ថៃ​រឹត​បន្តឹង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ផ្ទះ​នៅ​តាម​ខ្សែ​បន្ទាត់​ច្រក​ជាំសាង៉ាំ

ទាហាន​យាម​ការពារ​ព្រំដែន​របស់​ថៃ នៅ​ចំណុច​ច្រក​ជាំសាង៉ាំ ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ហាម​ប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​សង់​ផ្ទះ និង​តូប​លក់​ដូរ​ឥវ៉ាន់​នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន ក្នុង​ទឹកដី​របស់​ខ្មែរ​នោះ​ទេ។ គេ​មិន​បាន​ដឹង​អំពី​មូលហេតុ​នៃ​ការ​ហាមប្រាម​នោះ​ឡើយ។
ដោយ ម៉ម មុនីរតន៍
2013-02-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រំដែន ជាំសាង៉ាំ ៣០៥
១៧-កុម្ភៈ-២០១៣៖ រូប​សំណាក​អ្នកតា​នៅ​ផ្លូវ​ឡើង​ទៅ​កាន់​ច្រក​ជាំសាង៉ាំ ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។
RFA/Morm Moniroth

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ច្រក​ជាំសាង៉ាំ មិន​សប្បាយ​ចិត្ត ដោយ​ពួកគេ​មិន​អាច​ធ្វើ​សំណង់​ផ្សេងៗ​ក្នុង​ទឹកដី​ខ្មែរ​ដែល​ឋិត​នៅ​ក្បែរ​ ព្រំដែន​ថៃ​បាន។

លោកស្រី ហ៊ុប វណ្ណា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​នឹង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ជួប​ផល​លំបាក​ក្នុង​សាងសង់​លំនៅឋាន ឬ​ទីជម្រក​សម្រាប់​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ ព្រោះ​តែ​ត្រូវ​យោធា​ឈុត​ខ្មៅ​ថៃ ហាម​ឃាត់ សូម្បី​ក្នុង​ទឹកដី​របស់​ខ្មែរ​ហើយ​ក៏ដោយ។

លោកស្រី​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ ភាគី​ថៃ​អាច​ធ្វើ​អ្វី​បាន​តាម​សម្រួល ពុំ​មាន​ការ​រំខាន​ណា​មួយ​នោះ​ឡើយ ដោយ​រួម​ទាំង​ការ​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ​ផង​នោះ៖ «វា​ រុះរើ​ចេញ វា​រុះរើ​ចេញ​ទៅ ដល់​ពេល​គេ​អត់​ឲ្យ​ធ្វើ​ទេ គេ​អត់​ឲ្យ​ធ្វើ បាន​ខ្ញុំ​ដូរ​​មក​នៅ​ខាង​ណេះ...។ បាន​ធ្វើ​គេ​រក​រឿង ហើយ​កាល​មុន​ជីក​អា​បង្គោល​របង ធ្វើ​របង​កន្លែង​នោះ ក៏​គេ​អត់​ឲ្យ​ធ្វើ​ដែរ។ ផ្លូវ​នេះ​កន្លែង​ផ្ទះ​លក់​បន្លែ​ហ្នឹង ក៏​គេ​អត់​ឲ្យ​ធ្វើ​ដែរ ថៃ​អត់​ឲ្យ​ធ្វើ។ ដី​ខ្មែរ ដី​ខ្មែរ​ត្រឹម​ព្រំ​ស ស្ថានីយ​សាំង​ហ្នឹង»

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លោក រ៉ុង ឈុន គិត​ថា ការ​បន្ត​ជ្រៀតជ្រែក​ពី​សំណាក់​ភាគី​ថៃ ចូល​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា វា​ការ​​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​រដ្ឋ​ដែល​មាន​បូរណភាព​ទឹក​ដី និង​ឯករាជ្យ​ភាព​ជាតិ​ពេញលេញ​នោះ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​លោក ចាម គា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ នៃ​ច្រក​ជាំសាង៉ាំ ឈម​នឹង​ខេត្ត​ស៊ីសាកេត របស់​ថៃ​នេះ ពុំ​អាច​មាន​លទ្ធភាព​ដើម្បី​ធ្វើ​ផ្ទះ​​ស្នាក់​នៅ ឬ​តូប​លក់ដូរ​សម្រាប់​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ។

លោក​គិត​ថា ស្ថានភាព​នៃ​ការ​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស​ បច្ចុប្បន្ន ហាក់​រង​សម្ពាធ​ពី​ប្រទេស​ថៃ ទៅ​វិញ នៅ​គ្រា​រដ្ឋាភិបាល​កម្ពុជា ហាក់​ពុំ​មាន​ការ​ប្រតិកម្ម​ប្រឆាំង​នឹង​​ការ​ធ្វើ​បាប​ពលរដ្ឋ​ដែល​រស់នៅ​ តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​អធិបតេយ្យ​របស់​ខ្លួន​នោះ៖ «កន្លែង​ដែល​ យើង​រស់​នៅ​ដូច​ជា​គយ ដូច​កាំកុងត្រូល ដូច​ពួក​អន្តោប្រវេសន៍​អី​ធ្វើ​កន្លែង​ស្នាក់​នៅ​ឲ្យ​ឆ្លង​ដែន​ហ្នឹង​ណា វា​មិន​ឲ្យ​ធ្វើ​ធំដុំ​ផង​ហ្នឹង បើ​ប្រក់​ស្បូវ​ឲ្យ​នៅ​បាន។ តែ​វា​ដាក់​បាន វា​រំកិល​​ដាក់​អូស្កូ​ដាក់​មក​លើ និយាយ​ឲ្យ​ចំ​កន្លែង​ហ្នឹង អា​កន្លែង​វា​ដាក់​ដី​យើង​តែម្ដង»

បញ្ហា​នេះ​ត្រូវ​បាន​លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា អ្វី​ដែល​ពលរដ្ឋ​កម្ពុជា ក្លាយ​ជា​​ទិសដៅ​នៃ​ការ​រំលោភ​បំពាន់ និង​ជា​គោលដៅ​ចំពោះ​ការ​រំលោភ​សិទ្ធិ​រស់​នៅ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា​ នេះ នោះ​ក៏​ព្រោះ​តែ​បរិបទ​នយោបាយ​ការទូត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មាន​កម្រិត ដែល​ពុំ​អាច​ធានា​បាន​សុខ​សន្តិភាព​សម្រាប់​ពលរដ្ឋ និង​សង្គម​ខ្លួន​នៅ​ឡើយ​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ជិត​ខាង។

លោក​បន្ត​ថា៖ «អាជ្ញាធរ​សៀម ធ្វើ​បែប​នេះ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន រវាង​កម្ពុជា-សៀម នេះ​ក៏​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដឹកនាំ​កម្ពុជា​យើង​មាន​ភាព​កម្សោយ អសមត្ថភាព​ក្នុង​ការ​​ធានា គេ​ហៅ​ថា សុវត្ថិភាព​ធានា​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​កម្ពុជា ធានា​សន្តិភាព​ជូន​ពលរដ្ឋ»។

លោក សំបូរ មាណ្ណារ៉ា អនុ​ប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ កម្ពុជា អធិប្បាយ​ថា ជម្លោះ​ដណ្ដើម​ទឹក​ដី​រវាង​កម្ពុជា និង​ថៃ ជា​ទូទៅ​ត្រូវ​គេ​រក​ឃើញ​ថា កើត​ឡើង​ព្រោះ​តែ​ការ​ជ្រៀតជ្រែក​របស់​ភាគី​ថៃ។

លោក​បន្ត​ថា ជម្លោះ​នេះ​បាន​បន្ត​អូស​បន្លាយ​ជិត ១​ពាន់​ឆ្នាំ គិត​មក​ដល់​សតវត្ស​ទី​២១​នេះ៖ «បើ ​យើង​និយាយ​ពី​ប្រវត្តិ គឺ​កើត​ឡើង​នៅ​ក្នុង​អំឡុង​​នៃ​សតវត្ស​ទី​១៣ ប្រមាណ​ជា​ឆ្នាំ​១២៨០ គឺ​ក្នុង​នៅ​អំឡុង​ពេល​ព្រះរាជា​មួយ​នៃ​សម័យ​អង្គរ​ដែល​មាន​ព្រះបាទ លំពង់ រាជា។ នៅ​ពេល​នោះ​គឺ​យើង​មាន​ការ​មិន​ពេញចិត្ត​នឹង​គ្នា ឬ​ក៏​មាន​ការ​ងើបឡើង​ប្រឆាំង​តវ៉ា​ជាមួយ​ម្ចាស់​ស្រុក ដោយ​ក្រុម​នៃ​មនុស្ស​នៅ​ក្នុង​តំបន់​សុខោទ័យ ហើយ​បង្កើត​ទៅ​ជា​អរិយភាព​ក្នុង​ការ​បង្កើត​រដ្ឋ​ថ្មី គឺ​រដ្ឋ សុខោថៃ ដែល​ក្រុម​ទាំង​អស់​នោះ​បាន​ធ្វើ»

បើ​តាម​លោក សំបូរ មាណ្ណារ៉ា អ្វី​ដែល​ធ្វើ​ឲ្យ​​កម្ពុជា ធ្លាប់​តែ​ជា​អាណាចក្រ​ក្នុង​តំបន់​អាស៊ី​នៅ​​មុន​សតវត្ស​ទី​១៣ នោះ បាន​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៏​ព្រោះ​តែ​ហេតុផល​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​បញ្ហា​ធម្មជាតិ សង្គ្រាម និង​អ្នក​ដឹកនាំ​មាន​ការ​បែកបាក់​សាមគ្គី​ផ្ទៃ​ក្នុង។

លោក​គិត​ថា ហេតុ​ផល​ទាំង​នេះ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ត្រូវ​បាត់​បង់​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន៖ «ឧទាហរណ៍​ ការ​ដណ្ដើម​រាជ្យ​គ្នា​​រវាង​បងប្អូន ការ​ដណ្ដើម​រាជ្យ​គ្នា​រវាង​​ឪពុក​ក្មេក និង​កូន​ប្រសា ឬ​ក៏​ការ​ក្បត់​គ្នា ។ល។ រហូត​ទៅ​ដល់​មាន​បញ្ហា​មន្ត្រី និង​ស្ដេច​មិន​ត្រូវ​គ្នា រហូត​ទៅ​ដល់​ប្រជានុរាស្ត្រ​មួយ​ចំនួន​​លោក​បះបោរ ប្រឆាំង ។ល។ ទាំង​អស់​ហ្នឹង​គឺ​ជា​កត្តា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទន់ខ្សោយ ហើយ​នាំ​ទៅ​ដល់​ការ​បាត់បង់​ទឹកដី​របស់​យើង ប៉ែក​ខាង​លិច​ក្ដី ប៉ែក​ខាង​កើត​ក្ដី សុទ្ធ​តែ​មាន​មូលហេតុ មិន​មែន​អត់​មូលហេតុ​ទេ។ អ៊ីចឹង​ការ​សិក្សា​ប្រវត្តិសាស្ត្រ សំខាន់​ណាស់​ដើម្បី​យល់​ដឹង​ពី​បញ្ហា​នេះ»

ចំណែក​លោក កែវ សុធារ៉ា ពលរដ្ឋ​រស់នៅ​ច្រក​ជាំសាង៉ាំ និយាយ​ថា យោធា និង​អាជ្ញាធរ​ខ្មែរ​សព្វថ្ងៃ​ហាក់​បាត់​បង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ ការពារ​បូរណភាព​ទឹក​ដី និង​ពលរដ្ឋ​ខ្លួន។ លោក​បន្ត​ថា ព្រោះ​នៅ​គ្រា​យោធា​ថៃ ចុះ​បំផ្លាញ​ទ្រព្យ​សម្បត្តិ ដូច​ជា​ផ្ទះ និង​តូប​លក់​ដូរ​របស់​ពលរដ្ឋ​ក្នុង​ទឹកដី​របស់​ខ្មែរ​ពុំ​អាច​ចាត់​វិធានការ ​ណា​មួយ​ប្រឆាំង​នឹង​ទង្វើ​របស់​យោធា​ថៃ ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ​បាន​នោះ​ទេ។

លោក​បន្ត​ថា៖ «យើង​មិន​អាច​និយាយ​បាន ព្រោះ​អី​សូម្បី​មន្ត្រី​ថ្នាក់​ធំៗ​ក៏​និយាយ​ជាមួយ​វា​អត់​បាន​ដែរ។ ដល់​វា​មក​វា​លើក​កម្លាំង​ទ័ព ជា​ទាហាន ជា​កាំភ្លើង​ជា​អី​មក​គំរាម​កំហែង​យើង។ សូម្បី​តែ​ផ្លូវ​យើង​ចាស់​ចេះ​យក​ដែរ ចាំង​អី ស្មៅ​អី​តិចតួច​មិន​បាន​ផង»

ក៏​ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​លោក ទូច រ៉ា អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ អះអាង​ថា បើ​ទោះ​ជា​ភាគី​ទាំង​ពីរ ធ្លាប់​មាន​ជម្លោះ​មួយ​ចំនួន​ក្នុង​ពេល​កន្លង​ទៅ​យ៉ាង​ណា​ក្ដី តែ​លោក​បញ្ជាក់​ថា ការ​ប្រកប​អាជីវកម្ម​លើ​ទឹកដី​របស់​ខ្មែរ នៅ​តាម​ច្រក​ទ្វារ​​ព្រំដែន​អាច​ដំណើរ​ការ​ជា​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។

លោក ទូច រ៉ា៖ «បញ្ហា​​លក់ដូរ​ហ្នឹង​ហើយ​និយាយ​ថា​ឲ្យ​យើង​ហ្នឹង និយាយ​គ្នា​បាន​ក៏​នៅ​លក់​ធម្មតា អត់​មាន​បញ្ហា​ទេ ឆត្រ តង់ ឆត្រ​ដាក់​លើ​តុ​លើ​អី​ហ្នឹង លក់​ផ្លែ​ឈើ​លក់​បន្ថែ ដូច​ជា​វល្លិ​ព្រៃ ដូច​ជា​វល្លិ​ផ្ដៅ ស្លឹក​បាស​ស្លឹក​អី​ដែល​គាត់​លក់​នៅ​ជិត​មាត់​ច្រក​ហ្នឹង។ តែ​យើង​នៅ​លក់​ដដែល បច្ចុប្បន្ន​មិន​មាន​អី​ទេ ព្រោះ​យើង​បាន​និយាយ​គ្នា ព្រោះ​មិន​មាន​អី​ជាប់​លាប់​ណា»

ទំនាស់​រវាង​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​ទាហាន​ថៃ រឿង​ហាម​សង់​សំណង់​ផ្សេងៗ​នេះ មិន​មែន​កើត​មាន​តែ​នៅ​ច្រក​ជាំសាង៉ាំ នេះ​ទេ គឺ​កើត​មាន​នៅ​ចំណុច​ជា​ច្រើន​ទៀត តាម​ព្រំដែន​កម្ពុជា-​ថៃ ដូច​ជា​នៅ​តំបន់​មុខ​ប្រាសាទ​ព្រះវិហារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល