មូលហេតុ​នៅ​ពី​ក្រោយ​នៃ​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា

0:00 / 0:00

ប្រទេស​ថៃ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​មក​កម្ពុជា វិញ ដោយ​ហេតុផល​រក្សា​ស្ថិរភាព​សន្តិសុខ ស្រប​ពេល​ថៃ កំពុង​មាន​ភាព​ចលាចល​លើ​ផ្នែក​នយោបាយ។

រឿងរ៉ាវ​ដែល​ស្ថិត​នៅ​ក្រោយ​នៃ​ការ​បញ្ជូន​ពលករ​នេះ អ្នក​ជំនាញ​នានា​បាន​អះអាង​ខុស​គ្នា ដោយ​គេ​លើក​ហេតុផល​អាច​ជា​ការ​ឌឺដង​គ្នា​រវាង​អ្នក​នយោបាយ។ អ្នក​ខ្លះ​ទៀត​យល់​ថា ការ​បញ្ជូន​ពលករ​មក​ប្រទេស​កម្ពុជា វិញ​នេះ​អាច​ជា​សក្ដានុពល​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ទៅ​វិញ។

ការ​បញ្ជូន​ពលករ​មិន​ស្រប​ច្បាប់​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ថៃ មាន​សកម្មភាព​ខុស​ពី​ធម្មតា។ បរិមាណ​បញ្ជូន​ពលករ​កម្ពុជា ពី​ប្រទេស​ថៃ បាន​កើន​ឡើង​រហូត​ដល់ ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ។ តាម​ការ​អង្កេត​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៤ ពលករ​កម្ពុជា ជាង ៤​ម៉ឺន​នាក់​ត្រូវ​បាន​ប្រទេស​ថៃ បញ្ជូន​មក​កម្ពុជា វិញ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​មួយ​ចំនួន​ទៀត​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ។

អ្នក​ជំនាញ​ជាច្រើន​បាន​រក​ឃើញ​ហេតុផល​នៅ​ក្រោយ​នៃ​ការ​បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​កម្ពុជា វិញ​នេះ ដោយសារ​ហេតុផល​នយោបាយ។ អ្នក​វិភាគ​នយោបាយ​អះអាង​ថា បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ប្រទេស​កម្ពុជា ទំនង​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាប្រិយភាព​របស់​ថៃ គឺ​ឈ្មោះ ភឿថៃ របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​សមាជិក​គ្រួសារ​របស់​លោក​បាន​ឡើង​ជា​នាយក​រដ្ឋមន្ត្រី ហើយ​បាន​ទម្លាក់​ពី​អំណាច​វិញ​ជាច្រើន​លើក​ច្រើន​សា។ ប៉ុន្តែ​ភាគី​ថៃ បាន​អះអាង​ថា ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ​នោះ ដោយសារ​តែ​ប្រទេស​ថៃ បាន​ទទួល​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ដែល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​ដែល​ដឹក​នាំ​ដោយ​យោធា។ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​របស់​ថៃ បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ។

ក្រុមប្រឹក្សា​សន្តិសុខ​ថៃ បាន​ប្រាប់​កាសែត​របស់​ថៃ ឌឹ ណេសិន (The Nation) នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា អ្នក​ធ្វើ​ការ​មិន​ស្រប​ច្បាប់ ឬ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ប៉ុន្តែ​អ្នក​ដែល​មាន​ឯកសារ​គ្រប់គ្រាន់ គឺ​អាច​ធ្វើ​ការ​ជា​ធម្មតា។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​ដឹក​នាំ​យោធា​ថៃ បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី មាន​យុទ្ធនាការ​ជាច្រើន​បាន​ចុះ​ចាប់​កម្មករ​ដែល​មិន​ស្រប ជាពិសេស​កម្មករ​កម្ពុជា។ ថ្នាក់​ដឹក​នាំ​យោធា​ថៃ នេះ បាន​ដាក់​ពេល​វេលា​កំណត់​ដល់​អ្នក​ដែល​ធ្វើ​ការ​មិន​ស្រប​ច្បាប់ ត្រូវ​បោស​សម្អាត​ឲ្យ​អស់​នៅ​ខែ​ក្រោយ គឺ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៤។

អ្នក​វិភាគ​កិច្ចការ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បញ្ជូន​ពលករ​មក​វិញ​នេះ គឺ​ជា​ការ​សង្ស័យ​របស់​អ្នក​នយោបាយ។

«សំឡេង»

បន្ថែម​លើ​នេះ ប្រធាន​អង្គការ​ខារ៉ាម (CARAM) ដែល​ធ្វើ​ការ​អង្កេត​លើ​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​បរទេស លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា យន្តការ​របស់​ថៃ លើ​ការ​បោស​សម្អាត​ពលករ​មិន​ស្រប​ច្បាប់​នៅ​ពេល​នេះ ហាក់​ជា​យន្តការ​ខុស​ទំនង។

«សំឡេង»

លោក យ៉ា ណាវុធ បញ្ជាក់​ទៀត​ថា ប្រទេស​ថៃ នៅ​តែ​បន្ត​សកម្មភាព​បោស​សម្អាត​ពលករ​ដែល​ធ្វើ​ការ​ស្រប​ច្បាប់​មក​ប្រទេស​កម្ពុជា វិញ ដែល​បញ្ហា​នេះ​អាច​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល​កម្ពុជា។

បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដែល​បាន​ចុះ​ពិនិត្យ​នៅ​តំបន់​ច្រក​ទ្វារ​ប៉ោយប៉ែត មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា និង​ថៃ មាន​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ការ​សម្រួល​បែបបទ​អនុញ្ញាត​ឲ្យ​ពលកម្ម​កម្ពុជា ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ។

បច្ចុប្បន្ន កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ពលករ​មិន​ស្រប​ច្បាប់​ដែល​បាន​បញ្ជូន​មក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​នេះ ដោយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​រវាង​ប្រទេស​ថៃ បន្ថែម​ទៀត។ ហើយ​ការ​សម្រប​សម្រួល​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ និង​គ្មាន​ការ​បង្ខិតបង្ខំ ឬ​ប្រើ​អំពើ​ហិង្សា​ណា​មួយ​មក​លើ​ពលករ​កម្ពុជា ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៣ មិថុនា របស់​ក្រសួង​ការ​បរទេស​ថៃ បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​នៃ​ការ​ចេញ​ផ្សាយ​ព័ត៌មាន ទាក់ទង​ការ​បោស​សម្អាត​របស់​ទាហាន​ថៃ ដោយ​ហិង្សា​ទៅ​លើ​ពលករ​កម្ពុជា ដែល​បាន​លួច​ឆ្លង​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក សេក វណ្ណមេធី មាន​ប្រសាសន៍​ថា ពាក្យ​ចចាមអារ៉ាម​នេះ​បាន​ធ្វើ​ឲ្យ​ពលករ​កម្ពុជា ដែល​ធ្វើ​ការ​មិន​ស្រប​ច្បាប់ ស្ម័គ្រ​ចិត្ត​រាយការណ៍​ទៅ​អាជ្ញាធរ​ថៃ។ ហើយ​ការ​ចាប់​បញ្ជូន​ពលករ​ទាំង​នោះ​មក​កម្ពុជា វិញ គឺ​ជា​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ចាប់​បង្ខំ​នោះ​ទេ។ អាជ្ញាធរ​ថៃ ជឿជាក់​ថា ការ​ផ្គត់ផ្គង់​ពលករ​ដោយ​ស្រប​ច្បាប់ នឹង​ធ្វើ​ឲ្យ​ប្រទេស​ថៃ និង​កម្ពុជា ចំណេញ​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​ការ​កេង​កម្លាំង​ពលកម្ម និង​ការ​ជួញដូរ​មនុស្ស។

តាម​ការ​ប៉ាន់ស្មាន ពលករ​កម្ពុជា ប្រមាណ​ជាង ២០​ម៉ឺន​នាក់ កំពុង​ប្រឈម​មុខ​បញ្ជូន​មក​កម្ពុជា វិញ ដោយសារ​ពួក​គាត់​មិន​មាន​លិខិត​ឆ្លង​ដែន និង​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់។ ការ​ស្រាវជ្រាវ​ដោយ​អង្គការ​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រសិន​បើ​ពលករ​កម្ពុជា ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា វិញ​នោះ អាច​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ពី​ការ​ផ្ទេរ​លុយ។ ប៉ុន្តែ​បញ្ហា​នេះ ក៏​អាច​ប៉ះពាល់​ដល់​សហគ្រាស ឬ​រោងចក្រ​ថៃ ដែរ​ដោយសារ​តែ​ការ​ជួល​ពលករ​ខ្មែរ​មាន​តម្លៃ​ទាប​ប្រមាណ​ពីរ​ដង បើ​ប្រៀបធៀប​នឹង​ការ​ជួល​កម្មករ​របស់​ថៃ។ តាម​ការ​ប៉ាន់ស្មាន​ប្រទេស​ថៃ មាន​ពលករ​ជិត ៤​លាន​នាក់ មក​ពី​ប្រទេស​ថៃ កម្ពុជា និង​ប្រទេស​ឡាវ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ភាគ​ច្រើន​ដោយ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។