យុវវ័យជាវ័យដែលចង់ចេះចង់ដឹង ចង់សាកល្បង និងក្លាហាន ឬប្រកែកនូវអ្វីដែលខ្លួនមិនពេញចិត្ត។ ផ្ទុយទៅវិញ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៥នេះ គេសង្កេតឃើញថា ក្រុមយុវវ័យមួយចំនួនដែលជាគោលដៅសម្រាប់ពង្រឹងវិសាលភាពបក្សនយោបាយ ហាក់មិនមានប្រតិកម្មតវ៉ា ឬបដិសេធចំពោះការហៅឲ្យចូលរួមក្នុងសកម្មភាពគណបក្សនយោបាយដែលខ្លួនមិនពេញចិត្តសោះ។
តើកត្តាទាំងនេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិនេះ យុវជន គឺជាក្រុមគោលដៅ និងជាទីចាប់អារម្មណ៍របស់គណបក្សនយោបាយ ក្នុងការពង្រឹងវិសាលភាពរបស់ខ្លួន និងទាញរកសំឡេងឆ្នោតគាំទ្រ។ ក៏ប៉ុន្តែ ទោះបីពេញចិត្ត ឬមិនពេញចិត្តចូលរួមក្នុងសកម្មភាពនយោបាយក៏ដោយ ក៏យុវវ័យមិនសូវមានប្រតិកម្មតបចំពោះការទាក់ទាញពីគណបក្សនយោបាយទេ។
មានកត្តាធំចំនួនបី ដែលជំរុញអោយយុវជនមិនសូវប្រតិកម្មចំពោះការទាក់ទាញចូលរួមសកម្មភាពនយោបាយ។ ទីមួយ គឺអំណាចទឹកប្រាក់។ ទីពីរ គឺខ្លាចមិនអាចរៀនចប់ ឬប៉ះពាល់ដល់ការសិក្សា និងទីបី ត្រូវតែធ្វើ ព្រោះមិនដឹងថាអំពើនោះប៉ះពាល់ដល់អនាគតខ្លួន និងប្រទេសជាតិខ្លួនឬក៏អត់។
យុវជនមួយរូបសុំមិនបញ្ចេញឈ្មោះ ដែលជាសមាជិកនៃក្រុមសមាគមនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការកៀងគរនិស្សិតក្នុងសកលវិទ្យាល័យ គឺចាប់ផ្ដើមចេញពីសមាជិកដែលជាយុវជនធ្វើការក្នុងក្រុមនានាដែលមានស្រាប់នៅក្នុងសាលា៖ «មុនដំបូង គេអោយយើងចូលជាសមាជិកកាកបាទក្រហម។ កាកបាទក្រហមហើយ គឺចូលទៅហើយ គេអោយសំបុត្របក្ស ដល់ពេលចូលបក្សហើយ គេកត់ឈ្មោះកត់លេខទូរស័ព្ទអីអស់ហើយ ប្រជុំម្ដងពីរដងហើយ លើកក្រោយមានការអី ដូចការបោះឆ្នោតអ៊ីចឹង គេហៅតាមលេខទូរស័ព្ទអ៊ីចឹង គេចុចហៅអ៊ីចឹង ហើយអោយស្ម័គ្រចិត្ត តែស្ម័គ្រចិត្តអ៊ីចឹង គឺអោយប្រាក់ អោយលុយអោយអីហ្នឹងហើយ អ្វីដែលខ្ញុំធ្លាប់ជួបហ្នឹង ដល់ពេលហែគណបក្សបានលុយអ៊ីចឹងទៅហ្នឹងគេហ្នឹងឯងទៅ»។
ការទាក់ទាញដោយការងារផ្សេងៗនៅក្នុងសាលាទៅដល់យុវជន គឺជាជំហានដំបូងដែលយុវជនចាប់ផ្ដើមធ្វើនៅក្នុងឆាកនយោបាយ ប៉ុន្តែក្រោយមកមិនដឹងថាត្រូវចេញយ៉ាងម៉េច តែចេះតែធ្វើទៅ ព្រោះចង់អោយខ្មែរចេះរួបរួមគ្នា និងជៀសវាងជម្លោះរវាងខ្មែរ និងខ្មែរ៖ «ឥឡូវនេះ ខ្ញុំចូលកាកបាទក្រហម និងបក្សនយោបាយដែរ តែខ្ញុំអត់សូវពេញចិត្តជាមួយនឹងការងាររបស់គាត់ ដោយសារអី ដោយសារខ្ញុំអត់ចង់លម្អៀង ហើយមើលទៅខ្ញុំអត់ពេញចិត្ត ហើយបើរឿងខុសហើយ ខ្ញុំអត់ចង់ខុស ហើយទៅធ្វើទៀត ហើយខ្ញុំក៏មិនមែនថាគណបក្សកាន់អំណាច ឬម៉េចនោះទេ ខ្ញុំអត់ចង់ថា ខ្ញុំចូលទៅបក្សខាងណាខាងណានោះទេ ដូចខ្ញុំថាអ៊ីចឹង ទោះជាអ្នកណាឡើងក៏ជាខ្មែរដែរ ក៏ប៉ុន្តែខ្ញុំអត់ចង់អោយខ្មែរឈ្លោះគ្នានោះទេ ទាក់ទងនឹងរឿងនយោបាយនោះ»។
ភាពហៃអើៗ ឬមិនអើពើក្នុងការតវ៉ាប្រឆាំង ឬចេះតែធ្វើៗទៅតាមគេ ជារឿងមួយដែលយុវជនត្រូវតែធ្វើ ព្រោះថាមិនត្រឹមតែមិនប៉ះពាល់ដល់គាត់ទេ គឺថែមទាំងបានថវិកាមួយចំនួនទៀតផង ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មិនភ្លេចទៅបោះឆ្នោតតាមឆន្ទៈរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតនោះទេ៖ «ខ្ញុំអត់ទេ ឥឡូវខ្ញុំអត់ប៉ះពាល់នយោបាយទាំងអស់។ ខ្ញុំស្តាប់ តែខ្ញុំអត់ទៅណាទាំងអស់ ពេលខ្លះខ្ញុំទៅកន្លែងកន្លែងកណ្ដាលដែរ ខ្ញុំចាំមើល មើលខ្ញុំបោះអោយអ្នកណា ខ្ញុំបោះអោយអ្នកហ្នឹងហើយ។ ខ្ញុំគិតក្នុងចិត្តខ្ញុំ តែខ្ញុំអត់មានហែបក្សណាទាំងអស់ បោះឆ្នោតខ្ញុំត្រូវតែទៅ កាតព្វកិច្ចជាពលរដ្ឋម្នាក់ ខ្ញុំត្រូវតែបោះរើសតំណាងដែលខ្ញុំស្រឡាញ់ ខ្ញុំមើល មើលទាំងអស់ ត្រូវអត់? អាសកម្មភាពដែលគាត់ធ្វើហ្នឹង វាត្រូវអត់? ដូចអីដែលគាត់និយាយអត់»។
ចំណែកឯសិស្សសាលាវិទ្យាល័យជាច្រើននាក់ ដែលស្ថិតនៅក្នុងទីរួមខេត្តកំពង់ចាម បានប្រាប់វិទ្យុអាស៊ីសេរី ស្រដៀងគ្នាថា មានការកៀងគរទាំងសិស្ស និងគ្រូ អោយចូលរួមហែឃោសនាគណបក្សនយោបាយ ដោយមានការដោះដូរជាថវិកា ឬថ្លៃសាំង។ ទោះជាយ៉ាងណាក៏ដោយ បើតាមឆន្ទៈរបស់ពួកគេផ្ទាល់ គឺមិនចង់ឡើយ តែពេលខ្លះមិនអាចប្រកែកបានឡើយ ដោយសារតែមូលហេតុសុវត្ថិភាពជាដើម។
យុវជនមួយរូបសុំមិនបញ្ចេញឈ្មោះ ដែលកំពុងរៀននៅវិទ្យាល័យមួយក្នុងខេត្តកំពង់ចាម បានបញ្ជាក់បែបនេះ៖ «គណបក្សកាន់អំណាច គឺគេអោយចូលជាសមាជិកបក្សរបស់គេតែម្ដង ហើយពេលទៅហែហ្នឹង គេអាចអោយជាថវិកា ហើយនិងថ្លៃសាំងថ្លៃអីអ៊ីចឹង បើយើងជួយហែគេ។ ចំពោះខ្ញុំ បើគណបក្សដែលខ្ញុំស្រឡាញ់ គោលនយោបាយដែលខ្ញុំស្រឡាញ់ ខ្ញុំនឹងជួយហែ ប៉ុន្តែចំពោះគណបក្សដែលខ្ញុំមិនស្រឡាញ់ បើតាមគំនិត និងមនសិការរបស់ខ្ញុំ ខ្ញុំមិនចង់ទៅហែ ប៉ុន្តែពេលខ្លះវាជាករណីកិច្ចត្រូវខានមិនបាន គិតលើសុវត្ថិភាពរបស់យើងផ្ទាល់ យើងអាចចូលរួមជាមួយគេ ប៉ុន្តែនៅពេលយើងបោះឆ្នោត គឺការសម្រេចចិត្តរបស់យើង យើងបោះអោយគណបក្សណាដែលយើងស្រឡាញ់»។
ការនិយាយរឿងនយោបាយនៅទីសាធារណៈ ជាអ្វីមួយដែលយុវជនភាគច្រើនបានដឹង និងឮពីសំណាក់មនុស្សចាស់ ថាមិនគួរនិយាយឡើយព្រោះវាអាចមានអសន្តិសុខសម្រាប់ខ្លួន។ ទន្ទឹមនឹងរឿងទាំងអស់នេះដែរ ក៏នៅមានយុវវ័យមួយចំនួនទៀត ក្លាហានហ៊ានប្រកែកមិនព្រមចូលរួម និងបញ្ចេញមតិយោបល់ជាសាធារណៈទៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាដើម៖ «ភាគច្រើន មិត្តភក្ដិរបស់ខ្ញុំគេមិនសូវហ៊ាននិយាយ គេនិយាយដែរនិយាយតែគ្នាឯងអ្នកស្គាល់ៗគ្នា។ ចំពោះអ្នកដែលគេមិនស្គាល់ គេមិននិយាយតែម្ដង ព្រោះវាអាចទាក់ទងសុវត្ថិភាពផ្ទាល់ខ្លួនតែម្ដង។ ណាមួយឪពុកម្ដាយគេហាមឃាត់មិនអោយនិយាយតែម្ដង តែអ្នកខ្លះគេនៅតែនិយាយ ព្រោះថាវាជាបញ្ហារបស់ជាតិ។ អ៊ីចឹងគេត្រូវគិតប្រយោជន៍ជាតិជាងប្រយោជន៍ផ្ទាល់ខ្លួន គេអាចបញ្ចេញមតិគ្នាទៅវិញទៅមកជាលក្ខណៈបិទ អត់សូវបើកចំហទេ»។
បើផ្អែកលើផ្លូវច្បាប់ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ គឺជាការខុសច្បាប់ បើជនណាម្នាក់ហ៊ានបង្ខិតបង្ខំបុគ្គលរូបណាអោយចូលរួមឃោសនាបោះឆ្នោត និងទទួលទោសដោយការលុបឈ្មោះចេញពីបញ្ជីនៃការបោះឆ្នោត និងទទួលទណ្ឌកម្មខាងរដ្ឋបាលជាដើម។
លោក សួន យុធ្យា មន្ត្រីច្បាប់ និងតស៊ូមតិនៃអង្គការខុមហ្វែល (Comfrel) បានបញ្ញាក់បន្ថែមអោយវិទ្យុអាស៊ីសេរី ដឹងថាសកម្មភាពបង្ខិតបង្ខំគេគឺខុស៖ «ខ្ញុំនិយាយក្នុងក្របខ័ណ្ឌបោះឆ្នោតតែម្តង ការបើបង្ខំជនណាមួយត្រូវបានគេបង្ខំអោយធ្វើអ្វីមួយ បង្ខំអោយទៅឃោសនា បង្ខំអោយទៅបោះឆ្នោត អោយគូសសន្លឹកឆ្នោតអោយទៅអ្នកនេះ អោយទៅអ្នកនោះ ហើយបើគេនោះមិនធ្វើ គេគំរាមថានឹងធ្វើអ្វីផ្សេងៗទាក់ទងទៅនឹងផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច ឬក៏ជាស្ថានភាពជាបុគ្គលរបស់គាត់ផ្ទាល់ក្នុងសង្គម។ ច្បាប់បោះឆ្នោតនឹងត្រូវផ្ដន្ទាទោសជនដែលបង្ខំគេនោះ អាហ្នឹងបើនិយាយក្របខ័ណ្ឌច្បាប់»។
ទាក់ទងបញ្ហានេះដែរ អង្គការសង្គមស៊ីវិលមួយចំនួន តួយ៉ាងដូចជាអង្គការ អភិវឌ្ឍន៍ធនធានយុវជន មានទស្សនៈបែងចែកយុវជនដែលចូលរួមក្នុងឆាកនយោបាយជាពីរប្រភេទធំៗ គឺយុវជនដែលគេទិញ ឬអាចផ្តល់ប្រយោជន៍អោយ និងក្រុមយុវជនដែលប្រើប្រាស់បេះដូងផ្ទាល់ក្នុងការចូលរួមនយោបាយ។ ហើយក្រុមទីពីរនេះចែកជាបីប្រភេទតូចៗទៀត គឺទីមួយ ក្រុមដែលតម្កល់សារប្រយោជន៍ជាតិជាចម្បង។ ទីពីរ ក្រុមយុវជនដែលចង់ដើរតួ និងធ្វើអ្នកនយោបាយ និងក្រុមទីបី គឺក្រុមដែលអាចចាប់យកឱកាស និងអត្ថប្រយោជន៍ពីនយោបាយនេះ គឺក្រុមយុវជនបក្សតែម្តង។
នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា បានលើកឡើងថា បើយុវជនចង់ចូលប្រឡូកក្នុងឆាកនយោបាយ យុវជនគួរណាស់យល់ដឹងអោយបានច្បាស់ពីគោលការណ៍ និងគោលនយោបាយនៃគណបក្សនីមួយៗ ថាតើគោលការណ៍នៃគណបក្សនីមួយៗមានបានចែងច្បាស់ជាក់លាក់ពីគោលនយោបាយដែលផ្ដោតទៅលើយុវជន អោយស្របទៅនឹងអ្វីដែលគេតែងលើកឡើងថា យុវជនជាសសរទ្រូងប្រទេសជាតិ បើមិនមានគោលការណ៍ច្បាស់លាស់ទេ យុវជនត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយហើយ៖ «កាលណាដាក់គោលការណ៍យុវជនអោយបានជាក់លាក់នៅក្នុងគោលនយោបាយរបស់គណបក្ស ត្រង់ចំណុចនេះវាជាឱកាសល្អដែលជួយលើកទឹកចិត្តយុវជន អោយយុវជនមានឱកាសក្នុងការចូលរួមសម្រេចចិត្ត។ បើមិនដូច្នេះទេ គេនឹងប្រើយុវជនអោយសម្រេចចិត្ត គេនឹងសម្រេចចិត្តជំនួសយុវជន ហើយអ៊ីចឹង យុវជននឹងមានអត្ថន័យ ឬក៏ខ្លឹមសារដូចគេនិយាយថា យុវជន គឺជាភ្នាក់ងារនៃការផ្លាស់ប្ដូរ យុវជនគឺជាសសរទ្រូងដូចដែលយើងតែងតែនិយាយតៗគ្នានោះទេ សំខាន់គឺដាក់អោយមានកូតាយុវជនអោយបានជាក់លាក់ អាហ្នឹងគឺជាចំណុចសំខាន់។ ប៉ុន្តែ តាមអ្វីដែលខ្ញុំសង្កេត មិនទាន់ឃើញមានគណបក្សនយោបាយណាមួយដែលបានលើកឡើងយ៉ាងជាក់លាក់បែបនេះទេ»។
នៅក្នុងការបោះឆ្នោតនីតិកាលទី៥ នេះ នឹងឈានចូលមកដល់នៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ ហើយប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំមើលថា តើគណបក្សណាជាអ្នកឈ្នះឆ្នោត? ហើយតើគណបក្សដែលនឹងឈ្នះឆ្នោតនោះ នឹងធ្វើអ្វីដូចដែលខ្លួនបានសន្យាជាមួយយុវជនឬទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
