ខ្មែរ​អូស្ត្រាលី​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុង​ម៉ែលប៊ន

ដោយ ទីន ហ្សាការីយ៉ា
2018.01.14
13 ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Chun Chanboth

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន និង​មន្ត្រី​បក្ស​ប្រជាជន​ផ្សេងទៀត ដែល​គ្រោង​នឹង​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​នៅមុខ​ភោជនីយដ្ឋាន Maxim Springvale នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) វេលា​ម៉ោង ៥.៣០ ល្ងាច ថ្ងៃ​អាទិត្យ​ទី​១៤ ខែ​មករា នេះ។

អ្នកដឹកនាំ​ធ្វើបាតុកម្ម និង​តំណាងរាស្ត្រ​អូស្ត្រាលី លោក ហុង លីម ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ មករា ថា មូលហេតុ​សំខាន់​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើបាតុកម្ម​ប្រឆាំង​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ដោយសារតែ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ បាន​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​សព្វបែបយ៉ាង។ ពិសេស​ទៅទៀត​នោះ លោក ហ៊ុន សែន ថែម ទាំង ជំរុញ​ឲ្យ​សភា​កម្ពុជា ដែល​លោក ហុង លីម ហៅថា រដ្ឋសភា​ទីងមោង​របស់​គណបក្ស​កាន់អំណាច ធ្វើ​ច្បាប់ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់ ដើម្បី​ចាត់ការ​បក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ហេតុផល​អនុវត្ត​ច្បាប់ ដែល​លោក ហុង លីម ហៅ ថា ជា​ច្បាប់​ព្រៃ៖ «ពួក​យើង​បាន​តាំង​ចិត្តជា​យូរ​មក​ហើយ ដោយសារតែ​សកម្មភាព​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ធ្វើបាប​បក្ស​ប្រឆាំង ចាប់​លោក កឹម សុខា ដាក់គុក​យ៉ាង​ព្រៃផ្សៃ និង​ធ្វើ​ឲ្យ​ហិនហោច​ធនធាន​ធម្មជាតិ គ្រប់យ៉ាង​ទាំងអស់»

លោក ហុង លីម បន្ថែម​ថា រដ្ឋបាល​គ្រប់គ្រង​របស់​លោក ហ៊ុន សែន បាន​ក្លាយទៅជា​រដ្ឋាភិបាល​ខុសច្បាប់ ហើយ​តែងតែ​បង្ក្រាប​ក្រុម​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ​ដីធ្លី មិន​ឲ្យ​ជួបជុំគ្នា​តវ៉ា ហើយ​ចោទ​ពី​រឿង​បដិវត្តន៍​ពណ៌ ដើម្បី​ធ្វើជា​លេស​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប។

លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម កន្លង​មក​ធ្លាប់​ប្រកាស​ប្ដេជ្ញា​ថា កងទ័ព​នឹង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា​ជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត និយាយ​ថា បដិវត្ត​ពណ៌​នឹង​ធ្វើ​ឲ្យ​បែកបាក់​ជាតិ បំផ្លាញ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ដូច្នេះ​កងទ័ព​មិន​ឲ្យ​កើតមាន​បដិវត្ត​ពណ៌​នៅ​លើ​ទឹកដី​កម្ពុជា​ទេ។

មូលហេតុ​នៃ​ដំណើរ លោក ហ៊ុន ម៉ាណែត កូនប្រុស​អតីត​មេទាហាន​ខ្មែរក្រហម​ទៅ​អូស្ត្រាលី​លើក​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ។ នៅ​ថ្ងៃអាទិត្យ​ទី​១៤ មករា​នេះ ជា​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការ​ឡើង​កាន់អំណាច​របស់​ឪពុក​លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន សែន​ត្រូវ​បាន​រដ្ឋសភា​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី ១៤ មករា ឆ្នាំ ១៩៨៥។ លោក​បាន​ដឹកនាំ​កម្ពុជា​តាំងពី​របប​កុម្មុយនិស្ត​ឯក​បក្ស រហូត​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស រហូត​ក្លាយ​ជា​របប​ផ្ដាច់​ការ​ឯក​បក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។