មន្ត្រីនៅថ្នាក់ក្រោមជាតិប្រមាណ ៣០នាក់ មកពី ១៥រាជធានី ខេត្ត ក្រុង នៃក្របខ័ណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានហ្វឹកហ្វឺនពីតួនាទីជាអ្នកនាំពាក្យលើការគ្រប់គ្រងគ្រោះមហន្តរាយ។ មន្ត្រីជាន់ខ្ពស់នៃស្ថាប័នគ្រប់គ្រង គ្រោះមហន្តរាយបញ្ជាក់ថា ក្នុងនាមជាអ្នកនាំពាក្យគឺមានតួនាទីសំខាន់ណាស់ដើម្បីផ្ដល់កិច្ចសហការល្អជាមួយបណ្ដាញព័ត៌មាន។
ការបណ្ដុះបណ្ដាលនេះជាការជំរុញឲ្យមានអ្នកនាំពាក្យបន្ថែមពីនៅថ្នាក់មូលដ្ឋាន ជាពិសេសនោះ ពួកគេត្រូវដឹងពីរបៀបរាយការណ៍ និងផ្ដល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយ។
មន្ត្រីទទួលបន្ទុកគ្រប់គ្រងមហន្តរាយនៅថ្នាក់ជាតិឲ្យដឹងថា ការបង្កើតឲ្យមានអ្នកនាំពាក្យនៅថ្នាក់ក្រោមជាតិ លើជំនាញគ្រប់គ្រងគ្រោះមហន្តរាយនេះ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ហើយធ្វើយ៉ាងណាដើម្បីឲ្យព័ត៌មានដែលផ្ដល់នោះ សុក្រឹត ត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។
ការថ្លែងដូចនេះ របស់អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ ធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីជាអ្នកនាំពាក្យនៅថ្នាក់ក្រោមជាតិ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ក្នុងរាជធានីភ្នំពេញ។
លោក ប៉ុន ណារិទ្ធិ បន្តថា ការងារជាអ្នកនាំពាក្យនេះ សំខាន់ណាស់ ហើយក៏ត្រូវដឹងដែរថា តើត្រូវឆ្លើយតបដោយរបៀបណាជាមួយអ្នកកាសែតនៅពេលដែលដំណឹងត្រូវផ្សព្វផ្សាយជាសាធារណៈ។ លោកបន្តថា «ការដែលយើងជួបជាមួយនឹងសារព័ត៌មាន អ្នកកាសែតក្តី និងអ្នកទូរទស្សន៍ក្តី យើងត្រូវផ្ដល់ព័ត៌មានយ៉ាងម៉េច និងធ្វើយ៉ាងម៉េច ដើម្បីផ្ដល់នូវតួលេខសមស្រប។ យើងនិយាយពីឥរិយាបថរបស់យើង ក្នុងការធ្វើ។ អាហ្នឹងគេនិយាយអ៊ីចឹង។ នេះជាការគិតទុកជាមុនទេ ហើយនៅពេលដែលយើងរៀន យើងនឹងយល់ដឹង»។
លោក ប៉ុន ណារិទ្ធ ឲ្យដឹងថា មន្ត្រីដែលចូលរួមលើកិច្ចការអ្នកនាំពាក្យ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ មានមន្ត្រីនៅថ្នាក់ក្រោមជាតិមួយចំនួនអាចជាអភិបាលរងខេត្ត ឬមន្ត្រីខុទ្ទកាល័យខេត្តជាដើម។ សម្រាប់តួនាទីជាអ្នកនាំពាក្យនេះ នឹងត្រូវបណ្ដុះបណ្ដាលឲ្យបានគ្រប់ចំនួនទាំង ២៥រាជធានីខេត្តក្រុង ដើម្បីផ្ដល់កិច្ចសហការល្អជាមួយអ្នកកាសែត។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនេះ លោក ប៉ុន ណារិទ្ធ ថ្លែងថា គិតត្រឹមឆមាសទីមួយនៃដើមឆ្នាំ២០១៥នេះ ចំនួននៃខ្យល់កន្ត្រាក់កើនឡើង បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤ ប្រមាណ៥០ភាគរយ។ដោយឡែក ករណីរន្ទះបាញ់វិញ បានថយចុះ ក៏ប៉ុន្តែគេនៅពុំទាន់បានសិក្សាពីមូលហេតុ ជុំវិញរឿងនេះឲ្យបានពិតប្រាកដនៅឡើយទេ។
ពាក់ព័ន្ធតួនាទីជាអ្នកនាំពាក្យនៅតាមស្ថាប័នរដ្ឋមួយចំនួននេះ បើទោះជាបានបង្កើតឲ្យមានជាអ្នកនាំពាក្យហើយក៏ដោយចុះ ជាញឹកញយ ក្រុមអ្នករាយការណ៍ព័ត៌មាននៅតែប្រឈមមុខក្នុងការទទួលបានព័ត៌មាននៅឡើយ។
មានអ្នកកាសែតច្រើនណាស់ដែលត្រូវបានស្ដីបន្ទោសដោយភ្នាក់ងាររដ្ឋក្នុងតួនាទីជាអ្នកនាំពាក្យដោយគ្រាន់តែចង់ដឹងពីដំណឹងអ្វីមួយនៅពេលអ្នកសារព័ត៌មានបានទាក់ទងសុំសម្ភាសន៍សួរពីព័ត៌មានផ្សេងៗ។
បញ្ហាដែលដែលអ្នកកាសែតកាន់តែប្រឈមមុខទៀតនោះ ដូចជាសម្ភាសន៍តាមទូរស័ព្ទ ត្រូវផ្ដាច់ទូរស័ព្ទ ឬបិទទូរស័ព្ទជាដើម ឬឆ្លើយតបមកវិញថា ជាប់រវល់អីជាដើម។ មួយវិញទៀត បើមុននឹងឆ្លើយ គឺស្ដីបន្ទោសជាមុនសិន ឬឡែបខាយ ឌឺដងដោយហេតុផលផ្សេងៗ ក្រោយពេលឆ្លើយសំណួររបស់អ្នកកាសែត។
ស្ថិតក្រោមហេតុផលនេះ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ឃើញថា ជួនកាលអ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋណាមួយក៏អាចប្រឈមមុខដែរ ព្រោះពួកគេត្រូវធ្វើការដើម្បីអង្គភាព ហើយមានសម្ពាធមួយទៀតពីថ្នាក់លើរបស់ខ្លួន។ មានដំណឹងជាច្រើនលើសំណុំរឿងដែលអ្នកកាសែតត្រូវដឹង គឺកម្រជាដំណឹងវិជ្ជមានណាស់។ ហេតុនេះ វាជាបន្ទុកដែលអ្នកនាំពាក្យត្រូវដោះស្រាយចំពោះមុខ។
លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា ថ្លែងថា ការពិតនៅតាមស្ថាប័នរដ្ឋ គឺភារកិច្ច និងតួនាទីអ្នកនាំពាក្យនេះ សំខាន់ណាស់ ដែលមិនអាចខ្វះបានឡើយ។ លោកបន្តថា មានដំណឹងជាច្រើនដែលអង្គភាពនីមួយៗ ត្រូវផ្សព្វផ្សាយជាសាធារណៈ។ ហេតុនេះ តួនាទីអ្នកនាំពាក្យនេះ គឺជាកម្មវត្ថុដ៏ចម្បងដែលរដ្ឋត្រូវបំពេញកាតព្វកិច្ចក្នុងការឆ្លើយតបចំពោះតម្រូវការចំពោះមុខនេះ។ លោកបន្តថា «តួនាទីរបស់អ្នកនាំពាក្យហ្នឹង គឺសំខាន់ណាស់ដើម្បីពាំនាំនូវសមិទ្ធផល សកម្មភាពផ្សេងៗស្ដីពីការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងស្ថាប័នរបស់គាត់ជូនទៅដល់សាធារណជនទូទៅ»។
មន្ត្រីរៀបចំវគ្គបណ្ដុះបណ្ដាលលើជំនាញអ្នកនាំពាក្យសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ ឲ្យដឹងថា ការបង្កើតឲ្យមានអ្នកទទួលខុសត្រូវលើតួនាទីនេះ គឺដើម្បីឆ្លើយតបជាមួយអ្នកកាសែតឲ្យទាន់ពេលវេលា ក្នុងករណីជួបបញ្ហាលើការងារ គ្រោះមហន្តរាយនេះ។
គេរំពឹងថា ក្រោយសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធទទួលបានព័ត៌មាន ត្រូវបានរដ្ឋសភាអនុម័តក្នុងពេលខាងមុខ ប្រហែលជាអាចជួយផ្ដល់លទ្ធភាពបានទូលំទូលាយជាងមុនដល់អ្នកកាសែត ក្នុងការស្វែងរកព័ត៌មានពីស្ថាប័នរបស់រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
