ប្រសិទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹក​នាំ​ជប៉ុន​នៅ​កម្ពុជា

នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋាភិបាល​ឯក​បក្ស កើត​ពី​រដ្ឋសភា​ឯក​បក្ស និង​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​នោះ គឺ​រដ្ឋាភិបាល​បាន​ព្យាយាម​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​ខ្លួន ដោយ​រដ្ឋាភិបាល​បាន​ព្យាយាម​អញ្ជើញ​មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​មក​ទស្សនកិច្ច​នៅ​កម្ពុជា។

0:00 / 0:00

តួ​យ៉ាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺ​រដ្ឋាភិបាល​ចង់​បង្ហាញ​ថា រដ្ឋាភិបាល​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច ក៏​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ឯក​បក្ស​នេះ​ដែរ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ការ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន នោះ គឺ​ជប៉ុន ចង់​ពង្រីក​វិស័យ​សេដ្ឋកិច្ច​របស់​ជប៉ុន ទៅ​វិញ​ទេ។

ស្ថានភាព​នយោបាយ​កំពុង​ស្ថិត​នៅ​ភាព​ជាប់​គាំង​នៅ​ឡើយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ហើយ​ការ​ដោះស្រាយ​វិវាទ​នេះ ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​នោះ រដ្ឋាភិបាល​ឯក​បក្ស​កំពុង​តែ​ប្រើ​មធ្យោបាយ​ផ្សេងៗ ដើម្បី​កៀងគរ​ការ​គាំទ្រ​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន។

រដ្ឋាភិបាល​ចិន បាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ពីព្រោះ​ចិន មាន​សម្ព័ន្ធ​មិត្ត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ទៀត​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដូច​ជា​មេ​ដឹក​នាំ​មហា​អំណាច​សេដ្ឋកិច្ច​ទី​៣ គឺ​ជប៉ុន ជាដើម។

អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ជប៉ុន មិន​បាន​គាំទ្រ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​ក្ដី ប៉ុន្តែ​ចង់​មិន​ចង់ ជប៉ុន ចាំបាច់​ត្រូវ​តែ​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ពេល​នេះ ដើម្បី​ពង្រីក​ទំនាក់ទំនង​ការ​បរទេស​របស់​ខ្លួន និង​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នោះ គឺ​រដ្ឋាភិបាល​ខ្មែរ​ចង់​បង្ហាញ​ថា ប្រទេស​មហា​អំណាច​បាន​គាំទ្រ​ខ្លួន​នៅ​ខណៈ​ដែល​គណបក្ស​ប្រឆាំង​បាន​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ។ បញ្ហា​មួយ​ទៀត រដ្ឋាភិបាល​កម្ពុជា ក៏​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦​ខាង​មុខ ដើម្បី​ឲ្យ​ជប៉ុន ជួយ​អំពី​បញ្ហា​នេះ គឺ​ស្រប​ទៅ​នឹង​ឆន្ទៈ​របស់​គណបក្ស​ប្រឆាំង​កំពុង​ទាមទារ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​កំពូល​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នោះ។

លោក សុខ ទូច បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឆាប់​ឈាន​ទៅ​រក​ចំណុច​រួម​ឃើញ​ឲ្យ​បាន​ឆាប់។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) បាន​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ហើយ​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​សរសេរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​របស់​លោក​នៅ​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ប្ដេជ្ញា​ពង្រីក​ទំនាក់​ទំនង​ទ្វេ​ភាគី ឈរ​លើ​សហប្រតិបត្តិការ ៥​វិស័យ ដែល​មាន​ជា​អាទិ៍ គឺ​ទី​១ បញ្ហា​នយោបាយ និង​សន្តិសុខ ទី​២ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ទី​៣ ទំនាក់​ទំនង​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ទី​៤ ការ​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន និង​វិស័យ​វប្បធម៌ និង​ទី​៥ កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​លើ​ពិភពលោក។

ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ លោក ស៊ិនហ្សូ អាបេ ប្រកាស​ថា ជប៉ុន នឹង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​ជ្រោមជ្រែង​កិច្ច​ប្រឹងប្រែង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​លើក​កម្ពស់​នីតិរដ្ឋ តាម​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អះអាង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ស៊ិនហ្សូ អាបេ រំពឹង​ថា ស្ថានភាព​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត នឹង​ឆាប់​វិល​មក​រក​ប្រក្រតី​ភាព​វិញ តាម​ការ​ពិភាក្សា​គ្នា​រវាង​គណបក្ស​នយោបាយ​ពាក់ព័ន្ធ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​បាន​ស្នើ​ឲ្យ​ជប៉ុន ជួយ​កែ​ទម្រង់​បោះ​ឆ្នោត​នោះ ដោយសារ​តែ​ប្រទេស​ជប៉ុន ជា​ប្រទេស​មាន​ភាព​ចាស់​ទុំ​លទ្ធិប្រជាធិបតេយ្យ។

ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ជា​ចំណុច​សំខាន់​មួយ​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ គ.ជ.ប ជា​ហូរហែ​តាំង​ពី​មុន​ពេល​បោះ​ឆ្នោត​នីតិកាល​ទី​៥។ ក៏ប៉ុន្តែ សម្រាប់​ឆន្ទៈ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ មាន​សំណួរ​ជាច្រើន​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​ឬ​យ៉ាង​ណា?

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ពន្យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បាន​ថវិកា ឬ​បច្ចេកទេស​ពី​ជប៉ុន ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ វា​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ បញ្ហា​សំខាន់​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រកប​ដោយ​តម្លាភាព និង​ត្រឹមត្រូវ​ឬ​យ៉ាង​ណា?

ជប៉ុន ជា​ប្រទេស​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ច្រើន​ជាង​គេ​លើ​ពិភពលោក​មក​ដល់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩២ មក​ដល់​បច្ចុប្បន្ន មាន​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ជប៉ុន មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន នៅ​ពេល​នេះ ស្ថិត​នៅ​ត្រង់​កំពូល។ បញ្ហា​នេះ រដ្ឋាភិបាល​ជប៉ុន បាន​ធ្វើ​សកម្មភាព ពិសេស​ធ្វើ​ទំនាក់​ទំនង​បរទេស​ជាច្រើន​នៅ​ក្នុង​តំបន់ ដើម្បី​បង្កើន​ការ​វិនិយោគ​របស់​ជប៉ុន មក​កាន់​ប្រទេស​ទាំង​នោះ ដូច​ជា​នៅ​ថៃ ជាដើម។

ម្យ៉ាង​ទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ជប៉ុន មក​កម្ពុជា នៅ​ពេល​នេះ ទោះ​បី​ជា​រដ្ឋាភិបាល​ខំ​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​មក​ថា រដ្ឋាភិបាល​ជប៉ុន មាន​ការ​គាំទ្រ​ខ្លួន​ក្ដី ប៉ុន្តែ​ការ​ពិត ជប៉ុន មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​រឿង​សំខាន់ ពីព្រោះ​ថា បញ្ហា​នយោបាយ​នៅ​កម្ពុជា ជប៉ុន មិន​លូក​ដៃ​នោះ​ទេ តែ​ជប៉ុន ធ្លាប់​ប្រកាស​ភ្លាមៗ​ក្រោយ​ពី​ការ​បោះ​ឆ្នោត ដោយ​ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ដោយ​សន្តិវិធី ត្រឹមត្រូវ និង​តាម​លទ្ធិប្រជាធិបតេយ្យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។