មេ​ដឹក​នាំ​បក្ស​ធំៗ​ទាំង​ពីរ​យល់​ព្រម​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​១៤

ព្រះមហាក្សត្រ​បាន​ផ្ញើ​ព្រះរាជសារ​កោះ​អញ្ជើញ លោក ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​សហការី ២​រូប​រៀងៗ​ខ្លួន ចូល​រួម​កិច្ច​ប្រជុំ​ក្រោម​អធិបតីភាព​របស់​ព្រះអង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា នៅ​ព្រះបរមរាជវាំង។

0:00 / 0:00

អ្នក​វិភាគ​នយោបាយ ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​អះអាង​ថា កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​អាច​ជា​ចំណុច​ផ្ដើម​នៃ​បំបែក​ភាព​ទាល់ច្រក​ក្រោយ​ការ​បោះ​ឆ្នោត។

មេ​ដឹក​នាំ​កំពូល​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ឈ្នះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ប្រកាស​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះមហាក្សត្រ​នៅ​ចុង​សប្ដាហ៍​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​វិញ​ថា លោក​នឹង​ដឹក​នាំ​ប្រតិភូ​ពីរ​នាក់​ផ្សេង​ទៀត ចូល​រួម​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ។ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ពី​ប្រធាន​បទ​ដែល​លោក​គ្រោង​នឹង​ជជែក​ក្នុង​កិច្ច​ប្រជុំ​នោះ​ទេ។

ចំណែក លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​រួម​កិច្ច​ប្រជុំ​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះមហាក្សត្រ។ លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្នើសុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​រក​យុត្តិធម៌​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នេះ គ្រោង​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ធ្វើ​មហា​បាតុកម្ម ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ​មួយ ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះ​ឆ្នោត។ មហា​បាតុកម្ម​លើក​ទី​ពីរ រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា។

ពាក់ព័ន្ធ​ទៅ​នឹង​បាតុកម្ម​នេះ ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ធ្វើ​មហា​បាតុកម្ម​បី​ថ្ងៃ។ ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ធ្វើ​តែ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៥ កញ្ញា ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ប៉ុន្តែ​ហាម​ការ​ប្រមូល​ផ្តុំ និង​ការ​ស្នាក់​នៅ​ពេល​យប់​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​លើក​ហេតុ​ផល​ថា អាច​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សង្គម និង​សន្តិសុខ​ជាតិ។ ក្រសួង​មហាផ្ទៃ ក៏​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី១៦ និង​ថ្ងៃ​ទី១៧ ដោយ​លើក​ហេតុផល​ថា ចំ​ថ្ងៃ​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា ជា​ឱកាស​មួយ​អាច​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រក​ច្រក​ចេញ​នយោបាយ​មួយ ជា​ពិសេស​បញ្ហា​សំខាន់​របស់​ជាតិ។ លោក​បន្ត​ថា បញ្ហា​សំខាន់​ចំពោះ​មុខ គឺ​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត។

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​សប្ដាហ៍​មុន គ្រោង​នឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា នៅ​វិមាន​រដ្ឋសភា។ លទ្ធផល​ផ្លូវ​ការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។