បក្ស​ធំ​ទាំង​ពីរ​កំណត់​សមាសភាព​មន្ត្រី​ចរចា​ពី​ភាព​ជាប់​គាំង​នយោបាយ

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​សមាសភាព​មន្ត្រី​បច្ចេកទេស​ចរចា​ម្ខាង ៥​រូប ដើម្បី​ចូល​រួម​ពិភាក្សា​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។ ការ​ចរចា​លើក​នេះ ភាគី​ទាំង​សង​ខាង​សង្ឃឹម​ដូច​គ្នា​ថា នឹង​អាច​ទម្លុះ​ភាព​ទាល់ច្រក​ផ្នែក​នយោបាយ ហើយ​នឹង​ឈាន​ទៅ​រក​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​រវាង​គណបក្ស​ទាំង​ពីរ។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ភាគី​គណបក្ស​ទាំង​ពីរ​បាន​ត្រៀម​រួច​ជា​ស្រេច ក្នុង​ការ​ចរចា​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឲ្យ​ប្រសើរ​ឡើង​វិញ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា និង​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា លោក​នឹង​ដឹក​នាំ​ក្រុម​បច្ចេកទេស​មួយ​ក្រុម​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ជួប​ចរចា​ជាមួយ​មន្ត្រី​បច្ចេកទេស​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

លោក ព្រំ សុខា បញ្ជាក់​ថា សមាសភាព ៥​នាក់​នោះ រួម​មាន លោក​ជា​ប្រធាន​ក្រុម និង​សមាជិក ៤​រូប​ទៀត​មាន លោក សក់ សេដ្ឋា លោក កើត រិទ្ធ លោក សំ សឿន និង លោក ម៉េង លី។

លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​២​លើក​នេះ គឺ​ជា​ការ​ប្រជុំ​កម្រិត​បច្ចេកទេស មិន​មែន​ជា​ការ​ប្រជុំ​ថ្នាក់​កំពូល​នៃ​គណបក្ស​ទេ។ ប៉ុន្តែ កិច្ច​ប្រជុំ​នោះ គឺ​ជា​ការ​បើក​ផ្លូវ​មួយ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ប្រជុំ​ថ្នាក់​កំពូល៖ «គណបក្ស​ទាំង​ពីរ​ក្នុង​ជំនួប​កំពូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា កន្លង​ទៅ បាន​ឯកភាព​គ្នា​ចំណុច​មួយ គឺ​បង្កើត​យន្តការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ យើង​បន្ត​ជួប​គ្នា​នេះ​លើ​បញ្ហា​នេះ​ឯង។ មុន​នឹង​ក្រុម​ការងារ​បច្ចេកទេស​ជួប​នឹង​ថ្នាក់​កំពូល​ទាំង​សង​ខាង អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​ជួប​គ្នា​ដំបូង»

ទាក់ទិន​ជំនួប​ចរចា​ជា​ថ្មី​នេះ លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​វិន័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​សមាសភាព ៥​រូប​រួច​ហើយ​មាន លោក សុន ឆ័យ ជា​ប្រធាន​ក្រុម លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ។ លោក​បញ្ជាក់​ថា សមាសភាព​ទាំង ៥​នាក់​នោះ​ជា​អ្នក​នយោបាយ​ផង និង​ជា​អ្នក​បច្ចេកទេស​ជំនាញ​ផង ហើយ​ពួក​គាត់​នឹង​ជជែក​សំខាន់​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ដោយ​ផ្ដោត​ទៅ​លើ​យន្តការ​នីតិវិធី​ការ​កែ​ទម្រង់​ច្បាប់ និង​គោលការណ៍​ផ្សេងៗ​នៃ​ការ​បោះ​ឆ្នោត។

របៀបវារៈ​៣ ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​សម្រាប់​ជជែក​គ្នា​ថ្ងៃ​ប្រជុំ​នោះ​មាន ទី​១ ទាមទារ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ទី​២ ទាមទារ​ឲ្យ​មេ​ដឹក​នាំ​កំពូល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទាំង ៩​នាក់ លា​លែង​ពី​តួនាទី និង​ទី​៣ ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ដោយ​យក​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​មួយ​ចំនួន។

លោក ហូរ វ៉ាន់ ព្រមាន​ថា ប្រសិន​បើ​កិច្ច​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ទទួល​លទ្ធផល​ដូច​ការ​រំពឹង​ទុក​ទេ​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាង​មុន ហើយ​ធ្វើ​ទូទាំង​ប្រទេស៖ «យើង​នឹង​ធ្វើ​ការ​តវ៉ា​ដែល​មាន​រូបភាព​ច្រើន​ទៀត​តាំង​ពី​ការ​បាតុកម្ម​កូដកម្ម តាំង​ពី​ការ​អំពាវនាវ​ទូទាំង​ប្រទេស ឬ​តាម​វិធី​ពហិការ​ការងារ ឬ​ពហិការ​សេដ្ឋកិច្ច»

ថ្មី​នេះៗ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​តាខ្មៅ ថា បាតុកម្ម​លើក​ក្រោយ​របស់​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ឡើង​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ប៉ុន្តែ មិន​ទាន់​បាន​កំណត់​ថ្ងៃ​ជាក់លាក់​នៅ​ឡើយ។

យ៉ាង​ណា លោក ហូរ វ៉ាន់ បញ្ជាក់​ថា ការ​ថ្លែង​របស់ លោក កឹម សុខា ពេល​នោះ​ជា​ការ​ស្ទង់​មតិ​ពលរដ្ឋ​ដែល​គាំទ្រ​ប៉ុណ្ណោះ។ លោក​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​តាខ្មៅ ឬ​នៅ​កន្លែង​ណា​ផ្សេង​នោះ មិន​ទាន់​សម្រេច​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ពេល​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ស្វែង​រក​ការ​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ តែ​នៅ​មិន​ទាន់​អាច​សម្រេច​ពី​គោល​បំណង​ធំ​នៅ​ឡើយ។ យ៉ាង​ណា មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ការ​ងាក​មក​រក​តុ​ចរចា​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​លើក​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​បាន​អូស​បន្លាយ​ពេល​ជាង ៣​ខែ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។