ការបញ្ចប់វិបត្តិនយោបាយរបស់គណបក្សជាប់ឆ្នោតទាំងពីរនៅពេលនេះ ពុំមានន័យថា អាចបញ្ចប់ការចាប់ខ្លួនសកម្មជនគណបក្សនយោបាយប្រឆាំងនោះឡើយ។ តុលាការនៅតែបន្តចេញដីកាកោះហៅ និងចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើបាតុកម្មកាលពីថ្ងៃទី១៥ កក្កដា នៅក្បែរទីលានប្រជាធិបតេយ្យ។
អ្នកវិភាគលើកឡើងថា ត្បិតតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមព្រៀងគ្នាថាបញ្ចប់នីតិវិធីតុលាការ ទាក់ទងនឹងអ្នកនយោបាយ ឬសកម្មជននយោបាយក៏ដោយ តែខាងគណបក្សប្រជាជនកម្ពុជា មិនអាចធ្វើតាមការសន្យានេះបានទេ ព្រោះថា គណបក្សសង្គ្រោះជាតិ នៅតថ្លៃផ្នែកនយោបាយជាច្រើន មុននឹងឈានដល់ចូលធ្វើការក្នុងសភាពេញលេញនោះ។
ការចាប់ខ្លួនចងតាមនីតិវិធីរបស់តុលាការ ទៅលើសកម្មជនអ្នកតវ៉ាដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនគណបក្សនយោបាយ និងឥស្សរជននយោបាយគណបក្សប្រឆាំង ជាការពេញនិយមរបស់តុលាការនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការទាមទារសិទ្ធិសេរីភាព និងទាមទារយុត្តិធម៌សង្គម ក៏ជាការមមាញឹកដែររបស់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយ ដោយពួកគេនាំគ្នាដើរដង្ហែក្បួនតាមផ្លូវ ដែលមិនទាមទារតាមផ្លូវតុលាការនោះឡើយ ពិសេសនៅអំឡុងពេលជាប់គាំងនយោបាយ។
នៅពេលថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ចរចាគ្នាបញ្ចប់ជម្លោះនយោបាយនោះ គណបក្សសង្គ្រោះជាតិ បានស្នើសុំឲ្យដោះលែងតំណាងរាស្ត្ររបស់ខ្លួន និងសុំបញ្ឈប់ការចេញដីកាចាប់ខ្លួនសកម្មជនបក្សប្រឆាំងទៀត។
ប៉ុន្តែ សកម្មភាពចេញដីកាកោះហៅនេះ មិនផុតរលត់ឡើយ ដែលអ្នកវិភាគពន្យល់ថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារធ្វើកំណែទម្រង់ជាច្រើនទៀត។ ដូច្នេះហើយ ទើបគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់តុលាការបន្តទៀត ដើម្បីចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ ដើម្បីជាការគំរាមដល់អ្នកតវ៉ាក្រុមផ្សេងទៀត ដែលកំពុងតែធ្វើសកម្មភាពតវ៉ានោះ។
ព្រឹទ្ធបុរសមហាវិទ្យាល័យនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យខេមរៈ លោក ឯម សុវណ្ណរា មានប្រសាសន៍ថា ការចេញដីកាចាប់ខ្លួន និងការចេញដីកាកោះហៅយុវជនគណបក្សសង្គ្រោះជាតិ មើលទៅជារូបភាពទាក់ទងនឹងផ្លូវច្បាប់។ តែអាថ៌កំបាំងនៅពីក្រោយខ្នង ជាហេតុផលនយោបាយ ព្រោះថា គណបក្សប្រជាជនកម្ពុជា ចង់ព្រមានដល់យុវជនដទៃទៀត កុំឲ្យធ្វើសកម្មភាពធ្វើបាតុកម្មផ្សេងៗ និងជាការកាត់ដៃជើងគណបក្សប្រឆាំង កុំឲ្យធ្វើសកម្មភាពខ្លាំងក្លាទៀត៖ «តាមពិតវាបង្កប់ន័យក្នុងហ្នឹង។ បើយើងមើលពីប្រព័ន្ធតុលាការនីតិប្បញ្ញត្តិនៅក្រោមស្ថាប័នប្រតិបត្តិនៅឡើយ អ៊ីចឹងវាមានការនិយាយគ្នា គេដាក់លក្ខខណ្ឌមួយ ចងជើងគណបក្សមួយទៀត ហើយយើងមើលប្រវត្តិនៃការចរចាមិនដែលស្មោះត្រង់នឹងគ្នាទេ យើងមើលការចរចាតាំងពីជំនាន់គណបក្សហ្វ៊ុនស៊ិនប៉ិចមកម្ល៉េះ គឺតែងតែយើងឈ្នះគូបដិបក្ខ»។
នៅក្រោយពេលតុលាការបានចេញដីកាចាប់ឃុំខ្លួនយុវជនគណបក្សសង្គ្រោះជាតិ យកទៅឃុំខ្លួននៅពន្ធនាគារព្រៃស នោះ កាលពីថ្ងៃទី១១ សីហា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ចេញដីកាបង្គាប់ឲ្យមនុស្ស ៥នាក់ ចូលខ្លួនទៅតុលាការ។ អ្នកទាំងនោះរួមមាន ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នៃគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងយុវជនគណបក្សនេះចំនួន ៤រូបទៀតមាន លោក សាន សីហៈ លោក ទេព ណារិន លោក អាន បឋម និងលោក អ៊ុក ពេជ្រសំណាង។
តុលាការបង្គាប់ឲ្យអ្នកទាំង ៥នាក់ចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ សីហា ខាងមុខ ក្រោមបទចោទដូចគ្នា គឺចូលរួមធ្វើកុបកម្ម ប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ពន្យល់ថា សកម្មភាពតុលាការចាប់ខ្លួន និងចេញដីកាកោះហៅយុវជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់នេះ គណបក្សប្រជាជនកម្ពុជា មិនចង់ឲ្យគណបក្សសង្គ្រោះជាតិ តថ្លៃលើការពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងនីតិវិធីផ្សេងៗទៀត ដែលគណៈកម្មការគណបក្សទាំងពីរកំពុងជជែកគ្នា។ ម្យ៉ាងទៀត ជាសារមួយដើម្បីឲ្យយុវជន និងក្រុមប្រជាពលរដ្ឋកំពុងតវ៉ារឿងដីធ្លី មើលឃើញអំពីលទ្ធផលនៃការតវ៉ា គឺត្រូវជាប់គុក។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនចង់ឲ្យមានចលនាមហាជនធ្វើការតវ៉ារីករាលដាលនៅក្នុងសង្គមកាន់តែខ្លាំងទេ បញ្ហានេះ គណបក្សប្រជាជនកម្ពុជា ប្រើប្រាស់តុលាការដើម្បីទប់ស្កាត់៖ «ចលនាយុវជននេះកើតឡើងដោយខ្លួនឯងច្រើនមិនមែនមានអ្នកណាបង្កើតទេ ដូចមានម៉ូដែលនៅអេហ្ស៊ីប នៅលីប៊ី ជាដើម អ៊ីចឹងរដ្ឋាភិបាលសិក្សាច្បាស់លាស់បន្តទៅទៀត ហើយរឿងចុងក្រោយគឺកាលណាមានវិបត្តិសង្គមច្រើន មានបក្សពួកច្រើនអ៊ីចឹង កត្តាសត្យានុម័តរដ្ឋាភិបាលត្រូវតែប្រើអំណាចបង្ក្រាប»។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត អះអាងថា តុលាការធ្វើការដោយឯករាជ្យ ស្របនឹងរដ្ឋធម្មនុញ្ញ គ្មានការជ្រៀតជ្រែកពីអ្នកនយោបាយឡើយ។ លោកសង្កត់ធ្ងន់ថា ការសម្រេចយ៉ាងណានោះ ជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ៖ «ការងាររបស់ចៅក្រមមិនមែនពាក់ព័ន្ធរឿងនយោបាយទេ ចៅក្រមមានសិទ្ធិដាក់ឲ្យនៅក្រៅឃុំចៅក្រមមានឆន្ទានុសិទ្ធិដាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន មិនមែនលើកលែងចោទប្រកាន់អីឯណា គឺថាស្ថិតនៅក្នុងការត្រួតពិនិត្យរបស់តុលាការ ព្រោះច្បាប់កំណត់ថា ជាឆន្ទានុសិទ្ធិរបស់ចៅក្រមដែលច្បាប់បានចែង»។
ទោះបីជាយ៉ាងនេះក្ដី តុលាការនៅកម្ពុជា ត្រូវបានគេដឹងជាទូទៅដែរថា តុលាការមិនឯករាជ្យ និងលម្អៀងទៅអ្នកមានលុយ និងអ្នកមានអំណាច។ ក្រុមមន្ត្រីសិទ្ធិមនុស្សលើកឡើងថា មានករណីច្រើនណាស់ដែលបញ្ជាក់ថា តុលាការមិនឯករាជ្យ ដូចជា កងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង ករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់កម្មករឲ្យរងរបួស ករណីឃាតកម្មទៅលើ លោក ជា វិជ្ជា ករណីគប់គ្រាប់បែកនៅមុខរដ្ឋសភា ករណីបាញ់អ្នកកាសែត លោក ឃឹម សំបូរ ជាដើម។ ករណីទាំងនេះ តុលាការមិនទាន់រកយុត្តិធម៌ជូនអ្នកទាំងនោះបាននៅឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់ព្រមានថា បើសិនជាសមាជិកគណបក្សសង្គ្រោះជាតិ នៅតែបន្តជាប់គុក និងទទួលរងការចេញដីកាចាប់ខ្លួនពីតុលាការទៀត វិបត្តិនយោបាយមិនទាន់បញ្ចប់ទេ។
លោក សម រង្ស៊ី មានប្រសាសន៍ថា លោកបាននិយាយជាមួយ លោក ហ៊ុន សែន រួចហើយថា សុំបញ្ឈប់ការប្រើប្រាស់ចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិ ទៀតនៅពេលវិបត្តិនយោបាយបានបញ្ចប់ហើយនោះ។ យ៉ាងនេះក្ដី លោក សម រង្ស៊ី អះអាងថា លោកនឹងព្យាយាមដោះស្រាយ ដើម្បីបញ្ចប់ការចាប់ចងសមាជិករបស់លោកពីតុលាការនេះ៖ «ខ្ញុំបានបញ្ជាក់ហើយ នៅរដ្ឋសភា លោក ហ៊ុន សែន បានស្នើឲ្យគេកត់ត្រាខ្ញុំថែមទៀត។ ខ្ញុំថាវិបត្តិនយោបាយចប់ហើយ ដូច្នេះរឿងដែលពាក់ព័ន្ធនឹងវិបត្តិនយោបាយ យើងត្រូវតែបញ្ចប់ តែបើគេនៅតែមានអ្នកជាប់គុក មានអ្នកតាមដានរករឿង វិបត្តិនយោបាយមិនទាន់ចប់ទេ។ ខ្ញុំនឹងព្យាយាម និងដោះស្រាយបញ្ចប់អាកាកសំណល់នយោបាយត្រូវតែចប់»។
ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា អ្នកនយោបាយមិនបានគោរពកិច្ចព្រមព្រៀងនោះទេ គណបក្សកាន់អំណាចនៅតែយកតុលាការជាល្បែងនយោបាយ ក្នុងការបង្ក្រាបគណបក្សប្រឆាំង៖ «ខ្ញុំមានការសោកស្ដាយដែរ ដែលអ្នកនយោបាយខិតខំនិយាយលុបបំបាត់ទ្រឹស្ដី ទឹកឡើងត្រីត្រីស៊ីស្រមោចទឹកខើចស្រមោចស៊ីត្រី។ ខ្ញុំគាំទ្រ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងជាការអនុវត្តពឹងផ្អែកលើល្បិចនយោបាយក្នុងការវាយក្រុមម្ខាងៗ ដោយសារតែអំណាចអាចប្រើប្រាស់នៃស្ថាប័នរដ្ឋដដែល»។
អ្នកវិភាគសង្កត់ធ្ងន់ថា បើទោះជារដ្ឋាភិបាលប្រើប្រាស់តុលាការ ដើម្បីទប់ស្កាត់ក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មនេះយ៉ាងណាក៏ដោយ ក៏មិនអាចបង្ក្រាបបានដែរ បើសិនណាវិបត្តិសង្គមនៅតែបន្តកើតមានកាន់តែច្រើន ភាពអយុត្តិធម៌ និងនិទ្ទណ្ឌភាពនោះ ភាពវឹកវរនឹងកើតមានកាន់តែខ្លាំងជាងនេះទៀត គួបផ្សំនឹងបច្ចេកវិទ្យាកាន់តែទំនើបនោះ ដោយគេបានលើកជាឧទាហរណ៍មេដឹកនាំនៅលីប៊ី (Libya) លោក កាដាហ្វី (Gaddafi) បានប្រើអំណាចផ្ដាច់ការគាបសង្កត់ទៅលើប្រជាពលរដ្ឋខ្លួន តែទីបំផុត អំណាចផ្ដាច់ការរបស់លោក មិនអាចទប់ទល់នឹងកម្លាំងមហាជនបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
