អភិបាលខេត្តកោះកុង ថ្លែងថា ទូកនេសាទជនជាតិចិន ចំនួន ១៨គ្រឿង ដែលសមត្ថកិច្ចកម្ពុជា ចាប់បានពេលចូលមកក្នុងដែនសមុទ្រកម្ពុជា កាលពីពាក់កណ្ដាលខែសីហា អាជ្ញាធរខេត្តបានបញ្ជូនសំណុំរឿងនេះដាក់ជូនថ្នាក់ដឹកនាំថ្នាក់លើអនុវត្តតាមនីតិវិធីច្បាប់រួចហើយ ប៉ុន្តែមិនទាន់មានលទ្ធផលទេ។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិលស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល ត្រូវមានវិធានការតាមផ្លូវច្បាប់ឲ្យបានត្រឹមត្រូវចំពោះការរំលោភដែនអធិបតេយ្យសមុទ្រកម្ពុជា ពីសំណាក់បរទេស។
អភិបាលខេត្តកោះកុង លោក ប៊ុន លឺត មិនធ្វើអត្ថាធិប្បាយច្រើនទេ នៅថ្ងៃពុធ ទី៣១ ខែសីហា ទៅលើជោគវាសនារបស់កប៉ាល់នេសាទជនជាតិចិន ចំនួន ១៨គ្រឿង ដែលសមត្ថកិច្ចគ្រប់គ្រងលំហសមុទ្រកម្ពុជា ចាប់បានពេលចូលមកក្នុងដែនសមុទ្រកម្ពុជា កាលពីពាក់កណ្ដាលខែសីហា។ លោកបញ្ជាក់ថា កប៉ាល់ចិនទាំង ១៨គ្រឿង ត្រូវអាជ្ញាធររក្សាទុកនៅខេត្តកោះកុង ដោយរង់ចាំថ្នាក់លើមានដំណោះស្រាយ ហើយអាជ្ញាធរខេត្តក៏បានជូនដំណឹងនេះទៅថ្នាក់លើរួចហើយដែរ ដោយរង់ចាំតែលទ្ធផលតែប៉ុណ្ណោះ៖ «យើងបានធ្វើរបាយការណ៍ និងរាយការណ៍ជូនថ្នាក់លើដើម្បីជម្រាបជូនទៅស្ថានទូតចិនបានដឹង។ ទូកនេសាទចិន ទាំងនោះ មានចំនួន ១៨គ្រឿង ហើយក្នុងកប៉ាល់មួយគ្រឿងមានជនជាតិចិន ចំនួន ២នាក់។ ឧបករណ៍នៅលើកប៉ាល់ទាំង ១៨គ្រឿងនោះមានមងដែលជាឧបករណ៍នេសាទ»។
អភិបាលខេត្តកោះកុង លោក ប៊ុន លឺត ឲ្យដឹងទៀតថា កប៉ាល់ទាំង ១៨គ្រឿង មានជនជាតិចិន ចំនួន ២នាក់ ធ្វើការនៅលើកប៉ាល់នីមួយៗ គឺសរុបមានជនជាតិចិនចំនួន ៣៦នាក់ ត្រូវសមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួន។
យ៉ាងនេះក្តី លោក ប៊ុន លឺត មិនធ្វើអត្ថាធិប្បាយច្រើនទេ ដោយរង់ចាំលទ្ធផលដោះស្រាយរបស់ថ្នាក់ដឹកនាំទៅលើការចាប់កប៉ាល់នេសាទចិន ទាំង ១៨គ្រឿង ដែលចូលមកក្នុងដែនសមុទ្រកម្ពុជា នាខេត្តកោះកុង កាលពីពាក់កណ្ដាលខេត្តសីហា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលតាមឃ្លាំមើលការចាប់កប៉ាល់នេសាទជនជាតិចិនចំនួន ១៨គ្រឿងនេះដែរ ថ្លែងថា អាជ្ញាធរត្រូវអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីជៀសវាងទូកនេសាទបរទេសអាចចេញចូលមកក្នុងដែនសមុទ្រនៃប្រទេសកម្ពុជា តាមអំពើចិត្តដូចពេលនេះ។
លោកថា សព្វថ្ងៃនេះ ក្រៅពីកប៉ាល់នេសាទចិន ដែលទើបបង្ហាញវត្តមានថ្មីនៅលើលម្ហសមុទ្រកម្ពុជា កន្លងមក គឺមានកប៉ាល់ ឬទូកនេសាទរបស់ជនជាតិវៀតណាម និងថៃ ច្រើនសន្ធឹកសន្ធាប់ បានចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា យ៉ាងអនាធិបតេយ្យ ដោយប្រើឧបករណ៍នេសាទខុសច្បាប់ ហើយគ្មានអាជ្ញាធរបង្ក្រាបទេ៖ «កំពុងតាមដានថា តើនីតិវិធីរៀបចំដោះស្រាយទៅលើការចាប់កប៉ាល់ចិនទាំង ១៨គ្រឿងហ្នឹង វាជានីតិវិធីដោះលែងកប៉ាល់នេសាទហ្នឹងឲ្យរួចទៅវិញ ឬមួយក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋគ្រប់គ្រង»។
មន្ត្រីអង្គការលីកាដូ ខេត្តកោះកុង ឲ្យដឹងថា នេះជាលើកទី១ហើយដែលទូកនេសាទជនចិន បានចូលមកដល់ដែនកម្ពុជា នាខេត្តកោះកុង ហើយត្រូវសមត្ថកិច្ចលម្ហសមុទ្រចាប់បាន។
លោក ប៊ុន លឺត អភិបាលខេត្តកោះកុង បានឲ្យដឹងថា ក្រោយកម្លាំងសមត្ថកិច្ចចាប់ឃាត់កប៉ាល់នេសាទជនជាតិចិន បានភ្លាម គឺបានជូនដំណឹងទៅថ្នាក់លើដើម្បីមានវិធានការបន្ត ប៉ុន្តែមកដល់ថ្ងៃទី៣១ ខែសីហា មិនទាន់មានការឆ្លើយតបបែបណា ឬមានលទ្ធផលអ្វីនោះទេ។
ករណីនេះ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣០ ខែសីហា ថា ការចាប់កប៉ាល់ចិនទាំង ១៨គ្រឿង ដោយអាជ្ញាធរខេត្តកោះកុង នេះ រដ្ឋាភិបាលកំពុងធ្វើការងារនេះ ជាមួយភាគីស្ថានទូតចិនហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។
អ្នកតំណាងស្ថានទូតចិន លោក ចេង ហុងប៉ (Cheng Hongbo) ក៏បាននិយាយប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ លើរឿងនេះថា ទូកនេសាទចិន ដែលចូលមកដែនទឹកកម្ពុជា ដោយសារមានបញ្ហាបច្ចេកទេស និងអាកាសធាតុមិនអំណោយផល។ ទូកទាំងនោះនឹងចាកចេញពីកម្ពុជា នៅពេលដែលជួសជុលរួច។ ការដែលថា ទូកទាំងនេះចូលមកនេសាទខុសច្បាប់ជាការយល់ច្រឡំទេ។
គិតមកដល់ម៉ោងជាង ៦ល្ងាចថ្ងៃពុធ ទី៣១ ខែសីហា អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញការចាប់ទូកនេសាទចិន ទាំង ១៨គ្រឿង ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្របាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
