អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​​​ខុស​ច្បាប់​​មក​ឱ្យ​កម្ពុជា​វិញ

0:00 / 0:00

រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១៥ នេះ ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ខេត្ត​ស៊ីសាកេត និង​ខេត្ត​សុរិន្ទ ដែល​ជាប់​ព្រំដែន​គ្នា​ជាមួយ​ខេត្ត​ឧត្តរមានជ័យ របស់​ខ្មែរ បាន​បន្ថយ​សកម្មភាព​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់។ ចំណែក​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ទៅ​កាប់​ឈើ​ខុសច្បាប់ ក៏​នៅតែ​កើត​មាន​ជា​ហូរហែ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ នៅ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​ថ្វីត្បិតតែ​ព័ត៌មាន​អំពី​ការ​បាញ់​សម្លាប់​ដោយ​ទាហាន​ថៃ មិន​សូវ​លេច​ឭ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​តែ​បន្ត​នាំ​គ្នា​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ ដើម្បី​យក​មក​លក់​ដូរ​នៅ​ឡើយ។ ​ការ​អះអាង​របស់​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​ថៃ នៃ​ខេត្ត​ស៊ីសាកេត បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ ហើយ​បញ្ជូន​ត្រឡប់​មក​ឱ្យ​អាជ្ញាធរ​ខ្មែរ​វិញ​ជា​បន្តបន្ទាប់។

អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​លោក​វរសេនីយ៍ទោ តូច រ៉ា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា កន្លង​ទៅ អាជ្ញាធរ​ខេត្ត​ស៊ីសាកេត របស់​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១០​នាក់ មក​ឱ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ វិញ។

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​គឺ​ជា​អ្នក​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង និង​ចូល​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់។ លោក​វរសេនីយ៍ទោ តូច រ៉ា ឱ្យ​ដឹង​ថា ថ្វីត្បិតតែ​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ គឺ​ប្រថុយ​នឹង​គ្រោះថ្នាក់​ក៏ដោយ ក៏​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​មុខ​របរ​នេះ៖ «មួយ​ចំនួន​តូច​ក៏​នៅ​តែ​បន្ត​ទៅ​រក​ប៉ុន​កំភួនជើង ១-២​ដុំ​ស្ពាយ​មក​វិញ អ៊ីចឹង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ​បើ​ហាមឃាត់​មិន​ស្ដាប់»

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​ទំនប់ដាច់ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ច្រក​របៀង​ព្រំដែន​ខ្មែរ-​ថៃ ចំនួន ៣ គឺ​ច្រក​ចំបក់កោង ជិត​ភូមិ​ទំនប់អភិវឌ្ឍន៍ ច្រក​អូរខ្សាច់ និង​ច្រក​ទឹកជប់ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ នៅ​តែ​មាន​ការ​ជួល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឡើង​​ភ្នំ​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ថៃ យក​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ​នៅ​ឡើយ។

ស្ត្រី​អ្នក​ភូមិ​ទំនប់ដាច់ ស្រុក​ត្រពាំងប្រាសាទ ១​រូប អះអាង​ថា ប្អូន​ប្រុស​ជីដូនមួយ​របស់​គាត់​ម្នាក់​ឈ្មោះ ឆាង ប៊ុនធឿន អាយុ ៤៥​ឆ្នាំ ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា កន្លង​ទៅ​នៅ​ពេល​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង។

ក្រុម​គ្រួសារ​របស់​គាត់​កំពុង​ព្យាយាម​លួច​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​យក​សាកសព​សាច់ញាតិ​ដែល​ទាហាន​ថៃ បាញ់​ស្លាប់​នោះ​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី៖ «គេ​ថា សាកសព​ហ្នឹង​នៅ​លើ​ខ្នងភ្នំ​ក្នុង​ទឹកដី​ថៃ នៅ​ឆ្ងាយ​មែន​ទែន​ប្រហែល ៤០​គីឡូម៉ែត្រ​ឡើង​ភ្នំ​ចុះ​ភ្នំ»

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ អះអាង​ថា រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១៥ នេះ ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​ស៊ីសាកេត និង​ខេត្ត​សុរិន្ទ បាន​កាត់​បន្ថយ​ការ​បាញ់​សម្លាប់​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ ក៏ប៉ុន្តែ​ការ​ចាប់​ខ្លួន​ទៅ​កាត់ទោស​នៅ​តែ​កើត​មាន​ជា​ហូរហែ។

មន្ត្រី​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ច្រក​ជាំសាង៉ាំ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ខែ​កុម្ភៈ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៥ គឺ​ទាហាន​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គេ​ចាប់​ខ្លួន​ពី​បទ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់ ប្រគល់​មក​ឱ្យ​អាជ្ញាធរ​ខ្មែរ​វិញ​ចំនួន ៩០​នាក់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។