តើ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​លទ្ធផល​យ៉ាង​ណា?

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​អស់​រយៈពេល ៣​លើក​រួច​មក​ហើយ ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​រួច​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា មក។ បើ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ពន្លឺ​នៃ​យុត្តិធម៌​នៅ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។

0:00 / 0:00

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រួម​មហា​បាតុកម្ម បញ្ជាក់​ជំហរ​ថា បើ​ទោះ​ជា​ពួក​គាត់​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ចូល​រួម​តវ៉ា​ក្ដី ពួក​គាត់​សន្យា​ថា​នឹង​បន្ត​ចូល​រួម​បាតុកម្ម​លើក​ក្រោយៗ​ទៀត។

មេ​ដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា យុត្តិធម៌​កើត​ចេញ​ពី​ការ​ទាមទារ​នេះ នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ ដោយ​ចាត់​ទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ពុំ​មាន​ចេតនា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​កសាង​សង្គម​មួយ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា ឡើយ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ថ្ងៃ​បង្ហើយ​ថា ការ​តវ៉ា​នេះ​នៅ​តែ​មិន​ទាន់​អាច​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​បែប​ណា លោក​គិត​ថា ការ​ទាមទារ​សិទ្ធិ និង​យុត្តិធម៌​ដែល​ត្រូវ​បាត់​បង់​នេះ ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ចេះ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​បាន។

«សំឡេង»

មហា​បាតុកម្ម​លើក​ទី​បី​នេះ ប្រជាពលរដ្ឋ​ស្ទើរ​ពី​គ្រប់​ខេត្ត​ក្រុង បាន​មក​ចូល​រួម​នៅ​ទីលាន​ប្រជាធិបតេយ្យ​កើន​ទ្វេ​ដង ដែល​មាន​ចំនួន​រាប់​ម៉ឺន​នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ជួប​ជុំ​លើក​ទី​មួយ និង​លើក​ទី​ពីរ។

ដោយ​ឡែក ក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល សង្កេត​ឃើញ​ថា ហាក់​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ជាង​មុន ចំពោះ​ការ​ប្រមូល​ផ្ដុំ​របស់​ប្រជាពលរដ្ឋ​លើក​នេះ។ លើស​ពី​នេះ​ទៀត ច្រក​ចូល​រាជធានី​ភ្នំពេញ ដែល​ភ្ជាប់​ពី​តាម​បណ្ដា​ខេត្ត គឺ​មាន​បារាស និង​កម្លាំង​ចម្រុះ​តិចតួច​ប៉ុណ្ណោះ។

បញ្ហា​នេះ ផ្ទុយ​ពី​លើក​ទី​មួយ និង​លើក​ទី​ពីរ កុំ​ថា​ឡើយ​ច្រក​ចូល​ពី​តាម​បណ្ដា​ខេត្ត សូម្បី​មហាវិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ត្រូវ​គេ​ដាក់​ពង្រាយ និង​បិទ​របាំង​ផ្លូវ​ស្ទើរ​តែ​រក​ច្រក​ចេញ​ពុំ​បាន​ផង។ ហេតុការណ៍​បិទ​ផ្លូវ​កាល​ណោះ បាន​ធ្វើ​អោយ​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ក្រោយ​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ក្រុម​បាតុករ នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់។

ដោយ​ឡែក​លើក​នេះ​វិញ ប្រជាពលរដ្ឋ​អះអាង​ថា រដ្ឋាភិបាល​ហាក់​បន្ទន់​ឥរិយាបថ​ពី​ហិង្សា មក​ជា​ការ​សម្រប​សម្រួល ក្នុង​ការ​ជួប​ជុំ​បាន​ប្រសើរ​ជាង​មុន។ ពួក​គាត់​ចាត់​ទុក​ថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​នេះ គឺ​ជា​ផ្នែក​មួយ​បង្ហាញ​ថា ជា​ការ​សម្បទាន​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។

«សំឡេង»

បញ្ហា​នេះ ត្រូវ​បាន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​នៃ​កិច្ច​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤ តុលា ថា នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដែល​ចង់​ឲ្យ​មាន​សន្តិសុខ និង​ប្រជាធិបតេយ្យ។ លើស​ពី​នេះ អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន គឺ​មាន​ការ​ឯកភាព​ជាតិ និង​កសាង​សង្គម​កម្ពុជា ឲ្យ​មាន​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ជា​ធ្លុង​មួយ។

«សំឡេង»

បើ​ទោះ​ជា​បែប​ណា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ នៅ​ថ្ងៃ​ចុង​បញ្ចប់ ដោយ​ចាត់​ទុក​ថា ការ​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​មាន​ភាព​ស្មោះត្រង់​ម្ដង​ណា​មួយ​នោះ​ទេ។ លោក​អះអាង​ថា ជាង ៣០​ឆ្នាំ​មក​នេះ ជា​និច្ចកាល គណបក្ស​គ្រប់គ្រង​អំណាច​តែង​លួច​បន្លំ និង​ប្រើ​វិធី​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ជា​ដរាប។

«សំឡេង»

នៅ​ទីលាន​ប្រជាធិបតេយ្យ​ឯណោះ​វិញ ចាប់​ពី​ថ្ងៃ​ទី​មួយ​រហូត​ដល់​ថ្ងៃ​ចុង​បញ្ចប់ អ្វីៗ​ហាក់​រៀប​ចំ​បាន​ល្អ​ជាង​មុន តួយ៉ាង​ដូច​ជា​បង្គន់​អនាម័យ សេវា​សង្គ្រោះ​បន្ទាន់ និង​ម្ហូប​អាហារ​ជាដើម។ លើស​ពី​នេះ ក៏​មាន​ក្រុម​តន្ត្រី​ប្រគំ​កំដរ​នៅ​ពេល​ម៉ោង​សម្រាក និង​មាន​ចាក់​វីដេអូ​សម្រាប់​ទស្សនា​កម្សាន្ត​ពេល​យប់​ផង។

ប្រធាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋម​ឯករាជ្យ ដែល​ជា​ស្ថាប័ន​មិន​ស្ថិត​ក្រោម​គណបក្ស​នយោបាយ ហើយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាជន​ច្រើន លោក ឈួន ភ័ក្រ ថ្លែង​ថា រយៈពេល ៣​ថ្ងៃ​នេះ ក្រុម​ការងារ​របស់​លោក​បាន​បំពេញ​កិច្ចការ​យ៉ាង​សកម្ម ដែល​ផ្តល់​សេវា​ផ្នែក​សុខភាព​សម្រាប់​ក្រុម​បាតុករ ដូច​ជា​វិល​មុខ និង​ផ្ដាសាយ​ជាដើម។

«សំឡេង»

នៅ​ម៉ោង​ជាង ៤​រសៀល​ថ្ងៃ​ទី​២៥ ខែ​តុលា ពិធី​ចាប់​ផ្ដើម​បិទ​បញ្ចប់។ ទន្ទឹម​នឹង​នេះ សកម្មភាព​នៃ​ការ​ចាក​ចេញ​របស់​ក្រុម​បាតុករ​ពី​ទីលាន​ប្រជាធិបតេយ្យ ក៏​ផ្ដើម​បណ្ដើរៗ​ដែរ។ អ្នក​ចូល​រួម​មហា​បាតុកម្ម ក៏​ចាប់​ផ្ដើម​សា​កន្ទេល និង​ថង់​ប្លាស្ទិក​ខ្មៅ ដែល​វេច​ខ្ចប់​សម្ភារៈ ដូច​ជា​នំប៉័ង និង​ទឹក​សុទ្ធ ដែល​នៅ​សេសសល់​ផង ត្រូវ​គេ​កណ្ដៀត​ចូល​រថយន្ត​ក្រោយ​ពី​ពិធី​ត្រូវ​រំសាយ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ រថយន្ត​ក៏​ផ្ដើម​ចេញ​ដំណើរ​សន្សឹមៗ​ត្រឡប់​ទៅ​តាម​បណ្ដា​ខេត្ត​វិញ។

«សំឡេង»

យ៉ាង​ណា​ក៏ដោយ ក្រុម​បាតុករ​ថ្លែង​ថា ពួក​គាត់​ហាក់​នៅ​មាន​ការ​អាឡោះអាល័យ​ពន់ពេក​ពី​អ្នក​ដែល​ធ្លាប់​ស្គាល់​គ្នា​ក្នុង​រយៈពេល​ខ្លី​នេះ។ បើ​ទោះ​ជា​បែប​ណា ពួក​គាត់​បាន​សន្យា​ថា នឹង​ចូល​រួម​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ក្រោយ បើ​ទោះ​ជា​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ក្ដី។

«សំឡេង»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស លោក សួន ចិន្ត្រា គិត​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ជា​ការ​ប្រសើរ​ដែល​រាប់​បាន​ថា ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ដ៏​ខ្ពស់។

«សំឡេង»

ប្រជាពលរដ្ឋ​យល់​ឃើញ​ថា ការ​កែ​ទម្រង់​គោល​នយោបាយ នឹង​មិន​មាន​ន័យ​សម្រាប់​ការ​កសាង​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ​ទៀត​ទេ​នៅ​ពេល​នេះ។ អ្វី​ដែល​ម្ចាស់​ឆ្នោត​ចង់​បាន​នោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។