តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កាលពីថ្ងៃទី២ ខែកុម្ភៈ ចោទ ប្រកាន់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ថា កំពុងរំលោភច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៩៦ និងមាត្រា ១៥០ ថ្មី ករណីមិនបញ្ជូនលិខិតរបស់អ្នកតំណាងរាស្ត្រទៅប្រមុខរដ្ឋាភិបាល។
លោកបន្តថា ប្រធានរដ្ឋសភាគ្មានសិទ្ធិបង្អាក់ ឬរារាំងការបញ្ជូនលិខិតរបស់អ្នកតំណាងរាស្ត្រនោះទេ៖ «តួនាទីរបស់ប្រធានរដ្ឋសភាគ្រាន់ជាអ្នកសម្របសម្រួលដើម្បីធ្វើយ៉ាងណាឲ្យលិខិតហ្នឹងទៅដល់ដៃរបស់រដ្ឋាភិបាល ហើយសម្របសម្រួលនៅពេលអង្គប្រជុំតែប៉ុណ្ណឹងឯង។ អត់មានសិទ្ធិអំណាចណាមួយដើម្បីបដិសេធមិនបញ្ជូនលិខិតរបស់អ្នកតំណាងរាស្ត្រនោះទេ ព្រោះការបដិសេធ ឬការដែលចុះហត្ថលេខាទៅលើលិខិតរបស់អ្នកតំណាងរាស្ត្រហ្នឹង ហើយផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង មិនមានន័យថា ប្រធានរដ្ឋសភាគាត់យល់ព្រម ឬមិនយល់ព្រមនោះទេ តែវាគ្រាន់តែជាការសម្រួលដើម្បីឲ្យលិខិតនោះទៅដល់លោក ហ៊ុន សែន ប៉ុណ្ណោះ»។
លិខិតរបស់លោក អ៊ុំ សំអាន ដែលលោក ហេង សំរិន មិនបានបញ្ជូនទៅលោក ហ៊ុន សែន នោះគឺជាលិខិតស្នើសុំឲ្យប្រមុខដឹកនាំរដ្ឋាភិបាលដកយកដីសម្បទានសេដ្ឋកិច្ចទំហំ ៤ម៉ឺនហិកតារក្នុងខេត្តរតនគិរី ដែលកំពុងគ្រប់គ្រងដោយកងទ័ពវៀតណាម មកវិញ។
លិខិតដដែលបញ្ជាក់ថា យោធាវៀតណាម គ្មានសិទ្ធិបោះទីតាំងទ័ពក្នុងទឹកដីកម្ពុជាឡើយ ហើយថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យកងទ័ពវៀតណាម ដូច្នេះ អាចនាំឲ្យកម្ពុជា បាត់បង់ទឹកដីទៅថ្ងៃអនាគត។
នេះជាលើកទីបីហើយដែលលោក ហេង សំរិន មិនបញ្ជូនលិខិតរបស់អ្នកតំណាងរាស្ត្រទៅកាន់លោក ហ៊ុន សែន ក្នុងចំណោមលិខិតស្នើផ្សេងៗទៀត ដូចជាការស្នើឲ្យមានការដកប្រាសាទអង្គរវត្តពីការគ្រប់គ្រងរបស់លោក សុខ គង់ និងសំណើឲ្យរដ្ឋាភិបាលផ្អាកការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
