តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីទៀត សូមឲ្យបំភ្លឺរឿងកងទ័ពប្រជាជនវៀតណាម គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី។
នេះជាសំណើលើកទី២ហើយ ដែលសមាជិកសភាបក្សប្រឆាំងរូបនេះ ចង់ឲ្យលោកនាយករដ្ឋមន្ត្រីបកស្រាយរឿងនេះឲ្យច្បាស់ ប៉ុន្តែលិខិតរបស់លោកលើកទីមួយមិនត្រូវបានលោក ហេង សំរិន ចារបញ្ជូនទេ ដោយហេតុផលថា ខុសទម្រង់ ឬមិនត្រូវតាមច្បាប់។
ចំពោះលិខិតលើកទី២ របស់លោក អ៊ុំ សំអាន ដែលលោកផ្ញើតាមរយៈរដ្ឋសភា កាលពីថ្ងៃទី០៤ ខែមីនា នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន ទើបសម្រេចបញ្ជូនបន្តទៅលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមីនា។
នៅក្នុងលិខិតនេះ លោក អ៊ុំ សំអាន បានលើកជាសំណួរ៣ ទៅលោក ហ៊ុន សែន ក្នុងនោះរួមមាន ហេតុអ្វីបានជាកងទ័ពប្រជាជនវៀតណាម ទទួលបានការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី? តើមានវត្តមានកងទ័ពប្រជាជនវៀតណាម នៅលើដីសម្បទានសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរី ឬទេ? សំណួរចុងក្រោយតើរាជរដ្ឋាភិបាលមានគម្រោងដកហូតដីសម្បទានសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរី ឬទេ?
លោក អ៊ុំ សំអាន ដែលកំពុងបំពេញភារកិច្ចមួយចំនួននៅសហរដ្ឋអាមេរិក មានប្រសាសន៍កាលពីថ្ងៃទី១០ មីនា ដោយរំពឹងថា ប្រមុខរដ្ឋាភិបាលនឹងឆ្លើយតបមកលោកវិញក្នុងអំឡុងពេលមួយស្របតាមមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា លិខិតអ្នកតំណាងរាស្ត្រត្រូវនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬសមាជិករដ្ឋាភិបាល ឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ។
លោក អ៊ុំ សំអាន៖ «ប៉ុន្តែកន្លងមករដ្ឋាភិបាលមិនដែលបានឆ្លើយតបតាមច្បាប់កំណត់នោះទេ លិខិតភាគច្រើនបំផុត ត្រូវឆ្លើយតបក្នុងរយៈពេលមួយខែ ៣ខែ ឬយូរជាងនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រឿងនេះសំខាន់ ទាក់ទងនឹងអាយុជីវិតរបស់ជាតិ ហើយប្រជាពលរដ្ឋក៏ចង់ដឹងរឿងហ្នឹង ខ្ញុំសង្ឃឹមថា លោក ហ៊ុន សែន ឆ្លើយតបរឿងនេះក្នុងពេលឆាប់ៗ»។
ដើមចមសំខាន់ដែល លោក អ៊ុំ សំអាន ដាក់សំណួរទៅលោក ហ៊ុន សែន នៅពេលនេះ ដោយផ្អែកលើព័ត៌មានដែលបានចុះផ្សាយលើសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ក្រោមចំណងជើងថា៖ «កងទ័ពប្រជាជនវៀតណាម គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចប្រហែល ៤ម៉ឺនហិកតារនៅខេត្តរតនគិរី»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
