ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​ដល់​លោក សួន សេរីរដ្ឋា

0:00 / 0:00

ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​លើកលែងទោស ទណ្ឌិត សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។ អ្នក​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​សាទរ​ចំពោះ​ការ​ប្រទាន​ការ​លើកលែង​ទោស​នេះ ប៉ុន្តែ​ក៏​បាន​ជំរុញ​អោយ​មាន​ការ​លើកលែង​ទោស​ដល់​សមាជិក​ចលនា​នេះ ដែល​កំពុង​ជាប់ទោស​ដោយសារ​សំណុំ​រឿង​តែ​មួយ​នេះ​ផង​ដែរ។

ព្រះរាជក្រឹត្យ​ព្រះករុណា​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ចុះ​ថ្ងៃ​ទី​១០ ខែ​កក្កដា បញ្ជាក់​ថា ព្រះអង្គ​ព្រះរាជទាន​ការ​លើកលែងទោស​ដល់​លោក សួន សេរីរដ្ឋា ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍​ដែល​ចុះ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០០១៥។

​លោក សួន សេរីរដ្ឋា គឺ​ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​តុលាការ​កាត់ទោស​អោយ​ឲ្យ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២៥​លាន​រៀល ពាក់ព័ន្ធ​ពី​បទ​រួមគំនិត​ក្បត់ជាតិ រួម​នឹង​សមាជិក​ចលនា​នេះ ៣​នាក់​ផ្សេង​ទៀត។

​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​លើកលែង​ទោស​នេះ​ធ្វើ​ឡើង​តាម​ការ​ស្នើ​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី។ លោក​បន្ត​ថា កន្លងមក​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​លើក​ឡើង​ថា មិន​ចង់​អោយ​មាន​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​គ្នា​ឯង​ឡើយ។

យ៉ាងណា​លោក​ថា លោក​ក៏​ពុំ​បាន​ដឹង​ព័ត៌មាន​ច្បាស់​ពី​ក្រោយ​ការ​លើកលែង​ទោស​នេះ​ទេ៖ «លោក​ចង់​ឃើញ​ថា អ្នក​នយោបាយ​កុំ​ឈ្លោះ​គ្នា នាំគ្នា​មក​បង្កើត​គណបក្ស​នយោបាយ​ទៅ ហើយ​យើង​ប្រជែង​ទាញ​យក​ប្រជាប្រិយ​ពី​ពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​ទេ​អ្នក​ជ្រើសរើស​នរណា ឬ​គណបក្ស​ណា​ជា​អ្នក​កាន់​អំណាច យក​អំណាច​តាម​ការ​បោះ​ឆ្នោត ប្រសើរ​ជាង​ការ​ទាស់ទែង​គ្នា»

​លោក សួន សេរីរដ្ឋា ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​ជា​គូ​ទំនាស់​សម្ដី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ប្រើ​សម្ដី​ឌឺដង និង​រិះគន់​នយោបាយ​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន រហូត​និយាយ​ចំៗ​ថា លោក ហ៊ុន សែន ជា​មនុស្ស​កំសាក។ រី​ឯ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា វិញ ក៏​បាន​ព្រមាន​តាម​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា ដែរ ក្រោម​ហេតុផល​ថា លោក​គឺ​ជា​មេខ្លោង​នៃ​ក្រុម​មួយ​ដែល​មានបំណង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល។

​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ ទើប​ប្រកាស​ទទួល​ស្គាល់​គណបក្ស​នយោបាយ​របស់​លោក សួន សេរីរដ្ឋា ដែល​មាន​ឈ្មោះ​ថា គណបក្ស​អំណាច​ខ្មែរ។

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​របស់​លោក សួន សេរី រដ្ឋា គួរ​តែ​បាន​ការ​លើកលែង​នេះ​ដែរ៖ «ការ​លើកលែង​ទោស​គឺ​ជា​ព្រះរាជ​បុព្វសិទ្ធិ​នៃ​អង្គ​ព្រះមហាក្សត្រ ប៉ុន្តែ​ដើម្បី​យុត្តិធម៌​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​លោក សួន សេរីរដ្ឋា ទាំង​អស់ ក៏​ត្រូវ​ទទួល​បាន​ការ​លើកលែង​ទោស​ដូច​គ្នា​ដែរ បើសិនជា​ចោទ​ថា លោក សួន សេរីរដ្ឋា ជា​មេខ្លោង​ធំ​នៅ​ក្នុង​រឿង​ទាំង​អស់​ហ្នឹង»

​នៅ​ក្នុង​សំណុំ​រឿង​នេះ សមាជិក ៣​រូប​របស់​ចលនា​អំណាច​ពលរដ្ឋ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ដោយ​មាន​ទោស​ពី ៥ ទៅ ៦​ឆ្នាំ។ ពួកគេ​ត្រូវ​ចាប់​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ មួយ​ខែ​មុន​ពេល​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ បន្ទាប់​ពី​បាន​ចែកចាយ​នាឡិកា វិទ្យុ ឌីវីឌី (DVD) និង​អាវយឺត​ដែល​មាន​រូប​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ចូល​រួម​ការបោះឆ្នោត​ដោយ​គេ​យល់​ថា ការ​រៀបចំ​បោះ​ឆ្នោត​នោះ​អយុត្តិធម៌។

នៅ​ថ្ងៃ​ទី​១០ កក្កដា នេះ​ដែរ លោក សួន សេរីរដ្ឋា បាន​បដិសេធ​ព័ត៌មាន​មួយ​ចំនួន​ដែល​លើក​ឡើង​ថា លោក​ផ្លាស់ប្ដូរ​នយោបាយ​ទៅ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

ទោះបីជា​យ៉ាងណា​ក៏ដោយ លោក​បញ្ជាក់​ថា លោក​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​នយោបាយ​ពី​ខាង​ក្នុង​ប្រទេស ប៉ុន្តែ​លោក​មិន​បដិសេធ ឬ​ទទួល​ស្គាល់​ថា លោក​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឡើយ៖ «ខ្ញុំ​សូម​ជម្រាប​ថា យើង​អត់​មាន​អ្វី​ខុស​ពី​ការ​ចោទ​ប្រកាន់​ទោស យើង​មិន​ដែល​ទទួល​ទោស។ ការ​លើកលែង​ទោស​ជា​បុព្វសិទ្ធ​របស់​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី ដែល​មាន​ចែង​ក្នុង​ច្បាប់។ ដូច្នោះ​ការ​លើក​ឡើង​ថា យើង​ទៅ​គាំទ្រ​រដ្ឋាភិបាល ទៅ​ស្រប​នឹង​រដ្ឋាភិបាល​ដូច្នោះ​យើង​មើល​យើង​ថា ចំពោះ​អ្នក​នយោបាយ​កន្លង​មក ដែល​ទាក់ទង​លោក ហ៊ុន សែន យើង​សុំទោស​លោក ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍ តែ​ចំពោះ​ខ្ញុំ​អត់​សុំទោស​លោក ហ៊ុន សែន ទេ»

​លោក សួន សេរីរដ្ឋា បច្ចុប្បន្ន​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​ថៃ បញ្ជាក់​ទៀត​ថា លោក​មិន​ទាន់​វិល​ត្រឡប់​ចូល​ទៅ​កម្ពុជា វិញ​នៅ​ឡើយ​ទេ ដោយសារ​តែ​សមាជិក​ចលនា​របស់​លោក​ចំនួន ៣​នាក់​ទៀត នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។