អ្នកនយោបាយកំពូលកម្ពុជា ចាកចេញពីប្រទេសខណៈដែលថៃ បន្តបញ្ជូនពលករខ្មែរត្រឡប់មកវិញកាន់តែច្រើនឡើងៗនោះ។ កាលពីសប្ដាហ៍មុន លោក កឹម សុខា បានដឹកនាំសមាជិកជាន់ខ្ពស់បក្សប្រឆាំងទៅបំពេញទស្សនកិច្ចនៅប្រទេសនូវែលហ្សេឡង់។ លោក សម រង្ស៉ី បានទៅសហគមន៍អឺរ៉ុប នៅថ្ងៃទី១៥ ខែមិថុនា។ ចំណែក លោក ហ៊ុន សែន ដឹកនាំមន្ត្រីជំនិតមួយក្រុមទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដេស នាព្រឹកថ្ងៃទី១៦ ខែមិថុនា។
អ្នកវិភាគរិះគន់ថា មេបក្សនយោបាយខ្មែរនៅតែកេងចំណេញគិតតែប្រយោជន៍ផ្ទាល់រៀងៗខ្លួន ខណៈប្រជារាស្ត្រកំពុងជួបការលំបាក។
នៅពេលនេះ មន្ត្រីនយោបាយសំខាន់ៗរបស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំង មិនមានវត្តមាននៅក្នុងប្រទេសឡើយ។ មន្ត្រីរដ្ឋាភិបាល ភាគីបក្សប្រឆាំង សុទ្ធតែចាត់ទុកថា រឿងថៃ បញ្ជូនពលករមកវិញជារឿងធំ តែមេដឹកនាំនយោបាយបែរជាជញ្ជូនគ្នីគ្នាទៅស្វែងរកការគាំទ្រផ្នែកការទូតពីបរទេសទៅវិញ។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក កឹម គុណវឌ្ឍន៍ បានសរសេរក្នុងទំព័រហ្វេសប៊ុក (facebook) របស់ខ្លួនថា លោក ហ៊ុន សែន បានទៅដល់ទីក្រុងដាកា (DhaKa) ប្រទេសបង់ក្លាដេស នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែមិថុនា។ ដំណើរទៅទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស។ មន្ត្រីរួមដំណើរមាន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា ជាដើម។
ភាគីទាំងពីរមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដូចជា កិច្ចព្រមព្រៀងស្ដីពីការបង្កើតគណៈកម្មការចម្រុះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងវិស័យកសិកម្មរវាងកម្ពុជា និងបង់ក្លាដេស កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងបង់ក្លាដេស និងកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការការពារវិនិយោគរវាងកម្ពុជា និងបង់ក្លាដេស។
ចំណែកឯមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ទៅបរទេស គឺធ្វើទំនាក់ទំនងការទូតជាមួយបរទេស និងជួបសកម្មជនរបស់ខ្លួននៅទីនោះ ដើម្បីពន្យល់ពីស្ថានការណ៍នយោបាយនៅក្នុងប្រទេស។ លោកបន្តថា លោក កឹម សុខា នឹងត្រឡប់មកវិញនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា រីឯ លោក សម រង្ស៉ី ត្រឡប់មកវិញនៅបីសប្ដាហ៍ខាងមុខ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកនយោបាយខ្មែរនៅតែកេងចំណេញរៀងៗខ្លួន បើទោះបីជារាស្ត្រកំពុងជួបការលំបាកហើយក្តី។ និយាយដល់ត្រង់នេះ លោក សុខ ទូច រំឭកថា សហរដ្ឋអាមេរិក វិញនៅពេលដែលប្រទេសជួបព្យុះសង្ឃរា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានលុបចោលដំណើរទស្សនកិច្ចដ៏សំខាន់ ដែលលោកគ្រោងជួបជាមួយប្រធានាធិបតីរុស្ស៊ី។ លោកចោទសំណួរថា តើពលករត្រឡប់ពីថៃ ជិត ២០ម៉ឺននាក់នេះ មិនសំខាន់ឬយ៉ាងម៉េច?
«សំឡេង»
ទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលមានចំណាត់ការបណ្ដោះអាសន្នរួចហើយ ចំពោះបញ្ហាពលករត្រឡប់មកវិញនេះ។ វិធានការទាំងនោះរួមមាន ការរក្សាសន្តិសុខសុវត្ថិភាព ផ្តល់មធ្យោបាយធ្វើដំណើរ ផ្តល់ចំណីអាហារ និងផ្សព្វផ្សាយពីឱកាសការងារ។ ប៉ុន្តែចំណាត់ការធំដុំដែលអាចធានាឲ្យពលរដ្ឋមានការងារធ្វើនៅក្នុងស្រុក ហើយរស់បានសមរម្យ គឺមិនទាន់មាននោះទេ។ ទន្ទឹមនឹងនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ក៏បានផ្ញើសារទៅកាន់អ្នកដឹកនាំយោធាថៃ ឲ្យគោរពសិទ្ធិពលករខ្មែរ តែផែនការធ្វើយ៉ាងម៉េចឲ្យពលករទាំងនោះមានការងារធ្វើក្នុងស្រុកនោះ ក៏មិនមានដែរ។ នៅក្នុងគណនេយ្យហ្វេសប៊ុកផ្លូវការរបស់មេបក្សប្រឆាំង ផ្សាយរូបភាពពលករ និងសរសេរសាររិះគន់រដ្ឋាភិបាល ថាគ្មានសមត្ថភាពរកការងារឲ្យរាស្ត្រធ្វើ។ អ្នកគាំទ្របក្សប្រជាជន វិញក៏វាយបកតបថា បក្សប្រឆាំងបានតែរិះគន់មិនគិតជួយរាស្ត្រនោះទេ។
អ្នកជំនាញនយោបាយ បញ្ជាក់ថា គណបក្សជាប់ឆ្នោតទាំងពីរកំពុងត្រូវការការគាំទ្រពីបរទេស និងពលរដ្ឋក្នុងស្រុក នៅពេលដែលទំនាស់នយោបាយមិនទាន់ដោះស្រាយចប់។ តែបក្សទាំងពីរគួរណាស់តែដើរផ្លូវរួមគ្នា ដើម្បីស្វែងរកការងារឲ្យពលរដ្ឋធ្វើ ប្រសើរជាងខំធ្វើប្រជាភិថុតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
