អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ថា​កម្ពុជា​កំពុង​តែ​ជួប​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ក្រោយ​ការ​បោះឆ្នោត

0:00 / 0:00

ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ មក​ទល់​នឹង​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ គឺ​ជា​ខួប ៣​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥។ ក្នុង​រយៈពេល ៣​ឆ្នាំ​មក​នេះ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​រក​ឃើញ​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​បាន​គោរព​នូវ​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ម្ចាស់​ឆ្នោត និង​មិន​គោរព​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ​ទេ។

រីឯ​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​វិញ បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ករណី​នេះ។ គណបក្ស​កាន់​អំណាច​បន្ត​អះអាង​ថា ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​មាន​ការ​រីក​ចម្រើន និង​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន។

អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​លើក​ឡើង​ថា រយៈពេល ៣​ឆ្នាំ​នៃ​អាណត្តិ​ទី​៥ នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ទេ ពិសេស​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​បាន​បរាជ័យ​លើ​កិច្ច​ព្រមព្រៀង​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​ប្រតិបត្តិ។

លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា អ្វី​ដែល​គណបក្ស​ទាំង​ពីរ​ធ្វើ​បាន​នោះ គឺ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត ដែល​មាន​ក្បាល​ម៉ាស៊ីន​គណៈកម្មាធិការ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី។ ក្រៅ​ពី​នេះ ការ​កែ​ទម្រង់​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​ប្រតិបត្តិ គណបក្ស​ទាំង​ពីរ​ធ្វើ​មិន​បាន​នោះ​ទេ ជាពិសេស​មាន​ការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ រដ្ឋសភា និង​ការ​បោះបង់​សភា​របស់​គណបក្ស​ប្រឆាំង ជាដើម។ រីឯ​ការ​អនុម័ត​ច្បាប់​វិញ លោក​បញ្ជាក់​ថា ច្បាប់​ទាំង​នោះ​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ដូចជា​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ជាដើម៖ «បើ​និយាយ​ពី​ផល​ប្រយោជន៍​សង្គម​វិញ​មាន​តិចតួច​បំផុត ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ក្ដី ការ​អនុម័ត​ច្បាប់​ក្ដី គឺ​មាន​ការ​ចូលរួម​តិចតួច​ពី​គណបក្ស​ប្រឆាំង​ក្នុង​ការ​ជជែក​វែកញែក​នោះ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល ៣​ឆ្នាំ​មក​នេះ សភា​ធ្វើ​កិច្ចការ​បាន​ជាច្រើន ពិសេស​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ការ​អនុម័ត​ច្បាប់​នៅ​ក្នុង​រដ្ឋសភា។ លោក​បញ្ជាក់​ថា បញ្ហា​មិន​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ គឺ​បណ្ដាល​មក​ពី​គណបក្ស​ប្រឆាំង៖ «ពាក្យ​ថា​សេរីភាព​នេះ​គ្មាន​ប្រទេស​ណា​កំណត់​ស្តង់ដារ​ថា​ចេះ​ថា​អ៊ីចុះ​នោះ​ទេ សំខាន់​សេរីភាព​ប្រជាពលរដ្ឋ​គ្រប់​រូប គឺ​មាន​សេរីភាព​ចំពោះ​មុខ​ច្បាប់។ អ៊ីចឹង​ច្បាប់​អនុម័ត​ហើយ ត្រូវ​តែ​គោរព​ទាំងអស់​គ្នា តែ​អ្នក​រិះគន់​នោះ​គ្រាន់​តែ​ជា​រឿង​បុគ្គល​ទេ»

ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​មាន ៧​ចំណុច​នោះ បាន​ព្រមព្រៀង​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិប្បញ្ញតិ និង​នីតិប្រតិបត្តិ និង​ការ​កែ​ទម្រង់​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា កំណែ​ទម្រង់ គ.ជ.ប ប្រើ​យន្តការ​វប្បធម៌​សន្ទនា​ជា​គោល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​ផ្សេងៗ​ទៀត។ ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​ដាក់​ក្បាល​ចូល​គ្នា​ដឹក​នាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នោះ គឺ​គណបក្ស​ទាំង​ពីរ​បាន​បង្កើត​ក្រុម​ភាគតិច និង​ក្រុម​ភាគច្រើន​នៅ​រដ្ឋសភា។

ផ្ទុយ​ទៅ​វិញ ការ​ប្រើ​វប្បធម៌​សន្ទនា​មិន​បាន​យូរ​អង្វែង​នោះ​ទេ គណបក្ស​ទាំង​ពីរ​បាន​ប្រេះឆា​គ្នា​តាំង​ពី​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ រដ្ឋសភា និង​ការ​ប្រើ​អំពើ​ហិង្សា​វាយ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៥ និង​ការ​ចោទ​ប្រកាន់ និង​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន និង​ការ​ប្ដឹងផ្ដល់​លោក សម រង្ស៊ី ទាក់ទង​បទ​បរិហារ​កេរ្តិ៍ រហូត​ដល់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​និរទេស​ខ្លួន​ដល់​បច្ចុប្បន្ន ជាដើម។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា អ្នក​ដែល​បង្ក​បញ្ហា​បណ្ដាល​ឲ្យ​គណបក្ស​ទាំង​ពី​ប្រេះឆា​គ្នា​ជា​ថ្មី​ម្ដង​ទៀត គឺ​មក​គណបក្ស​កាន់​អំណាច ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ធ្លាក់​ដល់​សភាព​ដូច​សព្វថ្ងៃ​នេះ៖ «បក្ស​ប្រឆាំង​បាន​ឃ្លាំ​មើល​ការងារ​របស់​គណបក្ស​កាន់​អំណាច និង​រិះគន់​រដ្ឋាភិបាល​បំពេញ​តាម​តួនាទី​របស់​ខ្លួន តែ​ត្រូវ​បាន​យាយី និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត»

ចំណែក​បញ្ហា​សេដ្ឋកិច្ច​វិញ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​លើក​ឡើង​ថា ស្ថានការណ៍​នយោបាយ​ប្រេះឆា​គ្នា​នេះ អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​មក​បណ្ដាក់​ទុក ប្រជាពលរដ្ឋ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ដដែល។

ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង​ភាព​រឹតត្បិត​ដដែល មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រឈម​នឹង​ការ​ចាប់​ខ្លួន គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការពារ​ជន​ងាយ​រងគ្រោះ​នោះ​ឡើយ ក្រោយ​ពី​តុលាការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប​ទៀត​នោះ។ ស្ថានភាព​កាន់​តែ​ធ្ងន់​ទៅ​ទៀត ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​លើក​ឡើង​ពី​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម​ឥត​សំចៃ​មាត់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

នាយក​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ី​នៃ​អង្គការ​មូលនិធិ​កេរ​ដំណែល​អន្តរជាតិ លោក វ៉លធើ ឡមែន (Walter Lohman) ថ្លែង​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រក្សា​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅ​លើ​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​យូរ​អង្វែង ខណៈ​មាន​ការ​រឹតត្បិត និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គណបក្ស​ប្រឆាំង ការ​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​អំពើ​ហិង្សា​នយោបាយ​ទៅ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ស្ថានការណ៍​នយោបាយ​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មើល​ឃើញ​ថា កម្ពុជា កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន ខណៈ​នីតិរដ្ឋ​របស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​កំពុង​ត្រូវ​បាន​គេ​រំលោភ ហើយ​អ្នក​បញ្ជា​ពី​ក្រោយ​អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​ការងារ តំណាង​កម្មករ សកម្មជន​ព្រៃ​ឈើ និង​វិភាគ​បញ្ហា​សង្គម នៅ​មិន​ទាន់​ត្រូវ​បាន​វែក​មុខ និង​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។