ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបង្ហាញព្រះភ័ក្ត្រនៅក្នុងសមាជកគណបក្សសង្គ្រោះជាតិ លើកទី១ នៅថ្ងៃទី៧ ខែមេសា ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ៤ ដែលមានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់។
ព្រះអង្គមានព្រះបន្ទូលថា មូលហេតុសំខាន់ដែលព្រះអង្គមកធ្វើនយោបាយនៅគណបក្សសង្រ្គោះជាតិនេះ ដោយសារតែព្រះអង្គគ្មានជម្រើសទៅគណបក្សបក្សផ្សេង ព្រះអង្គឃើញភាពអយុត្តិធម៌បានកើតមានច្រើននៅក្នុងសង្គមសព្វថ្ងៃ ដូចជាភាពអយុត្តិធម៌នៅប្រព័ន្ធតុលាការ បញ្ហារំលោភដីធ្លី និងបញ្ហាផ្សេងៗទៀត។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គចង់ដោះស្រាយភាពអយុត្តិធម៌ជួនប្រជាពលរដ្ឋ។
នៅពេលអ្នកយកសារព័ត៌មានចោទសួរថា ហេតុអ្វីបានជាព្រះអង្គមិនចូលរួមគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ដរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បែរមកចូលធ្វើនយោបាយជាមួយគណបក្សសង្រ្គោជាតិវិញ?
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឆ្លើយថា គណបក្សរាជានិយមនោះមិនមែនមានតែគណបក្សហ្វ៊ុនស៊ិនប៉ិច នោះទេ គឺគណបក្សណាក៏ជាគណបក្សរាជានិយមដែរ ហើយការចូលធ្វើនយោបាយនៅគណបក្សសង្រ្គោះជាតិនេះ ដោយសារគណបក្សសង្រ្គោះជាតិព្រមទទួលយកសំណើរបស់ព្រះអង្គ ក្នុងការទទួលយកគោលនយោបាយរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
ការយាងចូលធ្វើនយោបាយនៅគណបក្សសង្រ្គោះជាតិរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គឺសែរាជវង្សានុវង្សទី១ហើយ បន្ទាប់ពីកាលពីពេលថ្មីៗនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា សម្តេចក្រុមព្រះ នរោត្តម រាណឫទ្ធិ មានបំណងចង់ចូលធ្វើនយោបាយនៅគណបក្សសង្រ្គោះជាតិដែរ តែក្រោយមកត្រូវបានអ្នកនាំពាក្យរបស់ព្រះអង្គបានបដិសេធវិញ។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា នេះជាសញ្ញាវិជ្ជមានមួយដែលសែរាជវង្សានុវង្សបានយាងចូលក្នុងឆាកនយោបាយនៅគណបក្សប្រឆាំងនេះ ហើយគេរំពឹងថា កម្លាំងគាំទ្រនឹងមានសន្ទុះកើនឡើងថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
