ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលបានចូលរួមមហាបាតុកម្ម បញ្ជាក់ជំហរថា បើទោះជាពួកគាត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមតវ៉ាក្ដី ពួកគាត់សន្យាថានឹងបន្តចូលរួមបាតុកម្មលើកក្រោយៗទៀត។
មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ និយាយថា យុត្តិធម៌កើតចេញពីការទាមទារនេះ នៅមិនទាន់ទទួលបាននៅឡើយទេ ដោយចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ពិតជាពុំមានចេតនាក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងសង្គមមួយឲ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ឡើយ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យក្នុងថ្ងៃបង្ហើយថា ការតវ៉ានេះនៅតែមិនទាន់អាចទទួលបានលទ្ធផលអ្វីជាដុំកំភួននៅឡើយទេ។ បើទោះជាបែបណា លោកគិតថា ការទាមទារសិទ្ធិ និងយុត្តិធម៌ដែលត្រូវបាត់បង់នេះ ជាផ្នែកមួយក្នុងការជំរុញឲ្យអ្នកនយោបាយចេះធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវបាន។
«សំឡេង»
មហាបាតុកម្មលើកទីបីនេះ ប្រជាពលរដ្ឋស្ទើរពីគ្រប់ខេត្តក្រុង បានមកចូលរួមនៅទីលានប្រជាធិបតេយ្យកើនទ្វេដង ដែលមានចំនួនរាប់ម៉ឺននាក់ បើប្រៀបធៀបទៅនឹងការជួបជុំលើកទីមួយ និងលើកទីពីរ។
ដោយឡែក ក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាល សង្កេតឃើញថា ហាក់បានបន្ធូរបន្ថយការរឹតបន្តឹងជាងមុន ចំពោះការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋលើកនេះ។ លើសពីនេះទៀត ច្រកចូលរាជធានីភ្នំពេញ ដែលភ្ជាប់ពីតាមបណ្ដាខេត្ត គឺមានបារាស និងកម្លាំងចម្រុះតិចតួចប៉ុណ្ណោះ។
បញ្ហានេះ ផ្ទុយពីលើកទីមួយ និងលើកទីពីរ កុំថាឡើយច្រកចូលពីតាមបណ្ដាខេត្ត សូម្បីមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះរាប់ពាន់នាក់ ត្រូវគេដាក់ពង្រាយ និងបិទរបាំងផ្លូវស្ទើរតែរកច្រកចេញពុំបានផង។ ហេតុការណ៍បិទផ្លូវកាលណោះ បានធ្វើអោយពលរដ្ឋម្នាក់បានស្លាប់ភ្លាមៗក្រោយពីសមត្ថកិច្ចរបស់រដ្ឋាភិបាលបាញ់បង្ក្រាបក្រុមបាតុករ នៅស្ពានអាកាសក្បាលថ្នល់។
ដោយឡែកលើកនេះវិញ ប្រជាពលរដ្ឋអះអាងថា រដ្ឋាភិបាលហាក់បន្ទន់ឥរិយាបថពីហិង្សា មកជាការសម្របសម្រួល ក្នុងការជួបជុំបានប្រសើរជាងមុន។ ពួកគាត់ចាត់ទុកថា អ្វីដែលរដ្ឋាភិបាលធ្វើនេះ គឺជាផ្នែកមួយបង្ហាញថា ជាការសម្បទានដែលពុំធ្លាប់មានក្នុងការគោរពសិទ្ធិមនុស្ស។
«សំឡេង»
បញ្ហានេះ ត្រូវបាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកម្មវិធីនៃកិច្ចពិភាក្សារបស់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី២៤ តុលា ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលចង់ឲ្យមានសន្តិសុខ និងប្រជាធិបតេយ្យ។ លើសពីនេះ អ្វីដែលរដ្ឋាភិបាលចង់បាន គឺមានការឯកភាពជាតិ និងកសាងសង្គមកម្ពុជា ឲ្យមានស្ថិរភាពនយោបាយនៅកម្ពុជា ជាធ្លុងមួយ។
«សំឡេង»
បើទោះជាបែបណា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ នៅថ្ងៃចុងបញ្ចប់ ដោយចាត់ទុកថា ការធ្វើនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំដែលមានភាពស្មោះត្រង់ម្ដងណាមួយនោះទេ។ លោកអះអាងថា ជាង ៣០ឆ្នាំមកនេះ ជានិច្ចកាល គណបក្សគ្រប់គ្រងអំណាចតែងលួចបន្លំ និងប្រើវិធីដែលមិនអាចជឿទុកចិត្តបានជាដរាប។
«សំឡេង»
នៅទីលានប្រជាធិបតេយ្យឯណោះវិញ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃចុងបញ្ចប់ អ្វីៗហាក់រៀបចំបានល្អជាងមុន តួយ៉ាងដូចជាបង្គន់អនាម័យ សេវាសង្គ្រោះបន្ទាន់ និងម្ហូបអាហារជាដើម។ លើសពីនេះ ក៏មានក្រុមតន្ត្រីប្រគំកំដរនៅពេលម៉ោងសម្រាក និងមានចាក់វីដេអូសម្រាប់ទស្សនាកម្សាន្តពេលយប់ផង។
ប្រធានក្រុមអ្នកស្ម័គ្រចិត្តសង្គ្រោះបឋមឯករាជ្យ ដែលជាស្ថាប័នមិនស្ថិតក្រោមគណបក្សនយោបាយ ហើយផ្ដោតសំខាន់ទៅលើការប្រមូលផ្តុំរបស់ប្រជាជនច្រើន លោក ឈួន ភ័ក្រ ថ្លែងថា រយៈពេល ៣ថ្ងៃនេះ ក្រុមការងាររបស់លោកបានបំពេញកិច្ចការយ៉ាងសកម្ម ដែលផ្តល់សេវាផ្នែកសុខភាពសម្រាប់ក្រុមបាតុករ ដូចជាវិលមុខ និងផ្ដាសាយជាដើម។
«សំឡេង»
នៅម៉ោងជាង ៤រសៀលថ្ងៃទី២៥ ខែតុលា ពិធីចាប់ផ្ដើមបិទបញ្ចប់។ ទន្ទឹមនឹងនេះ សកម្មភាពនៃការចាកចេញរបស់ក្រុមបាតុករពីទីលានប្រជាធិបតេយ្យ ក៏ផ្ដើមបណ្ដើរៗដែរ។ អ្នកចូលរួមមហាបាតុកម្ម ក៏ចាប់ផ្ដើមសាកន្ទេល និងថង់ប្លាស្ទិកខ្មៅ ដែលវេចខ្ចប់សម្ភារៈ ដូចជានំប៉័ង និងទឹកសុទ្ធ ដែលនៅសេសសល់ផង ត្រូវគេកណ្ដៀតចូលរថយន្តក្រោយពីពិធីត្រូវរំសាយ។ ស្របពេលជាមួយគ្នានោះ រថយន្តក៏ផ្ដើមចេញដំណើរសន្សឹមៗត្រឡប់ទៅតាមបណ្ដាខេត្តវិញ។
«សំឡេង»
យ៉ាងណាក៏ដោយ ក្រុមបាតុករថ្លែងថា ពួកគាត់ហាក់នៅមានការអាឡោះអាល័យពន់ពេកពីអ្នកដែលធ្លាប់ស្គាល់គ្នាក្នុងរយៈពេលខ្លីនេះ។ បើទោះជាបែបណា ពួកគាត់បានសន្យាថា នឹងចូលរួមជាថ្មីម្ដងទៀតនៅពេលក្រោយ បើទោះជាត្រូវចំណាយថវិកាផ្ទាល់ក្ដី។
«សំឡេង»
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក សួន ចិន្ត្រា គិតថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាការប្រសើរដែលរាប់បានថា ជាការទទួលខុសត្រូវមួយដ៏ខ្ពស់។
«សំឡេង»
ប្រជាពលរដ្ឋយល់ឃើញថា ការកែទម្រង់គោលនយោបាយ នឹងមិនមានន័យសម្រាប់ការកសាងជំនឿចិត្តពីពលរដ្ឋទៀតទេនៅពេលនេះ។ អ្វីដែលម្ចាស់ឆ្នោតចង់បាននោះ គឺទាមទារឲ្យមានការផ្លាស់ប្ដូរដ៏ពិតប្រាកដមួយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
