនស័ក្តិ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម បាន​ស្នើ​ឲ្យ​ប្រទេស​ថៃ គោរព​ច្បាប់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស។ លោក​ថា សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស គឺ​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ចែង​ក្នុង​មាត្រា​១ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស (UNDHR) ដែល​ទាំង​ប្រទេស​ថៃ និង​កម្ពុជា ជា​ប្រទេស​ហត្ថលេខី៖ «ខ្ញុំ​គិត​ថា​អ្វី​ដែល​ជា​ទង្វើ​របស់​រដ្ឋាភិបាល​ថៃ បច្ចុប្បន្ន ធ្វើ​ចំពោះ​ពលករ​ចំណាក​ស្រុក​កម្ពុជា ហ្នឹង គឺ​ជ្រុល​ដៃ ហើយ​សាហាវ និង​អមនុស្សធម៌​ហើយ។ រឿង​នេះ គឺ​បំពារបំពាន​ទៅ​លើ​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សកល​អង្គការ​សហប្រជាជាតិ ដែល​មនុស្ស​ជាតិ​ជាទូទៅ​នៅ​លើ​សកលលោក បាន​ទទួល​ស្គាល់​តម្លៃ​មនុស្ស​ជាតិ​ទាំងអស់​គ្នា​ហ្នឹង។ ដូច្នេះ​រដ្ឋាភិបាល​ថៃ ក្នុង​ឋានៈ​ជា​រដ្ឋ​មួយ​ដែល​មាន​អរិយធម៌​ខ្ពង់ខ្ពស់​គួរ​សម​ដែរ គឺ​មិន​គួរ​ណា​ប្រព្រឹត្ត​ទៅ​លើ​ជន​កម្ពុជា យ៉ាង​ដូច្នេះ​ទេ»

លោក សួន ប៊ុនសក្តិ ក្នុង​នាម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា នៅ​តែ​ចាត់​ទុក​រដ្ឋាភិបាល​យោធា​ថៃ ថា​បាន​បណ្ដេញ​ពលករ​ខ្មែរ​ទាំង​បង្ខំ ដោយ​ការ​ដាក់​ពួក​គេ​ក្នុង​ឡាន​ទ្រុង​ណែន​តាន់តាប់​ដូច​សត្វ​ធាតុ។

ដូច​គ្នា​ដែរ​សម្រាប់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សន្និសីទ​កាសែត ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​ចាត់​ទុក​ការ​បញ្ជូន​ពលករ​ខ្មែរ​របស់​អាជ្ញាធរ​ថៃ ថា​ជា​រឿង​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កម្ពុជា។ ករណី​នេះ លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ឲ្យ​មាន​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ស្នើ​ឲ្យ​អនុវត្ត​ច្បាប់​គោលការណ៍​មនុស្សធម៌​សម្រាប់​ពលករ​ខ្មែរ​គ្រប់ៗ​រូប។

ក្រសួង​ការងារ​នឹង​រៀបចំ​ផ្ដល់​សេវា​ការងារ និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៃ បញ្ជូន​មក​កម្ពុជា

ទាក់ទង​នឹង​ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ មក​កម្ពុជា វិញ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​ចេញ​សេចក្តី​ប្រកាស​ជូន​ដំណឹង​ថា ក្រសួង​នឹង​រៀបចំ​ការ​ផ្តល់​សេវា​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ជូន​ដល់​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៃ បញ្ជូន​មក​កម្ពុជា វិញ។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ទាំង​នោះ​រួម​មាន ជំនាញ​ផ្នែក​ឧស្សាហកម្ម បច្ចេកទេស សិប្បកម្ម សេវាកម្ម ទេសចរណ៍ និង​កសិកម្ម ដែល​មាន​រយៈ​ពី​១​សប្ដាហ៍​ដល់ ៤​ខែ។ ចំពោះ​ព័ត៌មាន​បន្ថែម ពលករ​អាច​ទៅ​សាកសួរ​នៅ​ស្តង់​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ឬ​ទំនាក់ទំនង​ទៅ​កាន់​មជ្ឈមណ្ឌល​ការងារ​របស់​ក្រសួង នៅ​តាម​បណ្ដា​រាជធានី ខេត្ត​ទាំង​៣៨ ឬ​ទូរស័ព្ទ​មក​កាន់​លេខ ០១២ ៦៧២ ៦៤៤ ឬ ០១២ ២២៣ ១៨៩ ឬ ០១៧ ៨៥៥ ១៤៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។