គណបក្ស​ធំៗ​ទាំង​ពីរ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ក្នុង​ការ​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ

ដោយ ម៉ម មុនីរតន៍
2016-06-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ជុំវិញ​ការ​ចរចា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ។ បក្ស​ប្រឆាំង​បាន​បង្ហាញ​គោល​បំណង​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​បញ្ហា។ ផ្ទុយ​ទៅ​វិញ បក្ស​កាន់​អំណាច​យល់​ថា ប្រសិន​បើ​បក្ស​ទាំង​ពីរ​ផ្ដើម​ចរចា​នៅ​ពេល​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ក្នុង​សំណុំ​រឿង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង។

គិត​មក​ដល់​ពេល​នេះ​ទៅ​ហើយ ពុំ​ទាន់​ឃើញ​មាន​ពន្លឺ​ណា​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា បក្ស​នយោបាយ​ទាំង​ពីរ​ដែល​កំពុង​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា អាច​វិល​មក​តុ​ចរចា​នៅ​ឡើយ។

វិបត្តិ​នយោបាយ​ដែល​ឈាន​ទៅ​ដល់​បិទ​ផ្លូវ​ចរចា​នេះ អ្នក​វិភាគ​មើល​ឃើញ​ថា ប្រសិន​បើ​ដូច​អ្វី​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​អះអាង​ថា ឲ្យ​បញ្ចប់​នីតិវិធី​រួច​រាល់​ជា​មុន​សិន​តាម​ផ្លូវ​តុលាការ​នោះ មាន​ន័យ​ថា គឺ​ជា​ការ​ព្យាយាម​ស្ដារ​ប្រជាប្រិយភាព​ដែល​កំពុង​បាក់​ស្រុត​ប៉ុណ្ណោះ។

លោក មាស នី អ្នក​វិភាគ​ឯករាជ្យ​ចាត់​ទុក​ថា ប្រសិន​បើ​ការ​ចរចា​របស់​បក្ស​នយោបាយ​ទាំង​ពីរ ពុំ​បាន​លើក​ពី​របៀបវារៈ​អ្នក​ជាប់​ឃុំ​មក​និយាយ​ទេ បាន​ន័យ​ថា ជំនួប​ដែល​អាច​នឹង​កើត​ឡើង​នោះ វា​នៅ​តែ​មិន​ស្ងប់​ចិត្ត​ពី​ខាង​បក្ស​ប្រឆាំង។ លោក​បន្ត​ថា «បើ​សិន​ជា​មាន​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ​មុន​ពេល​ដែល​តុលាការ​សម្រេច វា​ហាក់​បី​ដូចជា​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន ហ្នឹង​បាក់​មុខ ឬ​ក៏​ទទួល​រង​ការ​ទិតៀន​ថា អ្វីៗ​វា​កើត​ឡើង​សុទ្ធតែ​ជា​រឿង​នយោបាយ។ ខ្ញុំ​គិត​ថា ពេល​ខ្លះ​គណបក្ស​ប្រជាជន ចង់​ទុក​ពេល​ហ្នឹង​ស្ដារ​អ្វី​ដែល​វា​កើត​ឡើង​មក​ដល់​ថ្ងៃ​នេះ​ផង»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា គិត​មក​ដល់​ម៉ោង​នេះ​ទៅ​ហើយ សញ្ញា​ជា​វិជ្ជមាន​ណា​មួយ​និយាយ​អំពី​ការ​ចរចា គឺ​ពុំ​មាន​សោះ​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​មិន​ទាន់​ទទួល​បាន​អី​ពី​ខាង​គណបក្ស​ផ្សេង​ទេ»

ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ គេ​សង្កេត​ឃើញ​ថា ចាប់​ផ្ដើម​ក្រោយ​ពី​ព្រះរាជអាជ្ញា​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ ថ្វី​បើ​បក្ស​កាន់​អំណាច​អះអាង​ថា កម្ពុជា ពុំ​មាន​វិបត្តិ​នយោបាយ​ដូច​បក្ស​ប្រឆាំង​លើក​ឡើង គិត​មក​ដល់​ពេល​នេះ ទាំង​សហគមន៍​ជាតិ អន្តរជាតិ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ផង សុទ្ធតែ​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​កង្វល់​ចំពោះ​ចរន្ត​នយោបាយ​នៅ​កម្ពុជា ពេល​នេះ។

ក្នុង​រឿង​នេះ​ដែរ គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ជំហរ​ថា ការ​ជួប​សន្ទនា​ណា​មួយ​នៅ​ពេល​នេះ ដូច​ពុំ​ទាន់​គិតគូរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​ពិគ្រោះ​យោបល់​បើក​ទ្វារ​ជានិច្ច ប្រសិន​បើ​បក្ស​ប្រឆាំង​ពិត​ជា​មាន​ឆន្ទៈ នោះ​គឺ​ការ​ចូល​អង្គុយ​ត​ទល់​គ្នា​នៅ​ក្នុង​រដ្ឋសភា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២១ មិថុនា ថា ជំហរ​មុតមាំ​ចុង​ក្រោយ​របស់​បក្ស​កាន់​អំណាច គឺ​ការ​និយាយ​ទៅ​ដល់​ការ​ចរចា​ពី​បរិបទ​នយោបាយ ពុំ​អាច​កើត​ឡើង​បាន​ទេ​នៅ​ពេល​នេះ។ ផ្ទុយ​ពី​នេះ​វិញ ប្រសិន​បើ​សំណុំ​រឿង​ទាំង​តំណាង​រាស្ត្រ និង​សកម្មជន​របស់​បក្ស​ប្រឆាំង​ឆ្លង​ផុត​ពី​ដំណាក់​កាល​នៃ​យុត្តាធិការ​របស់​តុលាការ​ហើយ ប្រហែល​ជា​អាច​ពិចារណា​បាន​ខ្លះ។ លោក​បន្ត​ថា «បើ​សិន​ជា​រឿង​រួច​រាល់​ចំពោះ​ជន​ប្រព្រឹត្តិ​បទល្មើស​ទាំង​ប៉ុន្មាន​នាក់​ហ្នឹង​រួច​ហើយ យើង​នឹង​ពិនិត្យ​លទ្ធភាព​ធ្វើ​ការ​ចរចា​គ្នា។ ប៉ុន្តែ​ធ្វើ​ឡើង​នៅ​ក្រោម​លក្ខខណ្ឌ​មួយ មិន​អាច​ចរចា​ដើម្បី​ដោះ​អ្នក​ទោស​ជាប់​ពន្ធនាគារ​ទេ»

គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​របស់​ខ្លួន​ចំនួន ១៩​នាក់​ហើយ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្រៅ​ពី​នេះ នៅ​មាន​តំណាង​រាស្ត្រ​ចំនួន ៧​រូប​ផ្សេង​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ប៉ុន្តែ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

CPP is trying real hard to scam people again and again. Once they are elected, CPP will continue to abuse people the next 5 years until election comes around again. So the cycle continues until people say enough is enough. It looks like people had it up to their necks.

Jun 24, 2016 12:01 PM

ទំពាំង

លោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និយាយច្រំដែល ក្មានទៅមុខ យកសម្ដីគំរាមកំហែងបញ្ជានគរបាលតាមវិទ្យុ ទូរទស្សន៍របស់លោកហ៊ុន សែនជាសារនយោបាយរបបផ្ដាច់ការ ឲ្យស្វែងរកនិងប្រឌឹតការចោទប្រកាន់ ចាប់ចង តាមប្រមាញ់ អ្នកដឹកនាំ មន្ត្រី និងសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិ ហើយនិងមន្ត្រីNGOs ឲ្យបាក់ស្មារតី ឲ្យបាក់ស្បាតលែងហ៊ានហាមាត់និយាយ។

លោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ប្រើតុលាការ ប្រើACU ជា"កាំបិតស្រួចផ្លែវែងដងវែង" ខ្វៀលបេះដូងខ្មែរអ្នកគឹតគូរប្រយោជន៍ពលរដ្ឋខ្មែរ ទៅថ្វាយ មហាវិរបុរសហូ ជីមិញ ជាមួយនិងការដឹងគុណមិនចប់រហូតដល់ខ្មែរបាត់បង់អត្តសញ្ញាណជាតិទាំងស្រុងក្រោមនយោបាយសេដ្ឋកិច្ចនិងអន្តោប្រវេសន៍របស់យួន។ យួនបានលុយចំណេញពីលក់ឈើខ្មែរចិញ្ចឹមសមាគម"ស្របច្បាប់"យួននៅស្រុកខ្មែរ ឲ្យទិញទីតាំងសេដ្ឋកិច្ចពីតូចល្អិត ដល់ធំថ្នាក់លានដុល្លារអាមេរិក គឺទិញតាំងពីទីតាំងកញ្ច្រែងតាមផ្សាត្រីរហូតដល់អាគារពាណិជកម្មធនតូច ធនមធ្យម ធនធំ។ សម័យសម្ដេចតា នរោត្តម សីហនុ តាមកំណត់បវត្តិសាស្ត្រ មាន"ច្បាប់រក្សាទុក មុខរបរពី២៣ ទៅ ៣០មុខមិនអនុញ្ញាត្តិឲ្យយួន និងចិនធ្វើឡើយ។

"សម័យព្រុំដែនខាងកើតប្រហោង" និងដីសម្បទានឲ្យយួនចូលមកដាំកៅស៊ូ និងសេដ្ឋកិច្ចសេរីរលាស់ដៃរលីងធេង សំរាប់បំរើផលប្រយោជន័យួនរបស់លោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បាននិងកំពុងតែធ្វើឲ្យកម្ពុជាបាត់បង់អត្តសញ្ញាណជាតិពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយម៉ោងទៅមុយម៉ោង។

ឥរិយាបទនយោបាយរបស់លោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាគឺ កំទេច រំលាយខ្មែរ និងក្រុមខ្មែរទាំងឡាយណាដែលមិនដើរតាម"នយោបាយរំលាយអត្តសញ្ញាណជាតិខ្មែរ"របស់លោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។

ឥរិយាបទ"ចរចារ"របស់លោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺចរចាររួចហើយ តាមចោទ តាមចាប់ ខ្មែរទាំងឡាយណាដែលមិនដើរតាម"នយោបាយរំលាយអត្តសញ្ញាណជាតិខ្មែរ"របស់លោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។

ខ្ញុំយល់ថា "ចរចារ" ជាមួយលោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តម្រូវឲ្យជម្រុះចោលឲ្យអស់នូវការចោទប្រកាន់និងចាប់ដាក់គុកអ្នកនយោបាយគណបក្សសង្គ្រោះជាតិទាំងអស់ មន្ត្រីNGOsទាំងអស់ឲ្យមានសេរីភាពឡើងវិញ ។

Jun 24, 2016 05:01 AM

ហានិភ័យ

ពី តាកែវ

ចុះកាលក្រោយបោះឆ្នោតឆ្នាំ២០១៣ ចចារដើម្បីបានឡើងកាន់អំណាច ដោយដោះលែងជនជាប់ពិរុទ្ធ ម៉េចក៏មិនថានាំឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការក្នុងសំណុំរឿងមន្ត្រី និងសកម្មជនបក្សប្រឆាំងផង មិនខុសពីដល់ត្រើយសើយគូថ។

Jun 23, 2016 05:30 AM

អ្នក​អាន​អនាមិក

កុំទៅឆ្ងល់អី! ព្រោះថ្ងៃមុនប្រធានាធិបតីយួនអាវ៉ាងមកខ្មែរគឺដើម្បីអោយសម្តេចតេជោទទួលយកនូវអនុសាសន៍របស់វា​ ដើម្បីទប់ទល់និងបក្សប្រឆាំង​ លោកសុខ​ អវសានគាត់ថាតាមគេទេ​ គាត់អត់ដឹងខ្យល់អីទេ​ កុំប្រកាន់និងវាអី!

Jun 23, 2016 05:10 AM

អ្នក​អាន​អនាមិក

ការចរចារអាចប្រព្រឹត្តទៅបានលុះត្រាតែភាគីទាំងពីរថយមួយជំហ៊ានម្នាក់។

Jun 23, 2016 02:18 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល