ថៃ​ថា​នឹង​ដោះលែង​អ្នក​ទោស​ខ្មែរ​១៤​នាក់

រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​យុត្តិធម៌​ថៃ លោក ចាន់ចាវ ឆៃយ៉ានុគិក (Chanchao Chaiyanukij) ត្រូវ​បាន​កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) ស្រង់​សម្ដី​ចុះ​ផ្សាយ​ថ្ងៃ​ទី​២ កក្កដា ថា ថៃ​នឹង​ដោះលែង​អ្នក​ទោស​ខ្មែរ ១៤​នាក់ ដែល​កំពុង​ជាប់​គុក​នៅ​ថៃ ហើយ​កំពុង​រង់ចាំ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​បាងកក បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​ទោស​ទាំង ១៤​នាក់​នោះ ទៅ​ភាគី​ថៃ ដើម្បី​ធ្វើ​ការ​ដោះលែង។ ក៏​ប៉ុន្តែ​លោក ចាន់ចាវ ឆៃយ៉ានុគិក មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​នៃ​ការ​ដោះលែង​ទេ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​កម្ពុជា បាន​ដោះលែង​អ្នក​ទោស​ថៃ​ម្នាក់ គឺ​លោក លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) កាល​ពី​ថ្ងៃ​ទី​១ កក្កដា តាម​ការ​ស្នើសុំ​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ។

ទោះ​យ៉ាង​ណា កាសែត​ថៃ ដដែល​បាន​ស្រង់​សម្ដី​មន្ត្រី​ថៃ ទទួលបន្ទុក​ខាង​ពន្ធនាគារ​ថា ចំនួន​អ្នក​ទោស​ខ្មែរ​មាន​តែ ១៣​នាក់​ទេ ហើយ​ការ​ដោះលែង​អ្នក​ទោស​ខ្មែរ​នេះ ទំនង​មិន​អាច​ធ្វើ​ឡើង​ភ្លាមៗ ដូច​ដែល​ភាគី​កម្ពុជា ដោះលែង​អ្នក​ទោស​ថៃ ទេ គឺ​អាច​ធ្វើ​ឡើង​តាម​ច្បាប់​អន្តរជាតិ​ក្រោម​សន្ធិសញ្ញា​ក្នុង​ការ​បញ្ជូន​អ្នក​ទោស។ ក្រៅ​ពី​នេះ កាសែត​ថៃ ដដែល​បញ្ជាក់​ថា ការ​ដោះ​លែង​អ្នក​ទោស​ថៃ លោក វីរៈ ស៊ុំក្វាមឃីត គឺ​ភាគី​កម្ពុជា ធ្វើ​ឡើង​តាម​គម្រោង​កម្មវិធី​ដោះលែង​អ្នក​ទោស​តាម​កម្មវិធី​ជា​ទម្លាប់​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។