នូវែលហ្សេឡង់​ចុះ​កិច្ច​ព្រមព្រៀង​បើក​សេវា​អាកាសចរណ៍​ជាមួយ​កម្ពុជា

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រទេស​នូវែលហ្សេឡង់ បាន​សម្រេច​លើ​កិច្ច​ព្រមព្រៀង​ថ្មី បើក​សេវា​អាកាសចរណ៍ ២ ជា​មួយ​កម្ពុជា និង​ហ្វីលីពីន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​នូវែលហ្សេឡង់ ថ្ងៃ​ទី​៩ កក្កដា បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​នូវែលហ្សេឡង់ លោក ហ្គារី ប្រោនលី (Gerry Brownlee) ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរ និង​ពាណិជ្ជករ​នូវែលហ្សេឡង់ ចុះ​ឡើង​មក​កាន់​ប្រទេស​ទាំង​ពីរ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ដោយ​ឡែក​ចំពោះ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​កម្ពុជា លោក ហ្គារី ប្រោនលី បញ្ជាក់​ថា មិន​មាន​ការ​កំណត់​ផ្លូវ និង​ជើង​ហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​ទេ។ ជាង​នេះ​ទៅ​ទៀត កិច្ច​ព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ការ​ហោះហើរ​ចុះ​ឡើង​នៃ​ប្រទេស​ទាំង​ពីរ​អាច​ទទួល​ការ​ចែក​រំលែក​នៃ​ចំណាត់​ការ​លេខ​កូដ​ហោះហើរ​ជាមួយ​ជើង​ហោះហើរ​នៃ​ប្រទេស​ទី​បី​បាន​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ដើម្បី​សុំ​ការ​អះអាង​ព័ត៌មាន​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​៩ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។