មានខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលជាច្រើនសន្លឹកត្រូវជនមិនស្គាល់មុខបាចនៅតាមដងផ្លូវសាធារណៈជាច្រើនកន្លែងក្នុងទីរួមខេត្តព្រះវិហារ កាលពីរាត្រីថ្ងៃទី៨ ខែធ្នូ កន្លងទៅ។
សមត្ថកិច្ចរបស់រដ្ឋាភិបាលនៅខេត្តព្រះវិហារ បានទទួលស្គាល់ថា ពិតជាមានការបាចខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលពិតមែន ក៏ប៉ុន្តែពុំមានអ្នកណាម្នាក់ចង់អធិប្បាយអំពីរឿងនោះទេ។
ស្នងការនគរបាលខេត្តព្រះវិហារ គឺលោក ស៊ី គីរី។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី៩ ខែធ្នូ ថា ពិតជាមានជនមិនស្គាល់មុខបានធ្វើសកម្មភាពបាចខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលនៅក្នុងទីរួមខេត្តព្រះវិហារមែន ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យដឹងអំពីខិត្តប័ណ្ណនោះមានចំនួនប៉ុន្មានសន្លឹក ហើយតើប៉ូលិសនឹងចាត់វិធានការយ៉ាងណានោះទេ៖ «អូ!ខ្ញុំមិនទាន់បានពិនិត្យមើលទេ ព្រោះខ្ញុំទើបតែចុះពីយន្តហោះ សូមទោស!»។
ខិត្តប័ណ្ណដែលជនមិនស្គាល់មុខបានបាចនៅតាមដងផ្លូវសាធារណៈនៃទីរួមខេត្តព្រះវិហារនោះ គឺបានបញ្ជាក់ថា ជាសកម្មភាពរបស់ក្រុម "រណសិរ្សរំដោះជាតិខ្មែរ" មានមេដឹកនាំឈ្មោះ សម សេរី នៅឯប្រទេសដាណឺម៉ាក។
នៅក្នុងខ្លឹមសារនៃខិត្តប័ណ្ណនោះបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិត ព្រះសង្ឃ និងមន្ត្រីរាជការ សាមគ្គីគ្នា ក្រោកឈរនៅទូទាំងប្រទេសដើម្បីរំដោះជាតិខ្មែរចេញពីអាណានិគមវៀតណាម និងផ្លាស់ប្ដូរចេញពីរបបដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ខិត្តប័ណ្ណនោះ បានហៅការដឹកនាំរដ្ឋាភិបាលដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន ថាគឺជារបបផ្ដាច់ការដែលធ្វើឱ្យប្រទេសជាតិកំពុងជួបគ្រោះមហន្តរាយ និងបាត់បង់ទឹកដីទៅឱ្យបរទេស។
មន្ត្រីរដ្ឋាភិបាលបានហៅសកម្មភាពនៃការបាចខិត្តប័ណ្ណនោះថា គឺអំពើវិទ្ធង្សនាសង្គម ឯការអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើចលនាផ្លាស់ប្ដូររបបដឹកនាំដែលផ្ទុយពីលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតទៀតនោះ គឺជាការក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញដែលប៉ះពាល់យ៉ាងខ្លាំងទៅដល់សន្តិសុខជាតិដែរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងជំរុញឱ្យមានការស៊ើបអង្កេតសកម្មភាពនោះ៖ «អារឿងហ្នឹងវាមិនមែនជារឿងសាមញ្ញធម្មតាទេ ដូច្នេះការិយាល័យស៊ើបអង្កេតខាងផ្នែកយោធាហ្នឹង គេនឹងស៊ើបអង្កេតតទៅទៀត»។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានឱ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងទីរួមខេត្តព្រះវិហារ បានប្រទះឃើញ និងរើសយកខិត្តប័ណ្ណដែលគេបាចចោលនោះមកអាន។ ពួកគេមានការភ្ញាក់ផ្អើលនៅពេលដឹងថា ខិត្តប័ណ្ណនោះមានការវាយប្រហាររដ្ឋាភិបាល។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បានមានប្រសាសន៍ថា បើតាមលោកដឹង គឺខិត្តប័ណ្ណដែលគេបាចនៅតាមដងផ្លូវមានរាប់រយសន្លឹក។
លោក ឡោ ច័ន្ទ បានបញ្ជាក់ថា ទោះយ៉ាងណា លោកមិនមានការចាប់អារម្មណ៍ចំពោះខិត្តប័ណ្ណនោះទេ៖ «នេះជារឿងនយោបាយ ១ផ្នែក ហើយ ១ផ្នែកទៀត ជារឿងបញ្ចេញទស្សនៈរបស់ជនអនាមិកដែលគាត់ឈឺចាប់ទៅនឹងរឿងអ្វីមួយ។ សិទ្ធិមនុស្ស មិនសូវមានចាប់អារម្មណ៍ណាស់ណាទៅលើអ្វីដែលជនអនាមិកបានបោះលិខិតពាសវាលពាសកាលតាមដងផ្លូវសាធារណៈនោះទេ»។
អាជ្ញាធរខេត្តព្រះវិហារ បានចាត់ទុកថា នេះគឺជាលើកដំបូងដែលមានសកម្មភាពបាចខិត្តប័ណ្ណ ប្រឆាំងរដ្ឋាភិបាលនៅខេត្តនេះ ពីព្រោះជាច្រើនឆ្នាំកន្លងមក គេពុំធ្លាប់ឃើញសកម្មភាពបាចខិត្តប័ណ្ណដូច្នេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។