ជន​មិន​ស្គាល់​មុខ​លប​ចូល​ផ្ទះ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​កំពង់ចាម

ជន​មិន​ស្គាល់​មុខ​ម្នាក់ លប​ចូល​ផ្ទះ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បន្ទាប់​ពី​សកម្មជន​រូប​នោះ​បាន​ត្រឡប់​មក​ពី​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កាប់​សម្លាប់​ឆ្កែ​ម្ចាស់​ផ្ទះ​ចោល។

0:00 / 0:00

ហេតុការណ៍​លប​លួច​ចូល​ផ្ទះ​នេះ បាន​កើត​ឡើង​នៅ​ភូមិ​ឈើទាល ឃុំ​ផ្ដៅជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ១១ និង ៣០​នាទី​យប់ ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៣។ តែ​អាជ្ញាធរ​មូលដ្ឋាន​គិត​ថា ហេតុការណ៍​នេះ​ប្រហែល​ជា​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។

លោក កើត កាន់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សន្តិសុខ​ភូមិ​ឈើទាល ផង​នោះ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៣ ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​ចូល​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក។ លោក​មិន​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ចូល​ផ្ទះ​លោក​នោះ​ទេ ព្រោះ​ពេល​លោក​បើក​ទ្វារ​ចេញ​មក​មើល​ជន​នោះ​បាន​រត់​ចេញ​ផុត​ពី​របង​ផ្ទះ​របស់​លោក​ទៅ​ហើយ។

លោក​បាន​និយាយ​ថា ជន​មិន​ស្គាល់​មុខ​នោះ​បាន​ប្រើ​កាំបិត​កាប់​ឆ្កែ​របស់​លោក​ងាប់​មួយ​ក្បាល ហើយ​នៅ​ពេល​ដែល​លោក​បើក​ទ្វារ​ចេញ​មក​មើល ជន​នោះ​បាន​រត់​ដល់​របង​ផ្ទះ ហើយ​យក​កាំបិត​កាប់​មែក​ឈើ​នៅ​មុខ​ផ្ទះ​របស់​លោក​មុន​នឹង​រត់​ចេញ​ទៅ។ លោក​បន្ត​ថា តាំង​ពី​ដើម​មក ពុំ​ធ្លាប់​មាន​ជន​ណា​ចូល​ផ្ទះ​របស់​លោក​អ៊ីចឹង​ទេ ហើយ​លោក​ក៏​គ្មាន​ជម្លោះ​អ្វី​ជា​មួយ​អ្នក​ណា​ដែរ តែ​គ្រាន់​តែ​មួយ​រយៈពេល​នេះ​លោក​ចូលរួម​ច្រើន​ក្នុង​សកម្មភាព​នយោបាយ៖ «សង្គ្រោះ​ជាតិ​ដាក់​ផ្លាក​មុខ​ផ្ទះ​ហ្នឹង ​ម្សិលមិញ​ខ្ញុំ​ដើរ​ជាមួយ​សកម្មជន​គណបក្ស សម រង្ស៉ី ដែរ ហើយ​កាល​ពី​ពេល​ថ្ងៃ ខ្ញុំ​ទៅ​ធ្វើ​អ៊ីៗ​ជាមួយ​បក្ស​ទៀត»

បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង លោក កើត កាន់ បាន​ជូន​ដំណឹង​ដល់​មេ​ភូមិ​ឈើទាល និង​ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្ដៅជុំ ដើម្បី​អោយ​បាន​ដឹង​ពី​ហេតុការណ៍​នេះ។ លោក​និយាយ​ថា ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្ដៅជុំ លោក ឆៃ កឹមឈុន បាន​បញ្ជូន​នគរបាល​ឃុំ​មួយ​ចំនួន​មក​ផ្ទះ​របស់​លោក​ដើម្បី​ពិនិត្យ​មើល៖ «ខ្ញុំ​ប្រាប់​អស់​ហើយ​ប៉ូលិស មេ​ប៉ុស្តិ៍​ប្រាប់​ហើយ តែ​អត់​ឃើញ​គេ​មក​អើពើ គ្រាន់​តែ​បាន​មក​មើល​មួយ​ភ្លែត​ជិះ​ទៅ​វិញ​អស់»

មេ​ភូមិ​ឈើទាល លោក ចក លៀន ដែល​បាន​ចុះ​ពិនិត្យ​មើល​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​មិន​ដឹង​ថា​មូលហេតុ​ពិត​ប្រាកដ​វា​យ៉ាងណា​នោះ​ទេ ហើយ​លោក​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ភ្លាមៗ ថា​ជា​រឿង​អ្វី​អោយ​ពិត​ប្រាកដ​ដែរ។ តែ​លោក​មាន​ប្រសាសន៍​ថា ពី​មុន​មក​លោក​ក៏​មិន​ដែល​ឃើញ​ម្ចាស់​ផ្ទះ​លោក កើត កាន់ ធ្លាប់​មាន​ជម្លោះ​ជាមួយ​អ្នកណា​ទេ៖ «មិន​ដឹង​ថា​ម៉េច​អោយ​ត្រូវ​ទេ ថា​អត់​ត្រូវ​ទេ ថា​នយោបាយ​ទៅ​ក្រែងលោ ថា​ខ្ញុំ​ស្អប់​បុគ្គល​អី​ទៀត»

ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្ដៅជុំ លោក កឹមឈុន បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​លោក​មិន​អាច​ឃាត់​ខ្លួន​នរណា​ម្នាក់​បាន​ទេ ព្រោះ​មិន​មាន​អត្តសញ្ញាណ​ច្បាស់​លាស់។ លោក​ថា​លោក​នឹង​បន្ត​ស៊ើប​អង្កេត​ពី​បញ្ហា​នេះ។ តែ​លោក​សន្និដ្ឋាន​ថា នេះ​ប្រហែល​ជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

លោក ឆៃ កឹមឈុន៖ «រឿង​អស់​នេះ​ខ្ញុំ​មើល​ទៅ​ដូច​ជា​វា​មិន​មាន​ពាក់ព័ន្ធ​ដល់​ខាង​អ៊ីចឹង (នយោបាយ) ទេ​មើល​ទៅ ព្រោះ​កន្លង​មក​វា​មាន​ដែរ​រឿង​ទាក់​ឆ្កែ បើ​វា​មិន​ដែល​សោះ​យើង​ចាត់​ទុក​ថា​វា​ពាក់ព័ន្ធ តែ​កន្លង​មក​វា​មាន»

ដូច​គ្នា​ទៅ​នឹង​មេ​ភូមិ​ឈើទាល លោក ចក លៀន ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្ដៅជុំ លោក ឆៃ កឹមឈុន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​ឃើញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កើត កាន់ មាន​បញ្ហា​អ្វី​ជាមួយ​អ្នក​ស្រុក​អ្នកភូមិ​ពី​មុន​មក​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។