បក្ស​ប្រជាជន​ប្រកាន់​ជំហរ​មិន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី

គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង កំណត់​យក​ថ្ងៃ​ទី១៦ ខែ​កញ្ញា ជា​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​ទៀត រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពីរ។ ករណី​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា បក្ស​កាន់​អំណាច​នឹង​នៅ​តែ​ប្រកាន់​ជំហរ​មិន​ឯកភាព​ឲ្យ​មាន​ការ​បង្កើត​អង្គការ​ចាត់​តាំង​ណា​មួយ ដើម្បី​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ទេ។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា ជំហរ​របស់​គណបក្ស​កាន់​អំណាច គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ទេ ដោយសារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​រួច​រាល់​ហើយ។ លោក​បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច នឹង​រង់ចាំ​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ ហើយ​នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​បំផុត រាល់​ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន ក៏​មិន​ហាម​ឃាត់​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ដែរ ប៉ុន្តែ រឿង​សើរើ​លទ្ធផល​បោះ​ឆ្នោត​នោះ​ជា​រឿង​ហួស​ពេល​ទៅ​ហើយ។

លោក ជាម យៀប មិន​ប្រាប់​ថា តើ​គណបក្ស​កាន់​អំណាច​នឹង​លើក​យក​បញ្ហា​អ្វី​ខ្លះ​មក​ជជែក​ជាមួយ​បក្ស​ប្រឆាំង​ទេ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ប៉ុន្តែ​លោក​បញ្ជាក់​ថា បញ្ហា​សំខាន់ គឺ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ និង​ជជែក​ដើម្បី​ប្រយោជន៍​ជាតិ។

ទោះ​ជា​បែប​ណា​ក្តី គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាស​ជំហរ​ធ្វើ​បាតុកម្ម​រយៈពេល ៣​យប់ ៣​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ថ្ងៃ​ទី១៥ ១៦ និង ១៧ ខែ​កញ្ញា ថ្វី​បើ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​តែ ១​ថ្ងៃ គឺ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ក៏ដោយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​បំណង​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​ជាតិ ដោយ​ការ​ចរចា និង​រក្សា​ស្ថិរភាព​សង្គម។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​តាម​សំណើ ៣​យប់ ៣​ថ្ងៃ​ទេ ហើយ​ក្រសួង​ក៏​មិន​ទាន់​សម្រេច​ថា នឹង​ចាត់​ការ​យ៉ាង​ណា បើ​សិន​ជា​គណបក្ស​ប្រឆាំង​បន្ត​ធ្វើ​បាតុកម្ម ៣​យប់ ៣​ថ្ងៃ​មែន​នោះ​ដែរ។ លោក​បញ្ជាក់​ថា បាតុកម្ម និង​ការ​បង្ក្រាប​បាតុកម្ម សុទ្ធតែ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​ព្រះមហាក្សត្រ។ ហេតុ​នេះ លោក​សង្ឃឹម​ថា ការ​ជួប​ចរចា​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា នឹង​បាន​លទ្ធផល​ផ្លែផ្កា ហើយ​បាតុកម្ម​ក៏​ប្រហែល​ជា​មិន​មាន​ទៀត​ដែរ។

កិច្ចប្រជុំ​ជា​ថ្មី​ទៀត​រវាង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ទាំង​២ គ្រោង​នឹង​ធ្វើ​នៅ​វិមាន​រដ្ឋសភា ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ប្រាប់​ថា ក្នុង​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ច័ន្ទ ទី១៦ ខែ​កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាសភាព​ចូល​រួម ៦​នាក់ ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់ ៥​រូប​ផ្សេង​ទៀត រួម​មាន អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា និង​នាយក​រង​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន។ គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​លោក សម រង្ស៉ី ប្រធាន​គណបក្ស លោក កឹម សុខា អនុ​ប្រធាន​គណបក្ស លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និង លោក គួយ ប៊ុនរឿន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។