អ.ស.ប​កំពុង​សិក្សា​លើ​ខ្លឹម​សារ​លិខិត​ស្នើ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​២៣​តុលា

ដោយ មាន ឫទ្ធិ
2017.10.25
អង់តូនីញ៉ូ ហ្គោទែរ៉េស ២០១៦ ៦២២ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្លែង​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។
Photo courtesy of UN.ORG

មន្ត្រី​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​បូរី​ញ៉ូវយ៉ក (New York) បញ្ជាក់​ឲ្យ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ថា ការិយាល័យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) បាន​ទទួល​លិខិត​ចំហ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៥៥​រួចហើយ។ អង្គការ​ទាំងនេះ បាន​រួម​គ្នា​ស្នើ​ឲ្យ​មានការ​កោះ​ប្រជុំ​បន្ទាន់​មួយ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​បច្ចុប្បន្ន។

មន្ត្រី​នាំ​ពាក្យ​រង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក ហ្វារហាន អាហ្ស៊ីស ហាក (Farhan Aziz Haq) បញ្ជាក់​ថា បច្ចុប្បន្ន ការិយាល័យ​របស់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កំពុង​សិក្សា​លើ​ខ្លឹមសារ​នៃ​លិខិត​ចំហ​មួយ​នេះ មុននឹង​ឈាន​ទៅ​សម្រេច​ថា នឹង​ត្រូវ​ចាត់​វិធានការ​បន្ទាប់​យ៉ាងណា​នោះ។ លោក​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​បញ្ហា​នេះ​ឡើយ។

អាស៊ីសេរី បាន​ផ្ញើ​សារ​អេឡិចត្រូនិក សួរ​ប្រទេស​ដែល​ជា​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី​២៤ តុលា ប៉ុន្តែ​មកទល់​ថ្ងៃ​ទី​២៥ តុលា ប្រទេស​ទាំងពីរ​នៅ​មិនទាន់​ឆ្លើយតប​ការ​ស្នើ​សុំ​របស់​អង្គការ​ទាំង ៥៥​នេះ​នៅឡើយ​ទេ។

អង្គការ​អន្តរជាតិ​ធំៗ​ចំនួន ៥៥ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា បាន​រួម​គ្នា​សរសេរ​លិខិត​ចំហ​ចំ​ទិវា​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្នើ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស ព្រមទាំង​ប្រធានាធិបតី​ប្រទេស​ដែល​ជា​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​បារាំង ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។

ក្នុង​លិខិត​ចំហ​នោះ អង្គការ​អន្តរជាតិ​ទាំង ៥៥ នេះ បាន​ទទូច​ឲ្យ​សហប្រធាន និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​នេះ បំពេញ​កាតព្វកិច្ច​ដ៏​សមស្រប​មួយ​របស់​ខ្លួន គឺ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ទាំងអស់​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​នីតិរដ្ឋ និង​រំលោភ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ និង​យ៉ាង​គំហុក​នៅ​កម្ពុជា។

គោលបំណង​នៃ​ការ​កោះ​ប្រជុំ​ឲ្យ​មាន​សន្និសីទ​អន្តរជាតិ​ឡើងវិញ​នេះ គឺ​ដើម្បី​ចាត់វិធានការ​រួមគ្នា ធ្វើ​យ៉ាង​ណា​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ ចំពោះ​ចំណាត់​ការ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លិខិត​បាន​ដកស្រង់​ជាពិសេស នូវ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នេះ ដោយ​សម្អាង​លើ​មាត្រា​២៩ ដែល​ចែងថា៖ «ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុព្វសិទ្ធិ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​យោង​តាម​សំណើ​របស់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សហប្រធាន​ទាំងពីរ នៃ​សន្និសីទ​ប៉ារីស​ស្ដីពី​កម្ពុជា ក្នុង​ករណី​ដែល​មាន​ការរំលោភ ឬ​គំរាមកំហែង​នឹង​មាន​ការរំលោភ​ដល់​កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ធ្វើការ​ពិគ្រោះ​គ្នា​ដ៏​សមស្រប​ជាបន្ទាន់ រាប់ទាំង​ជាមួយ​បណ្ដា​សមាជិក​សន្និសីទ​ក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ដើម្បី​ចាត់វិធានការ​សមស្រប​ធានា​ដល់​ការ​គោរព​ការសន្យា​ទាំងនេះ»

លិខិត​ដដែល​ក៏បាន​គូស​បញ្ជាក់​ថា ការ​បោះឆ្នោត​ជាតិ​គ្រោង​នឹង​ធ្វើ​នា​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​មិន​មានឱកាស​ទទួល​បាន​នូវ​ភាព​ស្របច្បាប់​ឡើយ ប្រសិនណាបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ នៅតែ​បន្ត​កើតមាន​ឡើងជា​ដដែល​នោះ។ លិខិត​សង្កត់​ធ្ងន់ៗ​ថា ការណ៍​នេះ តម្រូវ​ឲ្យ​មាន​នូវ​ជំហាន​ជា​ដំណោះស្រាយ​ឆ្លើយតប​ប្រកបដោយ​ឥទ្ធិពល ក្នុង​ការ​កែ​លម្អ​ស្ថានការណ៍​នេះ ដើម្បី​ឲ្យ​ការបោះឆ្នោត​នា​ពេល​ខាងមុខ​នេះ អាច​ចាត់ទុកថា បាន​ធ្វើឡើង​ប្រកបដោយ​ភាព​ត្រឹមត្រូវ មាន​ការ​ចូលរួម និង​រាប់បញ្ចូល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។